ក្រុង​សេអ៊ូល៖ ​ភាព​តានតឹង​រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ជើង​ កំពុង​ឈាន​ទៅ​រក​ចំណុច​គ្រោះ​ថ្នាក់​ដោយ​របប​កុម្មុយនីស្ត​នេះ បាន​​ធ្វើ​តេស្ត​យោធា​ដោយ​គ្មាន​ពេល​កំណត់ ​ហើយ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ព្រមាន​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​ថា ​អាច​បាត់បង់​អ្វី​គ្រប់យ៉ាង ​ដោយសារ​ទង្វើ​បង្ក​​អារិភាព​នេះ​។

ប្រទេស ​កូរ៉េ​ខាង​ជើង ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​បាន​ធ្វើ​តេស្ត​មួយ​ដ៏​សំខាន់​ នៅ​ឯ​ស្ថានីយ​បាញ់​បង្ហោះ​​ផ្កាយ​រណប​នៅ​ភាគ​ពាយព្យ​របស់​ខ្លួន​ ជា​កន្លែង​បាញ់​សាកល្បង​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​កាល​ពី​ថ្ងៃ​មុន​នោះ ​និង​ថា​​ ការ​តេស្ត​នោះ​ នឹង​ជួយ​ផ្លាស់ប្តូរ​ជំហរ​ជា​យុទ្ធសាស្ត្រ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ ​

ការ​តេស្ត​នោះ​ ជា​ការ​សាកសមត្ថភាព​ម៉ាស៊ីន​​​បាញ់​រ៉ុក្កែត​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ ប្រទេស ​កូរ៉េ​ខាង​ជើង​ នឹង​​​​បាញ់​​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប (ICBM) ​​​​ប្រសិន​បើ​អាមេរិក​​ខក​ឱសានវាទ​​​នៅ​ចុង​ឆ្នាំ​នេះ ​​​លោក​ គីម ជុងអ៊ុន​​ បាន​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ បង្ហាញពី​ភាព​បត់បែន​​នៅ​ក្នុង​ការ​ចរចា​ពី​បញ្ហា​​អាវុធ​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​។

ការ​បាញ់​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ដែល​បង្ក​ការ​គំរាម​កំហែង​ផ្ទាល់​ដល់​ទ្វីប​អាមេរិក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​ការ​ទូត​ផ្ទាល់​របស់​លោក ​ដូណាល់ ​ត្រាំ ​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដ៏​រឹងរូស​ នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជា​ថ្មី​យ៉ាង​ពេញ​ទំហឹង​នោះ​៕ Yonhap/PSA