ក្រុង​បាងកក៖ ​រដ្ឋាភិបាល​ថៃ​កាល​ពី​ថ្ងៃ​ពុធ​បាន​ថ្លែង​ការពារ​គម្រោង​កម្ចី​ប្រាក់​របស់​ខ្លួន​ប្រហែល ​១ ​ពាន់​ពាន់​លាន​បាត​ ដើម្បី​ជួយ​ប្រជាជន​​ដែល​​ប៉ះពាល់ ​ដោយសារ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​ និង​កែ​លម្អ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ស្តារ​សន្តិសុខ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើង​វិញ​។​

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុធ​ ចាន-​អូចា​ បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ទាមទារ​ឲ្យ​មាន​គម្រោង​ប្រាក់​កម្ចី​នេះ​ វា​នឹង​មិន​ប៉ះពាល់​ដល់​បំណុល​សាធារណៈ​របស់​ប្រទេស​ទេ​​ និង​​​រដ្ឋាភិបាល​អនុវត្ត​តាម​ច្បាប់​បំណុល​សាធារណៈ និង​វិន័យ​ហិរញ្ញវត្ថុ​​​»​។​

លោក ​ប្រាយុធ​ ចាន-​អូ​ចា​ បាន​​ថ្លែង​សុន្ទរកថា​នៅ​ឯ​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ច​ពិភាក្សា​រយៈពេល ​៣ ​ថ្ងៃ​ស្តីពី​ក្រឹត្យ​​ ៣ ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គាំទ្រ​គម្រោង​យុវនិតិសម្បទា​ជំងឺ​កូវីដ ​១៩​ របស់​ខ្លួន​។​

ពួក​គេ​បាន​បញ្ចូល​ក្រឹត្យ​មួយ​ ដើម្បី​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ខ្ចី​ប្រាក់​ប្រហែល​ ១ ពាន់​ពាន់​លាន​បាត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​​សង្គម​​ដោយសារ​ផល​ប៉ះពាល់​ពី​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​ ហើយ​ក្រឹត្យ​មួយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ទៅ​ឲ្យ​ក្រុម​អ្នក​​ប្រតិបត្តិការ​អាជីវកម្ម​ដែល​​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ និង​ក្រឹត្យ​មួយ​ទៀត​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ ​និង​ស្តារ​​សន្តិសុខ​សេដ្ឋកិច្ច​ឡើង​វិញ​។​

លោក ​ប្រាយុធ ​ចាន-​អូចា​ បាន​ថ្លែង​ថា ​សូម្បី​តែ​នៅ​ពេល​ដែល​ការ​រាប់​ចំនួន​ប្រាក់​កម្ចី​ថ្មី​នេះ​ ប្រាក់​កម្ចី​សាធារណៈ នឹង​ឈាន​ដល់​ចំនួន​ត្រឹម​តែ​ ៥៧,៦ ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)​ ដែល​នៅ​តែ​ស្ថិត​នៅ​ក្រោម ​៦០ ភាគរយ​។ ​លោក ​ប្រាយុធ ចាន-​អូ​ចា​ បាន​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​ពិត​ណាស់​ នឹង​អាច​មាន​សមត្ថភាព​រៀបចំ​ និង​សង​​បំណុល​ទាំង​នេះ​វិញ​ ហើយ​ជា​ថ្មី​ម្តង​ទៀត​ ខ្ញុំ​បាន​ទាមទារ​ឲ្យ​ចេញ​ក្រឹត្យ​ទាំង​នេះ​ ជា​បន្ទាន់ ​និង​មិន​អាច​ខាន​បាន​»​។​

លោក ​ប្រាយុធ ​បាន​ថ្លែង​ថា ​គម្រោង​ប្រាក់​កម្ចី​លម្អិត​មួយ​ត្រូវ​បាន​អនុម័ត ​ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​សន្យា​កម្ចី​ទាំង​អស់​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដោយ​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី ​៣០ ​ខែ​កញ្ញា​ឆ្នាំ​ក្រោយ​នេះ​។​ គោលការណ៍​ណែនាំ​ជា​ច្រើន​ស្តីពី​ការ​ចំណាយ​ថវិកា​នោះ​ ត្រូវ​បាន​ព្រាង​ ដើម្បី​ធានា​ឲ្យ​មាន​វិន័យ​ល្អ​​អនុវត្ត​យ៉ាង​ត្រឹមត្រូវ។​

លោក ​ប្រាយុធ ​បាន​ថ្លែង​ថា ​រួម​ជាមួយ​​​ប្រភព​ជា​ច្រើន​ផ្សេង​ទៀត​​​នៃ​​ថវិកា​នេះ​​ ទឹក​ប្រាក់​ប្រហែល ​៤៥ ​ពាន់​លាន​បាត​ នឹង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​មន្ទីរពេទ្យ​ និង​ការងារ​សុខាភិបាល​សាធារណៈ​​​ទាក់ទង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ ​១៩​​​​ និង​ ​៥៥៥ ​ពាន់​លាន​បាត​ ​ត្រូវ​​ផ្តល់​​ជំនួយ​ដល់​កសិករ​ និង​ក្រុម​អ្នក​ប្រតិបត្តិការ​​អាជីវកម្ម៕ BKP/SK