ក្រុង​ម៉ានីល៖​ ​ខ្យល់​ព្យុះ​ទីហ្វុង​កាមមូរី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​វាយ​ប្រហារ​​ប្រទេស ​ហ្វីលីពីន ​ដោយ​កម្លាំង​ខ្យល់​បោក​បក់​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ច្រើន ​ខណៈ​មនុស្ស​រាប់​សែន​នាក់​ស្វែងរក​ជម្រក​ និង​រដ្ឋធានី​ម៉ានីល ​បាន​បិទ​ព្រលាន​យន្តហោះ​អន្តរជាតិ​ជុំវិញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​​​

ខ្យល់​ព្យុះ​មាន​កម្លាំង​ខ្លាំង​ដែល​បាន​បោកបក់​ប៊ើង​បង្អួច និង​ដំបូល​ផ្ទះ​ជា​ច្រើន​ធ្លាក់​ទៅ​ឆ្នេរ​​សមុទ្រ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​ហើយ​ព្យុះ​នេះ ​ត្រូវ​បក់​ឆ្លង​​កាត់​ក្រុង​ម៉ានីល​ដែល​មនុស្ស​ប្រហែល ​១៣ ​លាន​នាក់​រស់នៅ ​​និង​អត្តពលិក​រាប់​ពាន់​នាក់ ​ដែល​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​។ ​ ​​

ក្រុម​អ្នក​ព្យាករ​បាន​និយាយ​ថា ​ព្យុះ​ទីហ្វុង​កាមមូរី ​បាន​ចុះ​ខ្សោយ ​ប៉ុន្តែ​នៅ​តែ​បោកបក់​ខ្លាំង​ក្នុង​ល្បឿន ​១៥០ ​​ គីឡូម៉ែត្រ​ ​ក្នុង ​១ ម៉ោង​ និង​កម្លាំង​ខ្លាំង​​បំផុត​បោកបក់​រហូត​ដល់ ​២០៥ ​គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង ​ខណៈ​ព្យុះ​នេះ​បោក​បក់​ទៅ​ទិស​ពាយព្យ។

លោក ​Luisito Mendoza មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នេះ ​ជា​ទី​ដែល​ខ្យល់​ព្យុះ​បាន​បណ្តាល​ឲ្យ​បាក់ដី​បាន​ថ្លែង​ថា៖ ​«យើង​កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​ខូចខាត ​ប៉ុន្តែ​ការ​ខូចខាត​នោះ​មើល​ទៅ​​ទំនង​ជា​ធ្ងន់ធ្ងរ​ណាស់​»។​

បំណែកថ្ម​​​នៅក្នុង​​កន្លែងអ្នកដំណើររង​់ចាំ​​នៅ​ព្រលា​នយន្តហោះ​​ ក្រោយ​ពី​​​ជញ្ជាំង​អ​គារ​ត្រូវ​​​បំផ្លាញ​ដោយព្យុះ។​ រូប​AFP

លោក​បាន​បន្ថែម​ថា៖ «​មាន​កន្លែង​មួយ ​ជា​ទី​ដែល​កម្រិត​ទឹក​ឡើង​ជិត​ដល់​ដំបូល​ផ្ទះ...​បុគ្គលិក​របស់​យើង​​ផ្ទាល់​ បាន​រងគ្រោះ​ដោយ​មុត​កញ្ចក់​ដែល​បែក​រប៉ាត់រប៉ាយ ​ដោយ​បាន​ថ្លែង​ថា​ ដើម​ឈើ​ ​និង​​បង្គោល​ភ្លើង​ជា​ច្រើន​​ដើម ​បាន​រលំ​ដោយសារ​ខ្យល់​ព្យុះ​»។

ដោយសារ​ខ្យល់​ព្យុះ​បោកបក់​ខ្ពស់ខ្លាំង​នោះ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Ninoy Aquino ​នៅ​ក្នុង​ក្រុង​ម៉ានីល​ ត្រូវ​បាន​បិទ​ប្រតិបត្តិការ​។

នៅ​មិន​ទាន់​ច្បាស់​ថា ​តើ​ជើង​​ហោះហើរ​នឹង​ដំណើរការ​ឡើង​នៅ​ពេល​ណា​ទេ​ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ប៉ាន់​ស្មាន​ប្រហែល​ជា​នៅ​ម៉ោង ​១១ ​យប់​ថ្ងៃ​អង្គារ​ និង​បាន​កត់​សម្គាល់​ថា ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ ​នឹង​ពឹង​ផ្អែក​ទៅ​លើ​អាកាសធាតុ​។

ជើង​ហោះហើរ​ប្រហែល ​៥០០ ​ត្រូវ​លុប​ចោល​ហើយ ក្រុម​​​មន្ត្រី​បាន​ព្រមាន​ដល់​ក្រុម​អ្នក​ដំណើរ​មិន​ឲ្យ​ចូល​ទៅ​ព្រលាន​យន្តហោះ​ទេ​។​​

​​បុគ្គលិ​ក​​​ក្រុមហ៊ុន​អា​កាស​ច​រណ៍ កា​ន់បដា​​​ប្រ​កាស​លុបចោល​ជើងហោះហើរ​​នៅ​ព្រលានយន្តហោះ​អន្តរជាតិក្រុងម៉ានីល​។ AFP

កន្លែង​យន្តហោះ​ចេញ​ដំណើរ​​​មួយ​​ AFP​ បាន​ទៅ​មើល​ដែល​តាម​ធម្មតា​ត្រូវ​ចេញ​ដំណើរ​នៅ​ពេល​ព្រឹក​នោះ ​ពោរពេញ​ដោយ​បុគ្គលិក ​និង​អ្នក​ដំណើរ​ដែល​ជាប់​តែលតោល​។​​

អ្នក​ដំណើរ​ជនជាតិ​កាណាដា​​ម្នាក់​មាន​វ័យ ​២៣ ​ឆ្នាំ ​ត្រូវ​រង​ប៉ះពាល់​ដោយ​ការ​ពន្យារពេល​​​ជើង​យន្តហោះ​​​របស់​នាង​ត្រឡប់​ទៅ​ផ្ទះ​ជិត​ពេញ ​១ ថ្ងៃ។

នាង​បាន​មក​ដល់​ក្រុង​ម៉ានីល​ដោយ​ជើង​យន្តហោះ​ព្រឹក​ថ្ងៃ​ចន្ទ ​ដែល​រង​ប៉ះពាល់​ដោយ​ព្យុះ​នេះ​មក​ពី​កោះ​សេប៊ូ​ភាគ​កណ្តាល​។

នាង​បាន​និយាយ​ប្រាប់​ AFP ថា៖ «​ជើង​យន្តហោះ​នេះ ​មាន​ភាព​វឹកវរ​បំផុត​ក្នុង​ចំណោម​ជើង​យន្តហោះ​ដែល​ខ្ញុំ​ធ្លាប់​ជិះ​ក្នុង ​១ ​​ជីវិត​របស់​ខ្ញុំ»។

ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ​មនុស្ស​ប្រហែល ​៣៤ ​ម៊ឺន​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សំបែង​នៅ​ក្នុង​តំបន់​ប៊ីកូល​ភាគ​កណ្តាល​។

ប្រជាជន​ដែល​នៅ​សង្កាត់​វាល​ទំនាប​នៃ​ក្រុង​ម៉ានីល​ត្រូវ​បាន​ប្រាប់​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​បណ្តោះ​អាសន្ន​របស់​ពួក​គេ ​ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​រង​ប៉ះពាល់​នោះ​​ទេ​៕ AFP/PSA