កាល​ពី​ថ្ងៃទី ១៣ តុលា ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រាជានិយម ​និង​ប៉ូលិស​បាន​ផ្ទុះ​ឡើង​នៅ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក ​ដែល​ជា​កន្លែង​ជួបជុំ​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​ជា​ច្រើន​ខែ​នេះ។ ប៉ូលិស​បាន​ឃាត់​ខ្លួន​បាតុករ​ចំនួន ​២១ ​នាក់ ​ដែល​ធ្វើ​ឱ្យ​ក្រុម​បាតុករ​ស្រែក​ថា «ដោះលែង​មិត្ត​យើង​» ខណ:​​ក្បួន​រថយន្ត​របស់​ព្រះមហាក្សត្រ Maha Vajiralon gkorn បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ។

ក្រុម​បាតុករ​បាន​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​ និង​ហែ​ក្បួន​ទៅ​កាន់​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ និង​ធ្វើ​ការ​បោះ​ជំរំ​នៅ​ទីនោះ។ បើ​សិន​ក្រុម​បាតុករ​ហែក្បួន​ទៅ​មុខ ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ក្រុម​គាំទ្រ​រាជានិយម​ដែល​បាន​គ្រោង​ធ្វើ​បាតុកម្ម​ផ្ទាល់​របស់​ពួក​គេ​នៅ​ជិត​នោះ​ដែរ។ ​

កាល​ពី​ខែ​មុន​ មេ​ដឹកនាំ​ក្រុម​បាតុករ​និស្សិត​កញ្ញា ​Panusaya Sithijirawattanakul​ បាន​ធ្វើ​ការ​ទាមទារ​ចំនួន​ ១០ ​ចំណុច នៅ​មុខ​ព្រះបរម​រាជវាំង ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​របប​រាជានិយម។​ ការ​ទាមទារ​ដែល​ក្រុម​បាតុករ​បាន​ផ្ញើ​ទៅ​តុលាការ​កំពូល​រួម​មាន​ដូចជា​ការ​អំពាវនាវ​ធ្វើ​ការ​បែងចែក​ឱ្យ​កាន់​តែ​ច្បាស់​រវាង​ទ្រព្យ​សម្បត្តិ​រាជវង្ស​ និង​ទ្រព្យ​សម្បត្តិ​សាធារណ: ការ​កាត់​បន្ថយ​ថវិកា​ជាតិ ​ដែល​បាន​បម្រុង​ទុក​សម្រាប់​ព្រះមហាក្សត្រ​ ការ​លុប​ចោល​តំណែង​រាជវង្ស​មួយ​ចំនួន​ និង​ការ​ដក​ហូត​ច្បាប់ ​ដែល​រារាំង​ការ​រិះគន់​ព្រះមហាក្សត្រ។

ទោះ​ជា​យ៉ាង​ណា​ ព្រះអង្គ ​Vajiralongkorn ​បាន​យាង​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់ ​មក​ប្រទេស​ថៃ ​វិញ​នៅ​ថ្ងៃ​អង្គារ ​ដើម្បី​ចូលរួម​ពិធី​គម្រប់​ខួប ៤ ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះបិតា ​ Bhumibol Adulyadej។ តាំង​ពី​ឡើង​សោយរាជ្យ​មក​ ព្រះអង្គ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​វីឡា​របស់​ព្រះអង្គ នៅ​រដ្ឋ ​Bavaria ប្រទេស​អាល្លឺម៉ង់។ ​ព្រះអង្គ​មិន​បាន​តែងតាំង​ឧបរាជ​ ហើយ​ព្រះអង្គ​នៅ​តែ​អនុវត្ត​អំណាច​ ខណ:​ដែល​ព្រះអង្គ​គង់​នៅ​ប្រទេស​អាល្លឺម៉ង់។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​ Angela Merkel ​បាន​និយាយ​ថា ​ព្រះអង្គ​មិន​គួរ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ពី​ក្នុង​ប្រទេស​អាល្លឺម៉ង់ ទេ​។

រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​លោក Heiko Maas បាន​និយាយ​ទៅ​កាន់​សភា ​Bundestag ថា៖ «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នយោបាយ​ប្រទេស​ថៃ​ មិន​គួរ​អនុវត្ត​ចេញ​ពី​ដែនដី​អាល្លឺម៉ង់​ទេ»។

ព្រះអង្គ Vajiralongkorn ​មាន​ប្រជាប្រិយភាព​តិច​ជាង​ព្រះបិតា Bhumibol Adulyadej ​ដែល​បាន​គ្រងរាជ្យ​អស់រយ:​ពេល ​៧០ ​ឆ្នាំ។ ​ព្រះអង្គ​ត្រូវ​បាន​ប្រជាជន​រិះគន់​ជា​ច្រើន​ចំណុច ​ចាប់​តាំង​ពី​បញ្ហា​តូចៗ​ដូច​ជា​ សម្លៀក​បំពាក់​អាកប្បកិរិយា​ និង​ការ​ផ្លាស់​ប្ដូរ​ភរិយា​ និង​ស្រីស្នំ​ជា​ច្រើន​ ទៅ​ដល់​បញ្ហា​ធំៗ ​ដូច​ជា ​ការ​ទាញ​យក​ទ្រព្យ​សម្បត្តិ​រាជវង្ស​មក​គ្រប់គ្រង​ដោយ​ផ្ទាល់ ដែល​ដើម​ឡើយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ការ​ចាយ​វាយ​ខ្ជះខ្ជាយ​ការ​មិន​ស្នាក់​នៅ​ក្នុង​ប្រទេស​ និង​ការ​ទាញ​យក​ទាហាន​រាប់ពាន់​នាក់​មក​គ្រប់គ្រង​ដោយ​ផ្ទាល់។

ប៉ុន្តែ​ការ​រិះគន់​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ប្រជាជន​ថៃ​ភាគ​ច្រើន​គិត​ថា ​មិន​អាច​ធ្វើ​បាន​ ដោយសារ​ជំនឿ​ថា ​ព្រះមហាក្សត្រ​គឺ​ជា​អាទិទេព។​ ការ​ប្រមាថ​ព្រះមហាក្សត្រ ​មហាក្សត្រី ​រជ្ជ​ទាយាទ ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់ ​Lese-majest ដែល​អាច​មាន​ទោស​ជាប់​គុក​​រហូត​ដល់ ​១៥ ឆ្នាំ។​

បាតុកម្ម​បាន​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភ: ឆ្នាំ ​២០២០ ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង Future Forward។

រហូត​មក​ទល់​ពេល​នេះ​ ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ការ​ទាមទារ​ចំនួន​ ៤ ​ចំណុច ​គឺ​ការ​លាលែង​ពី​តំណែង​របស់​លោក ​ប្រាយុធ ​ចាន-អូចា ការ​ធ្វើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី ការ​កែ​ទម្រង់​របប​រាជានិយម ​និង​ការ​លុប​បំបាត់​ច្បាប់​ Lese-majest៕