ក្រុងដាម៉ាស: សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រលាន​យន្តហោះ​យោធា​នៅ​ស៊ីរី​បាន​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ដ៏​ធ្ងន់ធ្ងរ​មួយ​បន្ទាប់​ពី​អាមេរិក និង​បារាំង​បាន​ព្រមាន​ធ្វើការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​ទៅ​នឹង «ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដ៏​គួរ​ឲ្យ​រន្ធត់» មួយ​ទៅ​លើ​តំបន់​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស។

ក្រុង​វ៉ាស៊ីនតោន បាន​ធ្វើការ​បដិសេធ​ចំពោះ​ការបង្ក​ការ​វាយ​ប្រហារ​នោះ​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​នៅ Tayfur ភាគ​កណ្តាល​នៅ​ស៊ីរី ដែល​បាន​កើត​ឡើង​រយៈពេល​ជាច្រើន​ម៉ោង​មុន​ពេល​បើក​កិច្ចប្រជុំ​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ (UN) កាល​ពី​ថ្ងៃ​ចន្ទ​ជុំវិញ​បញ្ហា​អំពី​របាយ​ការណ៍​ពាក់ព័ន្ធ​កា​រប្រើប្រាស់​ឧស្ម័ន​ជាតិ​ពុល​លើ​ទីប្រជុំជន​ឌូម៉ា។

សេត​វិមាន​បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​អាទិត្យ​ថា ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ និង​សម​ភាគី​បារាំង​គឺ លោក អេម៉ានុយអែល ម៉ា​ក្រុង បាន​សន្ទនា​តាម​ទូរស័ព្ទ និង​បាន​ប្តេជ្ញា «ធ្វើការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា» មួយ​ទៅ​នឹង​បទ​សង្ស័យ​ធ្វើការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់។

សេត​វិមាន បាន​បន្ថែម​ទៀត​ថា របប​ប្រធានាធិបតី​ស៊ី​រី លោក បាសារ អាល់អាសាដ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​បាន​បង្ក​កើត​មាន​នៅក្នុង​ទឹកដី​ស៊ីរី៕