តម្លៃ​ប្រេង​បាន​ឡើង​ខ្ពស់​ជាង ៧០ ដុល្លារ ​ក្នុង ១ បារ៉ែល ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៤ ខែ ​បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ី ​សាអ៊ូឌីត ដែល​ជា​​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ជាង​គេ​ក្នុង​ពិភព​លោក ប្រកាស​ថា​កន្លែង​ស្តុក​ប្រេង​មួយ​របស់​ពួក​គេ​ត្រូវ​បាន​រង​ការ​វាយប្រហារ​ពី​ក្រុម Houthis កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ មីនា។

ក្រសួង​ថាមពល​អារ៉ាប៊ី សាអ៊ូឌីត បាន​និយាយ​ថា អាង​ស្តុក​ប្រេង​នៅ​កំពង់ផែ Ras Tanura រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​ដ្រូន និង​គ្រាប់​មីស៊ីល​បាលីស្ទិក តែ​មិន​បាន​បង្ក​ការ​បាត់​បង់​ជីវិត ឬ​ធ្វើ​ឱ្យ​រង​របួស​ទេ។ អ្នក​នាំពាក្យ​ក្រុម Houthis ១ រូប បាន​ប្រកាស​ថា ក្រុម​ពួក​គេ​គឺ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ៕