អ្នកសារព័ត៌មាន ៣ នាក់ និងសកម្មជនមីយ៉ាន់ម៉ា ២ នាក់ ដែលព្យាយាមភៀសខ្លួនទៅប្រទេសថៃត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួននៅព្រំដែនពីបទលួចឆ្លងដែនខុសច្បាប់ និងអាចប្រឈមនឹងការនិរទេសខ្លួនទៅមីយ៉ាន់ម៉ាវិញផងដែរ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន និងអាជ្ញាធរក្នុងស្រុកកាលពីថ្ងៃទី ១១ ឧសភាកន្លងទៅ។
លោក ThapanapongChairangsri ប្រធានប៉ូលិសក្នុងសង្កាត់ San Sai ក្រៅទីក្រុងឈៀងម៉ៃបានឱ្យដឹងថា៖ «ពលរដ្ឋមីយ៉ាន់ម៉ា ៥ នាក់ត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ និងត្រូវបានគេនាំខ្លួនទៅតុលាការកាលពីម្សិលមិញនេះ។ អ្នកទាំងនេះអាចនឹងត្រូវនិរទេសទៅតាមផ្លូវច្បាប់ ប៉ុន្តែដោយសារតែមានវិបត្តិកូវីដ១៩ជនទាំងនេះនឹងត្រូវឃុំខ្លួនរយៈពេល ១៤ ថ្ងៃសិន មុននឹងបញ្ជូនទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍»។
វិទ្យុសំឡេងប្រជាធិបតេយ្យភូមា (Democratic Voice of Burma) បានឱ្យដឹងថា អ្នកទាំង ៥ នាក់នេះអាចនឹងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើត្រូវនិរទេសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាវិញ និងអាចមានវាសនាដូចទៅនឹងអ្នកសារព័ត៌មាន និងសកម្មជនរាប់សិបនាក់ដទៃទៀត ដែលត្រូវបានរបបយោធាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈមក។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក TaneeSangrat បានឱ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយទាក់ទិននឹងករណីនេះ។ លោកបានបន្តថា៖ «អាជ្ញាធរថៃកំពុងសម្របសម្រួល ក៏ដូចជាស្វែងរកនូវដំណោះស្រាយបែបមនុស្សធម៌ក្នុងការដោះស្រាយនូវបញ្ហានេះ»។
ក្លិបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃប្រទេសថៃបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បុគ្គលទាំង ៥ នាក់នេះនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនក៏ដូចជាការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ។ ប្រសិនបើស្ថានភាពមិនអាក្រក់ពេកទេក្រុមការងារ និងសមាគមរបស់ពួកគេដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងវិទ្យុ DVB នឹងត្រូវបាននិរទេសទៅប្រទេសមីយ៉ាន់ម៉ាវិញជាមិនខាន»។
ប្រភពដដែលបានបន្តថា៖ «អ្នកសារព័ត៌មាន DVB និងសហការីរបស់ពួកគេគួរតែត្រូវបានដោះលែងពីការឃុំឃាំងផ្តល់ការការពារ និងសិទ្ធិក្នុងការស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសថៃ។ ឥឡូវនេះ ប្រទេសនៅលើពិភពលោកកំពុងចាំមើលចំណាត់ការរបស់អាជ្ញាធរថៃ សម្រាប់ការការពារសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសក្នុងតំបន់ ដើម្បីជួយការពារដល់អ្នកដែលបានរត់គេចពីរបបយោធា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលនានាក្នុងប្រទេសនេះផងដែរ»។
យ៉ាងណាមិញ ករណីនេះក៏អាចក្លាយទៅជាតេស្តសាកល្បងមួយសម្រាប់ប្រទេសថៃ ដើម្បីចង់ដឹងថាតើប្រទេសនេះនឹងរក្សាគោលជំហររបស់ខ្លួននៅខាងណា ចំពោះគោលនយោបាយរបបយោធានេះ។ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអាជ្ញាធរថៃបានអនុញ្ញាតិឱ្យអង្គការប្រព័ន្ធផ្សព្វផ្សាយនៅភូមាដែលត្រូវនិរទេសខ្លួនដូចជាវិទ្យុ DVB នេះជាដើមឱ្យប្រតិបត្តិការនៅតាមព្រំដែនរបស់ខ្លួន។
ក្រៅពីនេះ ប្រទេសថៃតែងទទួលជនភៀសខ្លួនរាប់ម៉ឺននាក់នៅក្នុងជំរុំធំៗ ចំនួន ៩ នៅតាមបណ្តោយព្រំដែនខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ាអស់រយៈពេល ៣ ទសវត្សរ៍ ក្រោយមានជម្លោះប្រដាប់អាវុធការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចដោយយោធាមីយ៉ាន់ម៉ាផងដែរ។
យ៉ាងណាមិញ ស្ថានភាពប្រទេសថៃកាលពីអតីតកាលក៏មានលក្ខណៈស្រដៀងទៅនឹងស្ថានភាពមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែរ ពោលគឺនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ធ្លាប់បានយកឈ្នះលើរដ្ឋប្រហារដ៏ធំមួយនៅក្នុងឆ្នាំ ២០១៤ ហើយក៏បានបន្តដឹកនាំប្រទេសនេះ តាមរយៈលទ្ធផលការបោះឆ្នោតនៅឆ្នាំ ២០១៩ ដែលក្រុមប្រឆាំងធ្លាប់ចោទប្រកាន់ថាការបោះឆ្នោតដោយមិនសេរី និងយុត្តិធម៌ផងដែរ។ រដ្ឋាភិបាលរបស់លោកធ្លាប់បានចាប់ខ្លួនក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សិបនាក់ ដែលបានធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែងផងដែរ។
ដោយឡែក សម្រាប់បញ្ហានៅមីយ៉ាន់ម៉ាកន្លងមក លោកតែងបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍មាំមួនណាមួយស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីខែមុនសហគមន៍អន្តរជាតិ បានសង្ឃឹមថាមេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់អាចនឹងមានចំណាត់ការរួមមួយឆ្ពោះទៅរកការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នេះ ប៉ុន្តែលោក Prayut មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះទេ ថែមទាំងបានបញ្ជូនឧបនាយករដ្ឋមន្ត្រីរបស់លោកទៅជំនួសលោកវិញទៀតផង។
លោកធ្លាប់មានប្រសាសន៍ថា៖ «ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា វាជាបញ្ហាស្មុគស្មាញខ្លាំង។ បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងសហការគ្រប់ដៃគូទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីទៅតាមកាតព្វកិច្ចរបស់រដ្ឋនៃសមាជិករបស់អាស៊ានទាំងអស់»។
ប្រទេសថៃក៏បានយល់ព្រមគាំទ្រផែនការពីកិច្ចប្រជុំអាស៊ាន ដែលរួមមានការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការចរចាប្រកបដោយសន្តិវិធី និងស្ថាបនាក្នុងចំណោមភាគីទាំងអស់ផងដែរ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែកុម្ភៈមកមនុស្សចំនួន ៤ ៩១៦ នាក់ត្រូវបានចាប់ខ្លួនដោយរបបយោធាក្នុងនោះមានការចាប់ខ្លួនអ្នកសារព័ត៌មានជាង ៧០ នាក់។ ក្នុងនោះ ភាគច្រើនតែងស្ថិតក្នុងការឃុំឃាំងនៅទីតាំង ដែលគេមិនធ្លាប់ស្គាល់។ នេះបើតាមទិន្នន័យរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយនៅក្នុងប្រទេសភូមា៕