ក្រុង​តូក្យូ៖​ខ្យល់​ព្យុះ​ទីហ្វុង​បាន​បក់បោក​យ៉ាង​ខ្លាំង​​នៅ​ក្បែរ​​ក្រុង​តូក្យូ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ​៣០ ​នាក់​រង​របួស​ ហើយ​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​​ប្រតិបត្តិការ​ផ្អាក​​​​សេវា​រថភ្លើង​ធំៗ​នៅ​ក្នុង​តំបន់​ទីក្រុង​ ដោយ​មនុស្ស​បម្រើ​ការងារ​តាម​ស្ថាប័ន​​ផ្សេងៗ​​រាប់​សែន​នាក់ ​បាន​រង​ផល​ប៉ះពាល់​​នៅ​ដើម​សប្តាហ៍​នេះ។

ក្រុមហ៊ុន​ផ្តល់​សេវា​រថភ្លើង​ជប៉ុន​ភាគ​ខាង​កើត​ បាន​​​ផ្អាក​​​ខ្សែ​រថភ្លើង​​ទាំង​អស់​នៅ​ក្នុង​តំបន់​ក្រុង​តូក្យូ​កាន់​តែ​ច្រើន​ឡើង​ ខណៈ​ខ្យល់​ទីហ្វុង​ Faxai ​បាន​បង្ក​ឲ្យ​បាក់​ដី​នៅ​ជិត​ទីក្រុង ​Chiba​ ភ្លាមៗ​នៅ​មុន​ម៉ោង ​៥ ​ព្រឹក​​។ ​ក្រុមហ៊ុន​រថភ្លើង​នោះ ​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​ក្រុមហ៊ុន​ JR ​ East ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​ផ្តល់​សេវា​ធ្វើ​ដំណើរ​នៅ​ប្រហែល​ម៉ោង ​១០ ព្រឹក​ ក្រោយ​ពី​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ បន្ទាប់​ពី​ខ្យល់​ព្យុះ​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។​

នៅ​មុន​ពេល​ខ្យល់​ព្យុះ​ទីហ្វុង​នោះ​​​​​​ធ្វើ​ដំណើរ​មក​ដល់​នោះ អ្នក​ប្រតិបត្តិការ​រថភ្លើង​ បាន​ប្រកាស​កាល​ពី​​រសៀល​ថ្ងៃ​អាទិត្យ​ថា​ ការ​ផ្តល់​សេវា​​ធ្វើ​ដំណើរ​សម្រាប់​នៅ​ថ្ងៃ​បន្ទាប់ ​អាច​នឹង​ត្រូវ​លុប​ចោល​វិញ​ ដោយសារ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៃ​ខ្យល់​ព្យុះ​នោះ​ ហើយ​ពេល​វេលា​តម្រូវ​ឲ្យ​ត្រួត​ពិនិត្យ​សុវត្ថិភាព ​នៅ​មុន​​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ​។​

វា​ជា​លើក​ទី ​២ ​ហើយ​ ដែល​ខ្លួន​បាន​ប្រកាស​ភាព​មិន​ច្បាស់​លាស់​អំពី​ការ ផ្តល់​សេវា​​ធ្វើ​ដំណើរ ​ដែល​បាន​ពន្យារ​នៅ​មុន​ខ្យល់​ទីហ្វុង​បាន​វាយ​ប្រហារ​ ក្រោយ​ពី​ធ្វើ​ការ​ប្រកាស​លើក​ដំបូង ​កាល​ពី​ថ្ងៃទី ​៣០ ​ខែ ​កញ្ញា ​ឆ្នាំ ​២០១៨ ​មក​នោះ​។​

ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ បាន​និយាយ​ថា មនុស្ស​ជាង ​១០ ​នាក់ ​បាន​រង​របួស​នៅ​ក្នុង​ក្រុង ​Tateyama និង​ ​១០ នាក់​​​នៅ​ក្នុង​ខេត្ត​​ជីបា ខណៈ​ ៥ នាក់ ​នៅ​ ខេត្ត Kanagawa និង ​៥ ​នាក់​ទៀត ​នៅ​ខេត្ត​​ Shizuoka​៕ Kyodo/SK