
លោកប្រធានាធិបតី Mohamed Abdullahi Mohamed ថ្លែងនាពេលកន្លងទៅ។ AFP
កាលពីថ្ងៃអាទិត្យកន្លងទៅ មានផ្ទុះករណីបាញ់ប្រហារនៅរដ្ឋធានីរបស់ប្រទេសសូម៉ាលីរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងក្រុមដែលខឹងសម្បានឹងមេដឹកនាំប្រទេសនេះ ខណៈភាពតានតឹងផ្នែកនយោបាយកាន់តែកើនឡើងជាបន្តបន្ទាប់ ក្រោយប្រធានាធិបតី Mohamed Abdullahi Mohamed ប្រកាសបន្តកាន់តំណែង។
ស្នូរកាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងនៅតាមទីប្រជុំជនជាច្រើននៅរដ្ឋធានីនៃប្រទេសនេះ សរបញ្ជាក់ពីការមិនពេញចិត្តពីសំណាក់ក្រុមទាំងនេះស្ដីពីការជាប់គាំងដំណើរនៃការបោះឆ្នោត ហើយក៏ជាការព្រមានថា ប្រសិនបើដំណើរការនៅតែមិនបន្តទៅមុខ ក្រុមទាំងនេះនឹងបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនេះជាក់ជាមិនខាន។
រដ្ឋមន្ត្រីក្រសួងសន្តិសុខប្រទេសសូម៉ាលី Hassan Hundubey Jimale បានសម្តែងភាពសោកសៅ និងកាន់ទុក្ខដល់ជនរងគ្រោះទាំងអស់ ប៉ុន្តែមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬ រងរបួសនោះទេ។ គាត់បានចោទប្រកាន់ថា៖ «ទង្វើនេះធ្វើឡើងដោយពួកមនុស្ស ដែលមិនខ្វល់ពីសន្តិសុខរបស់ប្រជាជនខ្លួន» ក្រោយមានការវាយប្រហារនៅរដ្ឋធានី ហើយលោកក៏បានចាត់ឱ្យកងកម្លាំងសន្តិសុខបានបណ្តេញក្រុមទាំងនេះចេញពីរដ្ឋធានីផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតី Mohamed ត្រូវបានគេហៅថា Farmaajo មានវ័យ ៥៩ ឆ្នាំបានចុះហត្ថលេខាលើច្បាប់មួយ កាលពីពាក់កណ្តាលខែមេសាកន្លងមក ដើម្បីបន្តអាណត្តិរបស់ខ្លួនរយៈពេល ២ ឆ្នាំបន្ថែមទៀត ដែលនេះបានបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់ប្រទេសសូម៉ាលី និងធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងលោកជាមួយនឹងប្រទេសលោកខាងលិច និងម្ចាស់ជំនួយផ្សេងទៀត ដែលប្រឆាំងនឹងចលនានេះ។
ប្រទេស សូម៉ាលី បានធ្លាក់ចូលក្នុងសង្គ្រាម និងភាពវឹកវរកាលពីឆ្នាំ ១៩៩១ កំពុងតស៊ូ ដើម្បីបង្កើតអំណាចរបស់រដ្ឋាភិបាលកណ្តាល និងស្ដារប្រទេសឡើងវិញតាមរយៈជំនួយពីអន្តរជាតិ។ ការខកខានមិនបានរៀបចំការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងកាលពីខែកុម្ភៈកន្លងនេះ ហើយវាបង្កឱ្យមានវិបត្តិថ្មីមួយដល់ប្រទេសនេះ។
លោក Hassan Sheikh Mohamud អតីតប្រធានាធិបតីសូម៉ាលី បានសរសេរនៅលើបណ្ដាញសង្គម Tweeter ដោយចោទប្រកាន់ថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារផ្ទះរបស់គាត់កាលពីថ្ងៃអាទិត្យ។ លោកបានសរសេរថា៖ «ខ្ញុំតែងតែព្រមានម្ដងហើយម្ដងទៀត ឥឡូវនេះខ្ញុំនៅតែនិយាយដដែលថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តតំណែងនេះនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខ នយោបាយយ៉ាងណា លោក (Mohamed) នឹងត្រូវទទួលខុសត្រូវចំពោះលទ្ធផលពីទង្វើរបស់លោក»។
យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Jimale បានបដិសេធការចោទប្រកាន់របស់អតីតប្រធានាធិបតី ហើយចោទប្រកាន់ថា បញ្ហានេះបង្កមកពីក្រុមជីវពលប្រដាប់អាវុធ។ ដូច្នេះហើយទើបកម្លាំងរដ្ឋាភិបាលឆ្លើយតបនឹងការវាយប្រហារនេះវិញ។
ដោយឡែក លោក Nicolas Berlanga ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសសូម៉ាលីបានឱ្យដឹងនៅថ្ងៃអាទិត្យថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហា ដែលកំពុងកើតមាននៅរដ្ឋធានីប្រទេសស៊ូម៉ាលី។ ដើម្បីជាផលប្រយោជន៍ប្រជាជនទូទៅ យើងស្នើសុំឱ្យមានការអត់ធ្មត់ជាអតិបរមា ការពារស្ថាប័នដែលជាកម្មសិទ្ធិរួម និងស្នើឱ្យមានកិច្ចចរចាដោយសន្តិវិធី។ អំពើហិង្សា គឺអ្វីដែលយើងមិនអាចទទួលយកបាន»។
កាលពីថ្ងៃសុក្រកន្លងទៅមុននឹងមានការបាញ់ប្រហារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យគ្រប់ភាគី « បដិសេធរាល់អំពើហិង្សា និងបន្តកិច្ចចរចាលើបញ្ហាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌជាមុន» ក្នុងន័យសម្តែងការព្រួយបារម្ភរបស់ខ្លួន ជុំវិញវិបត្តិនយោបាយនៃប្រទេសនេះ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ៣១ ខែមីនា កន្លងទៅ ក្រោយកិច្ចប្រជុំបន្ទាន់មួយ ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យអាជ្ញាធរសូម៉ាលីដោះស្រាយវិវាទលើដំណើរការបោះឆ្នោតផងដែរ៕