ក្រុង​វ់ាស៊ីនតោនៈ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​លោក ​Mark Esper ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ស្នើ​ឲ្យ​អ៊ី​រ៉ង់​ងាក​មក​រក​តុ​ចរចា​ជា​មួយ​អាមេរិក​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​​​ឈូង​សមុទ្រ​។​

​លោក​ Esper ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ផ្លូវការ​លើក​ដំបូង​របស់​លោក​ ក្រោយ​ពី​បាន​បញ្ជាក់​អះអាង​កាល​ពី​ខែ​មុន​ថា៖ «​យើង​មិន​មែន​កំពុង​ស្វែង​រក​ជម្លោះ​ជា​មួយ​អ៊ី​រ៉ង់​នោះ​ទេ​។ ​យើង​ចង់​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​តាម​រយៈ​ការ​ទូត​»​​។​

​លោក​បាន​ថ្លែង​ថា៖ «​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​ថ្លែង​ម្តង​ទៀត​ថា ​លោក​មាន​ឆន្ទៈ​ចង់​ជួប​ជា​មួយ​ក្រុម​មេ​ដឹក​នាំ​របស់​អ៊ី​រ៉ង់​»​។​ «​យើង​សង្ឃឹម​ថា​ ក្រុម​មេដឹក​នាំ​អ៊ី​រ៉ង់​នឹង​យល់​ព្រម​ជួប​និង​ពិភាក្សា​ ហើយ​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ទាំង​នេះ​»​។​

នៅ​ឯ​កិច្ច​ប្រជុំ​ G7 ​នៅ​ក្រុង​ប៊ី​អារីត​ នៅ​ប្រទេស​ បារាំង​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក ​ត្រាំ​ ដែល​រដ្ឋាភិបាល​របស់​លោក​ បាន​ស្វះ​ស្វែង​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​តេអេរ៉ង់ ​បាន​បង្ហាញ​មិនមាន​​ការ​រឹតត្បិត​ចំពោះ​ដំណើរ​នៃ​ជំនួប​កំពូល​មួយ​ របស់​លោក​ប្រធានា​ធិបតី​បារាំង​ អេម៉ានុយ​អែល​ ម៉ាក្រុង ​ជា​មួយ​សម​ភាគី​អ៊ី​រ៉ង់​របស់​លោក ​គឺ​លោក​ ហាហ្សាន ​រូ​ហានីនោះ​​៕ SK​