បុរីញូវយ៉ក: អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ចំពោះការកើនឡើងនៃភាពតានតឹងបង្កឡើងដោយអំពើហិង្សានៅក្នុងដែនដី Ghouta ភាគខាងកើតនៅស៊ីរីបន្ទាប់ពីជនស៊ីវិលជាង ១០០ នាក់ បានស្លាប់ក្នុងអំឡុងការវាយប្រហារផ្លូវអាកាសនៅថ្ងៃទី ២ ទៀត។
លោក Guterres បានជំរុញឲ្យគ្រប់ភាគីទាំងអស់ប្រកាន់នូវគោលការណ៍ច្បាប់មនុស្សធម៌ជាមូលដ្ឋាន រួមទាំងការការពារជនស៊ីវិលផង។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានថ្លែងថា៖ អគ្គលេខាធិការ បានបង្ហាញក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងភាពតានតឹង នៃស្ថានភាពនៅក្នុងតំបន់ Ghouta នៅភាគខាងកើត និងកត្តាជះឥទ្ធិពលប្រកបដោយមហាវិនាសកម្មទៅលើក្រុមជនស៊ីវិល»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា ការវាយប្រហារផ្លូវអាកាសពីសំណាក់កងទ័ពស៊ីរី និងរុស្ស៊ី បានប៉ះពាល់ទៅលើតំបន់ Ghouta ត្រួតត្រាដោយក្រុមឧទ្ទាម ហើយមានមនុស្សយ៉ាងតិច ១០៦ នាក់ ស្លាប់ ដែលនៅក្នុងនោះមានក្មេង ១៩ នាក់ផង។ កាលពីថ្ងៃចន្ទ ពលរដ្ឋស៊ីរី ១២៧ នាក់ ត្រូវបានសម្លាប់។
លោក Dujarric បានថ្លែងថា៖ «មនុស្សជិត ៤០ ម៉ឺននាក់នៅក្នុងតំបន់ Ghouta ភាគខាងកើត បានរងការវាយប្រហារផ្លូវអាកាស គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក»។
លោក បានបន្ថែមថា ដោយត្រូវបានកងទ័ពរដ្ឋាភិបាលស៊ីរីហ៊ុមព័ទ្ធមក ក្រុមពលរដ្ឋនៅក្នុងតំបន់ Ghouta ភាគខាងកើត «កំពុងរស់នៅក្រោមស្ថានភាពដ៏ពិបាកបំផុតរួមទាំងបញ្ហាកង្វះអាហារផងដែរ»។
លោក Guterres បានរំឭកថា តំបន់ Ghouta ភាគខាងកើតត្រូវបានរុស្ស៊ី អ៊ីរ៉ង់ និងតួកគីកំណត់ធ្វើជាតំបន់សុវត្ថិភាព ហើយថា លោកបានរំឭកគ្រប់ភាគីអំពីការប្តេជ្ញារបស់ពួកគេពីបញ្ហានេះ»។
ស្របពេលនេះដែលកិច្ចចរចាកំពុងបន្តនៅក្រុមប្រឹក្សាសន្តិសុខអង្គ្ការសហប្រជាជាតិស្តីអំពីពង្រាងសេចក្តីសម្រេចទាមទារឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ៣០ ថ្ងៃ ដើម្បីបើកផ្លូវឲ្យបញ្ជូនជំនួយមនុស្សធម៌ជាបន្ទាន់៕