ក្រុង​ទ្រីប៉ូលីៈ ​ជើង​ហោះហើរ​ខ្លះ​បាន​បនុ្ត​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ទីតាំង​តែ​មួយ​របស់​រដ្ឋធានី​លីប៊ី​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​ស្ងប់ស្ងាត់​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ខាង​ក្រៅ​ក្រុង​ទ្រីប៉ូលី​ ក្រោយ​ពី​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​មួយ​ ត្រូវ​បាន​​រំលោភ​បំពាន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។​

ថ្នាក់​ដឹកនាំ​ដែន​អាកាស​បាន​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ថា​៖ «​ការ​បើក​ដែន​អាកាស​ឲ្យ​ប្រើប្រាស់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Mitiga ​ឡើង​វិញ​ ក្រោយ​ពី​មាន​ការ​ថែទាំ ​និង​ធ្វើ​ការ​បោស​សម្អាត​ឲ្យ​រួច​រាល់​រហូត​ដល់​ជើង​ហោះហើរ​ទាំង​អស់ ​អាច​បន្ត​ការ​ហោះហើរ​របស់​ពួក​គេ​ឡើង​វិញ​»​។​

កង​កម្លាំង​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ និង​កងកម្លាំង​ស្មោះ​ត្រង់​របស់​បុរស​ខ្លាំង​លោក​ Khalifa Haftar ​បាន​ឯកភាព​គ្នា​ឲ្យ​មាន​បទ​ឈប់បាញ់​មួយ​ សម្រាប់​ថ្ងៃ​បុណ្យ​មូស្លីម​ Eid al-​Adha ​រយៈពេល ​៣ ​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិតុ្យ​​។​

លោក​ Haftar ​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ដើម្បី​ដណ្តើម​យក​រដ្ឋធានី​លីប៊ី កាល​ពី​ដើម​ខែ​មេសា​ ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​​ ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​ខែ ​នៅ​ខាង​ក្រៅ​ក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​។​

ជើង​ហោះហើរ​ចេញ​ពី​ព្រលាន​យន្តហោះ​ Mitiga ​ត្រូវ​បាន​ពន្យារ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​គ្រាប់​រ៉ុក្កែត ​បាន​វាយ​ប្រហារ​ទៅ​លើ​ព្រលាន​នោះ​ មាន​ចម្ងាយ​ត្រឹម​តែ ២-៣ ​ម៉ែត្រ ​ចេញ​ពី​ផ្លូវ​យន្តហោះ​ដែល​ត្រូវ​ចុះ​ចត​​។​

ទីតាំង​ភាគ​ខាង​កើត​នៃ​ទីក្រុង​ទ្រីប៉ូលី​ ជា​ព្រលាន​យន្តហោះ​ Mitiga ​គឺ​ជា​អតីត​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អាកាសចរណ៍​ស៊ីវិល​ ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ទ្រីប៉ូលី​នោះ​ ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នៅ​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​កាល​ពី​ឆ្នាំ ​២០១៤​។​

ព្រលាន​យន្តហោះ​ ​Mitiga ​គឺ​នៅ​ក្នុង​តំបន់​មួយ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កង​កម្លាំង​ស្មោះត្រង់​ ​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA) ​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រីប៉ូលី​ ហើយ​ជា​ញឹកញាប់​បាន​រង​ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​។​

កង​កម្លាំង​លោក​ Haftar ​និង​ GNA ​បាន​ឯកភាព​​ឲ្យ​មាន​បទ​ឈប់​បាញ់​មនុស្ស​ធម៌​មួយ​​​៕ AFP/SK