ក្រុងណៃពិដោ: រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានជួបជាមួយលោកស្រី អ៊ុង សានស៊ូជី នៅក្នុងរដ្ឋធានីរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យមានវិធានការមួយស្តីពីបញ្ហាវិបត្តិរ៉ូហ៊ីងយ៉ា ខណៈប្រទេសនេះ បានប្រឈមជាមួយការកើនឡើងនៃសម្ពាធ ដើម្បីឲ្យដាក់ទណ្ឌកម្មលើក្រុមកងទ័ពណា ដែលបានរងការចោទប្រកាន់ បានប្រព្រឹត្តអំពើសាហាវឃោរឃៅលើក្រុមជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
លោក Johnson បានពិភាក្សាជាមួយមេដឹកនាំរបស់មីយ៉ាន់ម៉ា ដែលកំពុងហ៊ុមព័ទ្ធដោយបញ្ហានេះ ដែលកិត្តិសព្ទធ្លាប់មានភាពល្បីល្បាញនៅក្នុងចំណោមសហគមន៍អន្តរជាតិនោះ បានធ្លាក់ចុះខ្សោយជុំវិញបញ្ហាការដោះស្រាយវិបត្តិនេះ នៅក្នុងក្រុងណៃពិដោ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោកនៅទ្វីបអាស៊ី។
កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Johnson ទៅកាន់ជំរំជនភៀសខ្លួននៅក្នុងស្រុក កូបាហ្សារនៅបង់ក្លាដែស ជាទីដែលក្រុមជនរ៉ូហ៊ីងយ៉ាជិត ៧០ ម៉ឺននាក់ បានស្វែងរកការជ្រកកោននៅទីនោះនៅក្នុងតំបន់តាំងលំនៅអនាធិបតេយ្យចាប់តាំងពីមានការបង្ក្រាបពី របបយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋរ៉ាក់ឃីនភាគខាងជើង កាលពីខែសីហា ឆ្នាំមុន។
អង្គការសហប្រជាជាតិបានចោទប្រកាន់មីយ៉ាន់ម៉ាពីបទបង្ខំក្រុមជនភាគតិចឲ្យធ្វើដំណើររត់ភៀសឆ្លងដែនអំឡុងយុទ្ធនាការបោសសម្អាតពូជសាសន៍មួយ។ អង្គការ «គ្រូពេទ្យគ្មានព្រំដែន» (MSF) បានឲ្យដឹងថា ជនរ៉ូហ៊ីងយ៉ា ៦៧០០ នាក់ ស្លាប់អំឡុងខែទីមួយនៃអំពើហិង្សា៕