ក្រុង​សេអ៊ូល៖ ​ផ្លូវ​ហាយវ៉េ​សំខាន់ៗ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​រដ្ឋធានី​សេអ៊ូល​ ត្រូវ​បាន​បិទ​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​បង្ក​ឲ្យ​​កម្រិត​ទឹក​ទន្លេ​ហាន ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ កើន​ឡើង​ខ្ពស់​។​

យោង​តាម​ប៉ូលិស​ និង​មន្ត្រី​ក្រុង​សេអ៊ូល​ បាន​ឲ្យ​ដឹង​ថា ​ចំណែក​ផ្លូវ​ហាយ​វ៉េ​មួយ​ចំនួន​ មាន​ដូច​ជា​ ផ្លូវ​ Dongbu ​Urban Expressway​ ផ្លូវ ​Seoul Inner ​Loop ​ផ្លូវ​ Olympic-​daero​ និង​ផ្លូវ​Gang-byeon ​Northern​ Highway ​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ ដោយ​សារ​កម្រិត​ទឹក​ទន្លេ​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។​

ខណៈ​ភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ទីក្រុង​ធំៗ​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​តំបន់​កណ្តាល​ អាជ្ញាធរ​បាន​បើក​ទ្វារ​ទឹក ​Soyang River ​Dam ​និង​ Paldang-Dam ​កាល​ពី ​១ ថ្ងៃ​មុន​នេះ​ ដោយ​បាន​បញ្ចេញ​ទឹក​ឲ្យ​ហូរ​ទៅ​សមុទ្រ ​តាម​ទន្លេ​ហាន​។​

ទឹក​ទន្លេ​កើន​ឡើង​ ក៏​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ កាត់​ផ្តាច់​ផ្លូវ​ចូល​ទៅ​កាន់​មាត់​ទន្លេ​ នៅ​ក្នុង​កោះ ​Yeouido ​នៅ​ទីក្រុង​សេអ៊ូល​ និង​តំបន់​ផ្សេង​ទៀត​។ ស្ពាន ចាមស៊ូ​ ដែល​បាន​តភ្ជាប់​ផ្នែក​ខ្លះ​ នៃ​ទី​ក្រុង​ភាគ​ខាង​ត្បូង ​និង​ខាង​ជើង​ តាម​ទន្លេ​ហាន​ ក៏​ត្រូវ​កាត់​ផ្តាច់​មាន​កំណត់​ដែរ​។​

យោង​តាម​ទីស្នាក់ការ​វិធានការ​ទប់ទល់​សុវត្ថិភាព​ និង​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​នេះ ​​បង្ក​ឲ្យ​មាន​ជំនន់​នៅ​ក្នុង​តំបន់​កណ្តាល​​នៃ​កូរ៉េ​ខាង​ត្បូង ​និង​ក្រុង​សេអ៊ូល​​ និង​បាន​​បណ្តាល​ឲ្យ​​មនុស្ស ​១៦​ នាក់​ស្លាប់​។

រហូត​​មក​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​មនុស្ស​ចំនួន ១៦ ​នាក់​ កំពុង​បាត់​ខ្លួន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​មាន​ការ​ផ្តល់​ដំណឹង​ជា​មុន​ ខណៈ​មនុស្ស ​១ ៦០០ ​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ ​នៅ​ក្នុង​តំបន់ ​ដែល​រង​ប៉ះពាល់​ខ្លាំង​បំផុត ​ដូច​ជា​ខេត្ត​នៅ​ភាគ​ខាង​ជើង ​និង​ខាង​ត្បូង គឺ​​ខេត្ត​Gyeongg​ និង​ខេត្ត ​Gangwon។

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​រថភ្លើង​ចំនួន ​៣ ​ខែ្ស​នៅ​មិន​ទាន់​បាន​បើក​ដំណើរ​ការ​ទេ ​ខណៈ​ផ្លូវ​ថ្នល់ ​៣៩ ​ខែ្ស ​នៅ​ក្នុង​តំបន់​ដែល​ប៉ះពាល់​ត្រូវ​បិទ​ដោយសារ​បាក់​ដី៕ Yonhap/SK​