កាល​ពី​ថ្ងៃ​ចន្ទ ទី ២៩ មីនា ព្រែកជីក​ស៊ុយអេ (Suez Canal) បើក​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​ក្រុម​ជួយ​សង្គ្រោះ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដក​នាវា​ទំនិញ​ដ៏​ធំ​មួយ​ជាប់​កឿង​នៅ​កណ្ដាល​ព្រែក ធ្វើ​ឱ្យ​បញ្ចប់​វិបត្តិ​កកស្ទះ​ផ្លូវទឹក​ដ៏​សំខាន់​មួយ​របស់​ពិភព​លោក។

ក្រុម​នាវា ដោយ​មាន​ជំនួយ​ពី​ជំនោរ​ទឹក បាន​ទាញ​នាវា​ទំនិញ​ខ្នាត​ធំ MV Ever Given ចេញ​ពី​ច្រាំង​ខ្សាច់​នៃ​ព្រែកជីក ដែល​ជា​ទីក​ន្លែង​នាវា​នេះ​ជាប់​កឿង​តាំង​ពី​ថ្ងៃទី ២៣ មីនា មក​ម្ល៉េះ។ លោក​ឧត្ដមសេនីយ៍ឯក Osama Rabei ប្រធាន​អាជ្ញាធរ​ព្រែកជីក​ស៊ុយអេ បាន​និយាយ​ថា ចរាចរណ៍​ឆ្លង​បាន​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ម៉ោង ៦ ល្ងាច ដោយ​នាវា​ដំបូង​ឆ្លង​កាត់​ព្រែក​នេះ ​គឺ​ជា​នាវា​ដឹក​ជញ្ជូន​សត្វពាហនៈ។

យ៉ាង​ហោច​ណាស់​មាន​នាវា ៣៦៧ គ្រឿង​ដែល​ដឹក​ជញ្ជូន​អ្វីៗ​គ្រប់​យ៉ាង​ពី​ប្រេង​ឆៅ រហូត​ដល់​សត្វពាហនៈ​បាន​បោះ​យុថ្កា​នៅ​មាត់​ព្រែក ដើម្បី​រង់ចាំ​ធ្វើ​ការ​ឆ្លងកាត់។ នាវា​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ដ៏​វែងឆ្ងាយ​នៅ​ជុំវិញ Cape of Good Hope នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក ដែល​ជា​ផ្លូវ​មាន​ចម្ងាយ ៥ ០០០ គីឡូម៉ែត្រ ដែល​នឹង​បន្ថែម​ការ​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ទៅ​លើ​ថ្លៃ​ប្រេង​ឥន្ធនៈ និង​ចំណាយ​ផ្សេង​ទៀត៕