ភាព​តានតឹង​រវាង​អាល្លឺម៉ង់ និង​តួកគី​ បាន​កើន​ឡើង​ក្រោយ​ពី​ទាហាន​ជើង​ទឹក​អាល្លឺម៉ង់​ ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​យោធា​របស់​សហភាព​អឺរ៉ុប​បាន​ឡើង​ឆែកឆេរ​នាវា​ដឹក​ទំនិញ​តួកគី ​១ គ្រឿង ​ដោយ​មាន​ការ​សង្ស័យ​ថា​ កំពុង​ដឹក​អាវុធ​ខុស​ច្បាប់​ទៅ​ប្រទេស​លីប៊ី។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ២២ ខែ​វិច្ឆិកា ក្រុម​ទាហាន​អាល្លឺម៉ង់​ដែល​ចេញ​ពី​នាវា​ចម្បាំង ​Hamburg បាន​ឡើង​ឆែកឆេរ​នាវា​តួកគី​មាន​ឈ្មោះ Roseline-A តែ​រក​មិន​ឃើញ​មាន​អាវុធ​នោះ​ទេ ហើយ​បាន​ចុះ​វិញ​ ក្រោយ​ពី​ភាគី​រដ្ឋាភិបាល​តួកគី​បាន​ធ្វើ​ការ​តវ៉ា។

បេសកកម្ម Irini របស់​សហភាព​អឺរ៉ុប ដែល​ជា​អ្នក​បញ្ជា​ឱ្យ​ទាហាន​អាល្លឺម៉ង់​ឆែកឆេរ​នាវា​នេះ ​គឺ​ជា​បេសកកម្ម​ដែល​អនុវត្ត​ការ​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅ​កាន់​លីប៊ី​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​និយាយ​ថា ​ការ​ឡើង​ឆែកឆេរ​របស់​អាល្លឺម៉ង់ ​គឺ​ជា​អំពើ «ចោរកម្ម​សមុទ្រ» និង​ទីក្រុង​អង់ការ៉ា​នឹង ​«ឆ្លើយ​តប​នៅ​នឹង​កន្លែង​ ក៏​ដូច​ជា​ដំណើរការ​នីតិវិធី​ច្បាប់ ​និង​នយោបាយ»។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី ​Annegret Kramp Karrenbauer ​បាន​និយាយ​ថា ការ​តវ៉ា​​​របស់​តួកគី ​គឺ​មិន​សម​ហេតុផល​ទេ។

លោកស្រី​បាន​និយាយ​ថា៖ ​«ទាហាន​​​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​ហើយ​​​បាន​ធ្វើ​ពិត​ប្រាកដ​ស្រប​តាម​ការ​​អនុញ្ញាត​នៃ​បេសកកម្ម​អឺរ៉ុប ​Irini។

ការ​ចោទ​ប្រកាន់​ ដែល​ត្រូវ​បាន​លើក​ឡើង​ប្រឆាំង​នឹង​ទាហាន​គឺ​ មិន​សម​ហេតុផល​ទេ​»។​

មន្ត្រី​យោធា​អាល្លឺម៉ង់​បាន​និយាយ​ថា​ ពួក​គេ​បាន​និយាយ​ថា​ ពួក​គេ​បាន​ជូន​ដំណឹង​ដល់​ប្រទេស​តួកគី ​ប្រហែល ​៤​ ម៉ោង មុន​ពេល​ឡើង​ឆែកឆេរ​ហើយ​ធ្វើ​ប្រតិបត្តិការ បន្ទាប់​ពី​ទីក្រុង​អង់ការ៉ា​ ខកខាន​មិន​បាន​ឆ្លើយ​តប​ទៅ​​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ។

តួកគី​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា​ កងកម្លាំង​មិន​អើពើ​នឹង​សារ​ជា​លាយលក្ខណ៍​អក្សរ​ និង​ផ្ទាល់​មាត់​ដែល​ត្រូវ​បាន​ផ្ញើ​ដោយ​អាជ្ញាធរ​តួកគី​មុន​ពេល​ឡើង​ឆែកឆេរ។

កាល​ពី​ថ្ងៃចន្ទ​ ទី ២៣​ រដ្ឋាភិបាល​តួកគី​បាន​កោះហៅ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ អាល្លឺម៉ង់ ​និង​អ៊ីតាលី​ប្រចាំ​ក្រុង​អង់ការ៉ា ដើម្បី​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​ឆែកឆេរ​របស់​អាល្លឺម៉ង់​។

នេះ​ជា​ចំណុច​ប៉ះ​ទង្គិច​ចុង​ក្រោយ​បំផុត​រវាង​សហភាព​អឺរ៉ុប​ និង​តួកគី​ ដោយ​ភាគី​ទាំង ២ ក៏​បាន​ប៉ះ​ទង្គិច​គ្នា​ទាក់ទង​នឹង​ការ​រុករក​ឥន្ធនៈ​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​ដោយ​តួកគី ដែល​​តំបន់​នេះ ​គឺ​ជា​ដែន​ទឹក​មាន​ទំនាស់​ជាមួយ​ក្រិក ​និង​ស៊ីប។

ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​ Heiko Maas បាន​ព្រមាន​តួកគី​ថា​ បើសិន​ដក​ខ្លួន​ចេញ​ពី​តំបន់​នេះ ​ពួក​គេ​អាច​នឹង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​៕