ក្រុងម៉ានីល៖ មនុស្ស​យ៉ាង​តិច​ ​១០ ​នាក់​បាន​ស្លាប់ ​ខណៈ​ព្យុះ​ទីហ្វុង​ហ្គោនី​ បាន​វាយ​ប្រហារ​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​បាន​ធ្វើ​ឱ្យ​ដំបូល​​ផ្ទះ​ប៊ើង​ បង្គោល​ភ្លើង​រលំ​ និង​បង្ក​ឱ្យ​មាន​ជំនន់​នៅ​ក្នុង​តំបន់​ដែល​រង​ប៉ះពាល់​ខ្លាំង​បំផុត​ជា​ទី​​ដែល​មនុស្ស​រាប់​ម៊ឺន​នាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​។​

មន្ត្រី​បាន​និយាយ​ថា​ ព្យុះ​មាន​កម្លាំង​ខ្លាំង​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ​ ក៏​បាន​បណ្តាល​ឱ្យ​បាក់​ដី​​កប់​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​នៅ​ភាគ​ខាង​ត្បូង​នៃ​កោះ ​Luzo​ ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត។

ហ្គោនី ​គឺ​ជា​ព្យុះ​ទីហ្វុង​មាន​កម្លាំង​ខ្លាំង​ដែល​​បាន​បក់​ធ្លាក់​ចំ​កោះ ​Catanduanes​ នៅ​មុន​ពេល​ថ្ងៃ​រះ ដោយ​ខ្យល់​នេះ​បក់​ក្នុង​ល្បឿន ​២២៥ ​គីឡូម៉ែត្រ ​ក្នុង ​១ ម៉ោង ​និង​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់​នេះ។​

ព្យុះ​នេះ​បាន​ចុះ​ថយ​ល្បឿន ​ខណៈ​​វា​បាន​បក់​ឆ្លង​កាត់​កោះ Luzon ​ហើយ​បាន​បក់​ផុត​ក្រុង​ម៉ានីល ​​ធ្លាក់​ចូល​ទៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ទី​ដែល​ត្រូវ​គេ​រំពឹង​ទុក​ថា​ក្លាយ​ជា​ព្យុះ​ត្រូពិក​ដ៏​ខ្លាំង​ក្លា​មួយ។

ខេត្ត ​Catanduanes និង​ Albay ​បាន​រង​កម្លាំង​ខ្យល់​ព្យុះ​ហ្គោនី​យ៉ាង​ខ្លាំង​ ដែល​ការ​ព្យាករ​អាកាស​ធាតុ​របស់​រដ្ឋ​បាន​ព្រមាន​ថា ​ព្យុះ​នេះ​អាច​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ។

ព្យុះ​ទីហ្វុង​នេះ​បាន​កើត​ឡើង​រយៈ​ពេល ១ ​សប្តាហ៍​ក្រោយ​ពី​ព្យុះ​ទីហ្វុង​ Molave ​បាន​វាយ​ប្រហារ​តំបន់​ដូចគ្នា​នៃ​ប្រជុំ​កោះ​ដែល​រង​ប៉ះពាល់​ដោយ​មហន្តរាយ​ធម្មជាតិ​នេះ ​ដោយ​បង្ក​ឱ្យ​មនុស្ស ​២២ ​នាក់​ស្លាប់។

ក្រុម​ការពារ​ស៊ីវិល​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​មនុស្ស​យ៉ាង​តិច​ ៩ នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ខេត្ត ​Albay ​និង​ម្នាក់​ស្លាប់​នៅ​ខេត្ត​ Catanduanes​៕ AFP/PSA