ថ្វីបើ​មាន​ការស្នើ​ពី​បណ្ដា​ប្រទេស​អាស៊ាន​ស្ដីពី​ការបញ្ចប់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​យ៉ាងណាក្ដី ក៏​កិច្ចចរចារ​រវាង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មីយ៉ាន់ម៉ា (NUG) និង​របប​យោធា នៅតែ​មិនអាច​សម្របសម្រួល​បាន​ឡើយ ប្រសិន​បើ​លក្ខខណ្ឌ​ដែល​ទាមទារ​ពី​ភាគី​ទាំងសងខាង នៅតែ​មិនបាន​ឆ្លើយតប។

បណ្ឌិត Sasa អ្នកនាំពាក្យ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មីយ៉ាន់ម៉ា និង​ជា​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​បាន​ឱ្យ​ដឹងថា៖ «កិច្ចពិភាក្សា​ស្ដីពី​ការរួបរួម​នេះ​នឹង​មិន​ងាយ​ធ្វើទៅ​បាន​ទេ ប្រសិនបើ​របប​យោធា (ដែល​មាន​នាទី ជា​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ) មិន​យល់ព្រម​លើ​លក្ខខណ្ឌ ដើម្បី​ចាប់ផ្ដើម​កិច្ចពិភាក្សា​រវាង​ភាគី​ទាំង ២»។ យ៉ាងណាមិញ លោក​នៅតែ​ស្វាគមន៍​កិច្ចចរចា និង​ក្ដី​ព្រួយបារម្ភ ដែល​លើកឡើង​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ាន​ស្ដីអំពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ជានិច្ច។

បណ្ឌិត Sasa បាន​ប្រាប់​កាសែត Nikkei Asia ថា៖ «មើល​ទៅ​មិន​ងាយ​នឹងមាន​ការសម្របសម្រួល​ណាមួយ​ឡើយ ប៉ុន្តែ​យើង​បានដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៤ របស់​យើង​ស្ដីពី​ការពិភាក្សា​នេះ»។

ក្នុងនោះដែរ ខាង​រដ្ឋាភិបាល NUG បាន​ទាមទារ​ឱ្យ​របប​យោធា​ស្តារ​មេដឹកនាំ និង​សមាជិកសភា ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ឡើង​វិញ ដែល​រួមមាន អ្នកស្រី Aung San Suu Kyi ជា​ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ផងដែរ។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ចេញ​ក្រោយពី​កិច្ចប្រជុំ កាលពី​ថ្ងៃទី ២៤ មេសា កន្លង​ទៅ​អង្គប្រជុំ​ទាំងមូល​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ចំនួន ៥ ចំណុច រួមមាន ១) អំពាវនាវ​ឱ្យមាន​ការបញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា និង​ការឃុំខ្លួន​ទាំងឡាយ​ពី​សំណាក់​ភាគី​ទាំងអស់ ២) ភាគី​ទាំងអស់​ត្រូវ​ចាប់ផ្តើម «ការសន្ទនា​ប្រកប​ដោយ​ស្ថាបនា» ដើម្បី​ឆ្ពោះ​ទៅ​រក « ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ដល់​ផលប្រយោជន៍​របស់​ប្រជាជន ៣) ការតែងតាំង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ត្រូវ​តែ​ជា​អ្នកសម្របសម្រួល​ការសន្ទនា ៤) បណ្ដា​ប្រទេស​អាស៊ាន​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​ផ្តល់ជំនួយ​សង្គ្រោះ​មហន្តរាយ (AHA) និង ៥) សម្រាប់​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​អាស៊ាន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​គ្រប់ភាគី​ទាំងអស់។

យ៉ាងណាមិញ បណ្ឌិត Sasa បាន​និយាយថា៖ « យើង​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​សេចក្តី​ថ្លែងការណ៍​នេះ ប៉ុន្តែ​ជាមួយ​គ្នា​នេះ យើង​ក៏​នឹង​វាស់វែង​កម្រិត​នៃ​សកម្មភាព​របស់​ពួកគេ។ ការសម្រេច​សេចក្តី​ថ្លែងការណ៍​មាន​ភាពងាយស្រួល​ទេ ប៉ុន្តែ​ប្រសិនបើ​គ្មាន​សកម្មភាព វា​នៅតែ​គ្មាន​ន័យ​អ្វី​ដដែល។ យើង​នឹង​រង់ចាំ​មើលថា តើ​មាន​ការដក​កម្លាំង​យោធា​ចេញ​ហើយ​ឬ​យ៉ាងណា?»។

មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​នរណា​នឹង​ក្លាយជា ប្រេសិត​ពិសេស​របស់​អាស៊ាន​នៅ​ឡើយ​ទេ។ គេ​ក៏​មិន​ច្បាស់​ដែរ​ថា អ្នកណា​នឹង​ធ្វើជា​តំណាងឱ្យ​គណៈកម្មាធិការ​ ដើម្បី​តំណាងរាស្ត្រ​សភា (CRPH) ដែលជា​ក្រុម​សមាជិកសភា ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង និង​ជា​តំណាង​រដ្ឋាភិបាល NUG នៅក្នុង​កិច្ចពិភាក្សា​ណាមួយ​នៅ​ឡើយ​ដែរ ដោយសារ​សមាជិក​នៃ​រដ្ឋាភិបាល​នេះ​ជាច្រើន​កំពុង​លាក់ខ្លួន ឬ ជាប់​ពន្ធនាគារ។

បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​ចុងក្រោយ​ដែល​លេចចេញ​ជា​ដំណាក់កាល​សម្រាប់​ការសន្ទនា ដើម្បី​បង្រួបបង្រួម​ក៏​មិនបាន​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល NUG ដែល​បាន​ស្នើឱ្យ​មាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​អ្នកនយោបាយ​ជាប់ឆ្នោត​ត្រឡប់​មក​កាន់អំណាច​វិញ។

បណ្ឌិត Sasa បាន​បន្តទៀត​ថា៖ «ប្រសិនបើ​របប​យោធា នៅតែ​ព្រងើយកន្តើយ​នឹង​សំណើ​របស់​អាស៊ាន​ក្នុង​ការបញ្ឈប់​អំពើហិង្សា​នេះ រដ្ឋាភិបាល NUG ក៏​នៅតែ​បន្ត​ព្យាយាម​ស្វែងរក ការគាំទ្រ​ពី​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន ក៏ដូចជា បុគ្គល​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​របប​នេះ​ដូចគ្នា»៕