កោះបាលី​ប្រទេស​ឥណ្ឌូនេស៊ី​ បានបណ្តេញ​ភ្ញៀវទេសចរដែលល្មើស​នឹង​វិធានការទប់ស្កាត់​ការរីក​រាលដាល​កូវីដ ១៩។ អ្នកដែល​មិនគោរព​វិធានការ​ទប់ស្កាត់​កូវីដ ១៩ ថ្មីៗ​នេះមានអ្នក​ដែលមាន​ឈ្មោះល្បី​នៅតាម​បណ្តាញ​សង្គមផងដែរ​។

អ្នកដែល​មានភាព​ល្បីល្បាញ​នៅតាម​បណ្តាញ​សង្គម​ម្នាក់ថ្មីៗនេះ ​បាន​ជិះម៉ូតូចូល​ទី​ក្នុងសមុទ្រ។ ​បន្ថែមពីនេះ ​បុគ្គល ២ ​រូបទៀត​ ក៏ត្រូវ​បាន​បណ្តេញ​ចេញពី​កោះបាលីនោះ​ដោយសារ​ពួកគេ​មិនពាក់ម៉ាស់​បានគូរ​រូប​ម៉ាស់​នៅលើមុខ​របស់ខ្លួន​នៅពេល​ដែលទៅ​ផ្សារ​ទំនើប​។

យោងតាម​ក្រសួង​យុត្តិធម៌​ឥណ្ឌូណេស៊ី​មនុស្ស​ ១៦០ នាក់ ​ត្រូវ​បានបណ្តេញ​ចេញពីកោះ​បាលី កាល​ពីឆ្នាំមុន​ពីបទល្មើស​ផ្សេងៗ។​ ឆ្នាំនេះ អាជ្ញាធរ​នៅលើកោះនេះ ​បាន​បណ្តេញមនុស្ស​ជាង ៦០ នាក់​។

តួលេខនៅ​ឆ្នាំនេះ​រួមមាន​អ្នកបង្កើត​មាតិកា​នៅលើយូធូប​ (YouTube)​ របស់​តៃវ៉ាន់​លោក ​Josh Paler Lin​ រួមជាមួយ​ជនជាតិ​រុស្ស៊ីឈ្មោះ​ Leia Se​ ក្នុងការ​ព្យាយាម​ចូលទៅ​ក្នុងផ្សារ​ទំនើប​ដោយ​មិន​ពាក់ម៉ាស់ និងគូរ​រូបម៉ាស់​នៅលើមុខ​ ដើម្បីជា​ការបោក​បញ្ឆោត​សន្តិសុខផ្សារ​អនុញ្ញាត​ឱ្យពួកគេ​ចូលទៅ​ក្នុងផ្សារ។

មុនពេល​បណ្តេញ​ចេញពី​កោះបាលី ​​ពួកគេទាំង ២​ បានបង្ហោះ​វីដេអូសុំ​ទោសតាម​អ៊ីនធឺណិត។​ លោក Lin​ បាន​និយាយថា៖ «គោលបំណង​នៃ​ការបង្កើត​វីដេអូនេះ​មិនមែន​ជាការ​មិនគោរព ឬជំរុញ​ មនុស្សគ្រប់​គ្នាមិន​ពាក់ម៉ាស់​នោះទេ។​ ខ្ញុំបាន​បង្កើតវីដេអូនេះ​ ដើម្បីផ្តល់​ភាព​សប្បាយ​រីករាយដល់​អ្នកទស្សនាវី​ដេអូខ្ញុំ​ ពីព្រោះខ្ញុំជា​អ្នកបង្កើត​មាតិកា​ហើយ​វាជាការងារ​របស់ខ្ញុំ​ ដើម្បីផ្តល់​ភាពសប្បាយ​រីករាយ​ដល់​អ្នកទស្សនា​»។

កាលពី​ខែមករា​អ្នកដែល​ល្បីនៅ​លើបណ្តាញ​សង្គម​ជនជាតិ​រុស្ស៊ី​លោក Sergey Kosenko ​ត្រូវបាន​បណ្តេញចេញ​ពីកោះ​បាលីបន្ទាប់​ពី​ បាន​បង្ហោះវីដេអូ​ដែល​លោកចូល​រួមពិធី​ជប់លៀង​ដោយមិន​បាន​គោរពតាម​វិធានការ​ទប់ស្កាត់​ការរីករាល​ដាលកូវីដ ១៩។ លោកក៏​បាន​បង្ហោះវីដេអូ​របស់លោក ​និង​មិត្តភក្តិម្នាក់​ទៀត​បើកម៉ូតូ​ចេញចូល​ទៅក្នុង​សមុទ្រ​ផងដែរ។ លោកបាន​ធ្វើការ​សុំទោស​នៅលើគណនី​បណ្តាញសង្គម​របស់​លោក។

លោកI PutuAstawa​ ប្រធានទី​ភ្នាក់ងារទេស​ចរណ៍កោះ​បាលី​បាននិយាយ​ថា ​ប៉ូលិស​យោធា​និង​មន្ត្រី​សណ្តាប់ធ្នាប់​សាធារណៈ​ នឹង​ត្រូវដាក់​ពង្រាយ​ ដើម្បី​តាមដាន​ឥរិយាបថ​របស់​ភ្ញៀវទេសចរ។

លោក Astawa ​បាន​និយាយថា៖ «យើងនឹង​មិនអត់​ឱន​ឱ្យ​ទេ។​អ្នកទាំងនេះ​កំពុងធ្វើ​ឱ្យខូចខាត​ដល់​កិច្ចខិត​ខំប្រឹងប្រែង​របស់​យើង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃជំងឺ​កូវីដ ១៩។​ ក្រុមការងារ​របស់យើង​បានធ្វើការ​ដោយមិន​ខ្លាចនឿយ​ហត់​ ដើម្បីដោះស្រាយ​ផលប៉ះពាល់​ដោយសារ​កូវីដ ១៩»។

លោកបាន​និយាយ​បន្ត​ថា៖ «ពួកគេ​កំពុងធ្វើ​ជាគំរូ​អាក្រក់​ដល់អ្នកដទៃ។​លើសពីនេះទៀត​ពួកគេមិន​គោរពច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេសនេះទេ។​ យើងត្រូវបង្ហាញថា​យើងមិនអត់ឱន​ ចំពោះ​អាកប្បកិរិយា​បែបនេះ​ហើយច្បាប់​ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា​»។

លោក AzrilAzahari ​អ្នកវិភាគ​ទេសចរណ៍ ​និងជា​ប្រធានស​មាគមទេសចរណ៍​ឥណ្ឌូណេស៊ី (Indonesia Tourism Intellectual Association) បាននិយាយថា ការបញ្ចុះតម្លៃ​សេវាកម្ម​នៅកោះនេះ​បាន​ទាក់ទាញ​ជនបរទេស​ដែលកំពុង​ស្វែងរក​កន្លែងស្នាក់​នៅ​មានតម្លៃថោក​កំឡុង​ពេល​នៃ​រោគ​រាតត្បាតជំងឺនេះ​។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុងលើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​មក​ប្រទេស​ឥណ្ឌូនេស៊ី​ ប៉ុន្តែភ្ញៀវ​ទេសចរ​ភាគច្រើន​នៅតែមាន​ការប្រុង​ប្រយ័ត្នក្នុង​ការធ្វើ​ដំណើរ​ជាពិសេស​ប្រទេសនេះ​ កំពុងមាន​ការ​រីករាលដាលកូវីដ​ ១៩ ខ្លាំង​៕