ក្រុង​ញូវដែលី៖ ​ប៉ូលិស​បាន​ប្រាប់​ AFP ថា​ មនុស្ស​យ៉ាង​តិច ​៤៣ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ភ្លើង​ឆេះ​រោងចក្រ​មួយ​​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស ​ឥណ្ឌា​ ដោយ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​គិត​ទុក​ថា​នឹង​កើន​ឡើង​ថែម​ទៀត​។ ​

អគ្គិភ័យ​នោះ​ បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នាពេល​ព្រឹក​នៅ​ក្នុង​សង្កាត់​ចាស់​មួយ​នៅ​ក្នុង​ក្រុង​នេះ ​ដែល​មាន​ផ្លូវ​តូចៗ​ជា​ច្រើន​ និង​កក​ស្ទះ ​ដោយ​មាន​កន្លែង​ស្តុក​ទំនិញ​ និង​រោងចក្រ​តូចៗ​ជា​ច្រើន​។​

លោក ​Sunil Choudhary អនុ​ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ​ក្រុង​ញូវដែលី​បាន​ប្រាប់​ AFP ​ថា ចាប់​តាំង​ពី​ភ្លើង​ឆេះ​មក​ យើង​បាន​ជួយ​សង្គ្រោះ​មនុស្ស​យ៉ាង​តិច​ ៥០ ​នាក់។ ​

លោក​បាន​ថ្លែង​ថា​ ពួក​គេ​គឺ​ជា​ពលករ​ និង​កម្មករ​រោងចក្រ​ ដែល​ដេក​នៅ​ក្នុង​អគារ​មាន ​៤ ឬ ​៥ ​ជាន់​ ដោយ​បាន​បន្ថែម​ថា ​អគ្គិភ័យ​នោះ​ ត្រូវ​បាន​ពន្លត់​ ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​កំពុង​បន្ត​។ ​​​

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ក្រុង​ញូវដែលី​បាន​ថ្លែង​ថា ​ក្រោយ​មក​មនុស្ស ​៨ ​ឬ ​៩ ​នាក់ ត្រូវ​បាន​សែង​ចេញ​ក្រៅ ​ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​មាន​យ៉ាង​តិច ​៥៨ ​នាក់​។ ​

ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​មាន​ការ​ពិបាក​ចូល​ទៅ​ដល់​អគារ​ដែល​ភ្លើង​ឆេះ ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​Sadar Bazar ​នោះ​។

បណ្តាញ​សារព័ត៌មាន​​ក្នុង​តំបន់​បាន​ចាក់​ផ្សាយ​រូបភាព​វីដេអូ​នៃ​ក្រុម​ពន្លត់​អគ្គិភ័យ​ ដែល​សែង​មនុស្ស​ទៅ​​កាន់​រថយន្ត​សាមុយ​៕ AFP/PSA