ក្រុងតូក្យូៈ ភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងបានរំខានដល់កិច្ចខិតខំប្រឹងប្រែងនានា របស់ក្រុមអ្នកជួយសង្គ្រោះរាប់ម៉ឺននាក់ នៅក្នុងប្រទេសជប៉ុនភាគនិរតី កាលពីថ្ងៃចន្ទ ខណៈពួកគេបានស្វែងរកក្រុមអ្នកនៅរស់ពីការស្លាប់ដោយសារគ្រោះទឹកជំនន់និងបាក់ដី ដោយមានការព្យាករថា នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀត នៅក្នុងប្រទេសមួយនេះ។
មនុស្សប្រហែល ៥០ នាក់ ត្រូវបានគេព្រួយបារម្ភថាអាចស្លាប់ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅក្នុងតំបន់មួយចំនួននៅជប៉ុនភាគខាងលិច ដែលបានចាប់ផ្តើមធ្លាក់កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ ដោយបានបង្កឲ្យទន្លេខ្លះបាក់ច្រាំងជាច្រើន និងជន់លិចនៅក្នុងតំបន់វាលទំនាបមួយចំនួន នៅទីនោះ។
មន្ត្រីប្រចាំតំបន់បានថ្លែងថា អាកាសធាតុដ៏អាក្រក់កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមួយចំនួន ដោយមានមនុស្សយ៉ាងតិច ១៣ នាក់ នៅតែមិនទាន់ត្រូវបានគេរាប់បញ្ចូលនៅឡើយ។
លោក ស៊ូបាសា មីយ៉ាម៉ូតុ ជាមន្ត្រីម្នាក់មកពីតំបន់គូម៉ាម៉ូតុ បានថ្លែងប្រាប់កាសែត AFP ថា៖ «ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង យើងត្រូវបានបង្ខំចិត្តលុបចោលមិនបើកឧទ្ធម្ភាគចក្របន្ទាន់មួយចំនួននៅពីលើតំបន់មហន្តរាយនោះ»៕ SK