ក្រុង​បេរូត៖ ​ប្រភព​ឃើដ​ និង​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ថ្លែង​ថា​ ក្រុម​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស ​ស៊ីរី ​មួយ​កន្លែង​​ គ្រប់គ្រង​ដោយ​ក្រុម​កងកម្លាំង​ឃើដ​ ដែល​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​ក្រុម​សមាជិក​របស់​រដ្ឋ​អ៊ិស្លាម​បាន​ធ្វើ​កុបកម្ម​ ហើយ​មួយ​ចំនួន​ផ្សេង​ទៀត ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

សមាជិក​ជាន់​ខ្ពស់​របស់​ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​(SDF) ​ម្នាក់​ ដែល​បាន​គ្រប់គ្រង​គុកហ្គូ​អ៊ីរ៉ាន់ ​នៅ​ក្នុង​ទីក្រុង​ហាស់សាគីហ៍​ នៅ​ស៊ីរី​ភាគឦសាន​ បាន​ទទួល​ស្គាល់​ថា​ មាន​ការ​បះបោរ​ បាន​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​នោះ​។​

មន្ត្រី​រូប​នោះ​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​ក្រុម​សមាជិក​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​គុក​បាន​នាំ​គ្នា​បះបោរ​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​។​

ប្រភព​នោះ​បាន​បន្ថែម​ថា​៖ «ក្រុម​អ្នក​ទោស​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​ បាន​រៀបចំ​ផែនការ​ ដើម្បី​រត់​ចេញ​ ហើយ​ចូល​ទៅ​ក្នុង​ទីធ្លា​ពន្ធនាគារ​»​។​

«កងកម្លាំង​សន្តិសុខ​បាន​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ យន្តហោះ​របស់​ក្រុម​ចម្រុះ​អន្តរជាតិ​ជា​ច្រើន​គ្រឿង​ កំពុង​ហោះ​នៅ​ពី​លើ​ពន្ធនាគារ​ និង​តំបន់​នោះ​»។​

អ្នក​នាំពាក្យ​យោធា​ក្រុម​ចម្រុះ​ លោក​វរសេនីយ៍​ឯក ​ម៉ៃឡេស ​កាហ្គីស៍ ​III ​បាន​ថ្លែង​ថា​៖ «​ក្រុម​ចម្រុះ​ កំពុង​ជួយ​ក្រុម​ដៃ​គូ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​របស់​យើង​ ជាមួយ​យន្តហោះ​ឃ្លាំមើល​ ខណៈ​ពួក​គេ​បាន​បង្ក្រាប​ការ​បះបោរ​មួយ» ​នៅ​ក្នុង​ពន្ធនាគារ​នោះ​។​

លោក​បាន​បន្ថែម​ថា​ មាន​តែ​ក្រុម​អ្នក​ទោស​កម្រិត​ទោស​ស្រាល​ប៉ុណ្ណោះ​ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​។​

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍​ ដែល​មាន​បណ្តាញ​ទំនាក់​ទំនង​យ៉ាង​ច្រើន​ នៅ​ក្នុង​ប្រទេស ​ស៊ីរី​ បាន​ថ្លែង​ថា ​មនុស្ស​យ៉ាង​តិច ​៤ នាក់ ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​នោះ​។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​បន្ថែម​ថា​ ក្រុម​សមាជិក​រដ្ឋ​អ៊ិស្លាម​បាន​ដឹកនាំ​ធ្វើ​ការ​បះបោរ​នៅ​ក្នុង​​គុក​នោះ​៕ AFP/SK