ក្រុង​តេអេរ៉ង់ៈ ​ទីប្រឹក្សា​ការទូត​ម្នាក់​របស់​ប្រធានាធិបតី​បារាំង ​លោក​ អេម៉ានុយអែល ម៉ាក្រុង​ បាន​រៀបចំ​កិច្ច​ពិភាក្សា​នៅ​ក្រុង​តេអេរ៉ង់ ​កាល​ពី​ថ្ងៃ​ពុធ​ ដែល​មាន​បំណង​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ និង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ ​និង​អាមេរិក​។​

លោក​ EmmanuelBonne ​បាន​ជួប​ជាមួយ​លោក ​Rear-Admiral ​Ali Shamkhani ​ជា​រដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​កំពូល​អ៊ីរ៉ង់​ ហើយ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​ម៉ូហាម៉ាដ​ ចាវ៉ាដ​ ហ្សារិហ្វ​ កាល​ពី​ថ្ងៃ​ពុធ​។​

យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​លោក Jean-​Yves ​Le ​​Drian ​បាន​ឲ្យ​ដឹង​ថា ​បេសកកម្ម​របស់​លោក​ Bonnes ​គឺ ​«ព្យាយាម​ហើយ​​បើក​ចំហ​ការ​ចរចា ​ដើម្បី​បញ្ចៀស​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ឬឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង​ដែល​មិន​អាច​គ្រប់គ្រង​បាន​​»​។​

កិច្ច​ព្រមព្រៀង​រវាង​អ៊ីរ៉ង់ ​និង​ក្រុម​ប្រទេស​មហា​អំណាច​ពិភព​លោក ​ជា​ផែនការ​សកម្មភាព​រួម​យ៉ាង​ទូលំទូលាយ ​(JCPOA) ដែល​បាន​សន្យា ដក​ទណ្ឌកម្ម​ និង​ផ្តល់ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​បញ្ចប់​ការ​ផ្តាច់​ខ្លួន​ពី​អន្តរជាតិ ​ជា​ថ្នូរ​​នឹង​ការ​រឹតត្បិត​នៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ិស្លាម​នេះ​។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស្សាន រូហានី (ស្តាំ) ជួប​ជាមួយ​លោក Emmanuel Bonne (ឆ្វេង)។ AFP

ប៉ុន្តែ​ក្រុង​តេអេរ៉ង់ ​បាន​ថ្លែង​ថា​ ខ្លួន​បាន​បាត់បង់​ការ​អត់ធ្មត់​ ​ដោយសារ​ការ​មិន​​អើពើ​របស់​​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​អស់​រយៈពេល​ជាង ​១ ឆ្នាំ ​ក្រោយ​ពី​​លោក​ប្រធានាធិបតី​​អាមេរិក ដូណាល់​ ត្រាំ ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ជា​ឯកតោ​ភាគី​មក​នោះ​។​

ក្រុម​​ប្រទេស​នៅ​អឺរ៉ុប​ នឹង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រមុខ​ការទូត​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​​សប្តាហ៍​ក្រោយ​នេះ​ ដែល​បាន​ធ្វើ​ការ​​អំពាវនាវ​ឲ្យ​ក្រុង​តេអេរ៉ង់ ​បញ្ចៀស​ការ​បំពាន​កិច្ច​ព្រមព្រៀង​នោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ពី​សហភាព​អឺរ៉ុប​ និង​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ អាល្លឺម៉ង់​ និង​អង់គ្លេស​ បាន​ថ្លែង​ថា​៖ «​អ៊ីរ៉ង់​ត្រូវ​តែ​អនុលោម​ទៅ​តាម​កិច្ច​ព្រមព្រៀង​នោះ​ ដោយ​គោរព​តាម​ផែនការ​របស់​ JCPOA ​ឲ្យ​បាន​ពេញលេញ​ដោយ​គ្មាន​ការ​ពន្យារពេល​ជា​ដាច់​ខាត​»​។​

រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ លោក Ali Shamkhani (ស្តាំ) ជួប​ជាមួយ​លោក Emmanuel Bonne​។​ AFP

យោង​តាម​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) ​បាន​ឲ្យ​ដឹង​ថា​ អ៊ីរ៉ង់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ​ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បំពាន ​២ ​ចំណុច ​ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុម​អធិការកិច្ច​​នោះ​។​

លោក​ Bonne ​បាន​ទៅ​ដល់​ក្រុង​តេអេរ៉ង់​ ក្រោយ​ពី​អ៊ីរ៉ង់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​បាន​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​លើស​ចំនួន ​៤,៥ ​ភាគរយ​ លើស​ពី​ចំនួន​កំណត់ ​៣,៦៧ ​ភាគរយ​ ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ​​ ទោះ​បី​ជា​ចំនួន​តិច​ជាង ​៩០ ​ភាគរយ​ ចាំបាច់​សម្រាប់​ប្រើប្រាស់​ក្នុង​គោល​បំណង​យោធា​ក្តី​។​

ទីភ្នាក់ងារ ​IAEA ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស អ៊ីរ៉ង់ ​បាន​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​លើស​ចំនួន​កំណត់​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​កក្កដានេះ​ ក្រុង​តេអេរ៉ង់ ​បាន​បញ្ជាក់​ជា​ថ្មី​ថា ​ខ្លួន​បាន​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​លើស​ចំនួន ​៣០០ គីឡូ​ក្រាម​ លើស​ពី​ចំនួន​កំណត់​ផ្សេង​ទៀត​ដែល​ខ្លួន​​បាន​បំពាន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​៕ AFP/SK