ក្រុង​ព័រ​អូ​ប្រាំង: ប្រជាជន​រាប់ពាន់នាក់ បានធ្វើ​ការតវ៉ា​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ប្រទេស​ហៃទី ដោយ​អ្នក​តវ៉ា​ខ្លះ​បាន​ទាម​ទារ​ឲ្យ​ប្រធានា​ធិបតី ដែល​គ្មាន​ប្រជា​ប្រិយ​ភាព​ចុះ​ចេញ​ពី​តំណែង​នៅ​ឯ​កន្លែង​ប្រារព្ធ​ពិធី​ជា​សាធារណ:​មួយ។

ប៉ូលិស បាន​បាញ់កាំភ្លើង​ឡើង​ទៅលើ​អាកាស ដើម្បី​រំដោះ​លោក​ប្រធានាធិបតី JovenelMoise ចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី​ដែល​លោក​បាន​ដាក់​កម្រង​ផ្កា​នៅ​ផ្នូរ​បិតា​ស្ថាបនិក​ម្នាក់​នៃ​ក្រុម​បិតា​ស្ថាបនិក​របស់​ប្រទេស​ក្នុង​តំបន់​ការីប៊ីន​ដ៏​ក្រីក្រ​មួយ​នេះ។

ក្រុម​អ្នកធ្វើ​ការតវ៉ា​ទាំងនោះ បាន​ក្រាប​ចុះទៅ​លើដី ខណ: ប៉ូលិស​បាន​បាញ់រះ​ឡើង​ទៅ​លើ​អាកាស​នោះ។ កន្លែង​ផ្សេង​ទៀត ក្បែរ​វិមាន​ប្រធានា​ធិបតី ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដើម្បី​បំបែក​ហ្វូង​បាតុករ។

កំហឹង​បាន​កំពុង​កើនឡើង​ជាច្រើន​សប្តាហ៍​ហើយ​នៅក្នុង​ប្រទេស​ហៃ​ទី ជាទី​ដែល​ប្រជាជន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​នោះ​ថា​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ។

កាលពី​ថ្ងៃ​ពុធ ប្រជាជន​បានធ្វើ​បាតុកម្ម​នៅ​ទូទាំងប្រទេស​ហៃ​ទី។ ចំណែក​នៅក្នុង​ក្រុង​ព័រអូប្រាំង របាំង​ជាច្រើន​នៅ​តាម​ដង​ផ្លូវ ត្រូវ​បាន​គេ​ដុត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។

ការតវ៉ា​នោះ គឺ​ចោទប្រកាន់ថា​មានការ​លួច​ប្រាក់​ពី​មូលនិ​ធិ​មួយ ដែល​គេ​ហៅថា Petrocaribe។ មូលនិធិ Petrocaribe ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​វ៉េណេស៊ុយ​អេឡា​លោក​ហ៊ូហ្គោ ឆាវេស ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​នៅ​អាមេរិក​ឡាទីន​នៅ​ក្នុង​ចំណោម​រឿង​រ៉ាវ​ផ្សេងៗ​ទៀត មាន​ការ​ផ្តល់​ឲ្យ​ពួកគេ​នូវ​អត្រា​ប្រេង​តម្លៃ​ទាប។ ប្រទេស​ហៃទី ទទួល​បាន​ផល​ប្រយោជន៍​ពី​មូលនិធិ​នេះ​អស់​រយៈពេល​ពី ១២ ឆ្នាំ​ទៅ​ហើយ។

កាលពី ២០១៧ ការ​ស៊ើបអង្កេត​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ព្រឹទ្ធសភា បាន​សន្និដ្ឋានថា ទឹកប្រាក់​ជិត ២ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​លួច​បន្លំ​យក​ចេញ​ពី​មូលនិធិ​នោះ។

អតីតមន្ត្រី​ជាច្រើនរូប​នៃ​រដ្ឋាភិបាល​នោះ មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការលួច​បន្លំ​ប្រាក់ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ទេ៕