ក្រុងញូវដែលី៖ ប៉ូលិសបានថ្លែងកាលពីថ្ងៃអាទិត្យថា សាកសពយ៉ាងតិច ៤៣ នាក់ ត្រូវបានគេរកឃើញ ក្រោយពីបាក់ដីទ្រង់ទ្រាយធំមួយដែលបានបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងរដូវវស្សា បានហូរកួចនាំយកក្រុមបុគ្គលិកចម្ការតែរាប់សិបនាក់នៅប្រទេសឥណ្ឌាភាគនិរតី។
ការបាក់ដីនៅក្នុងស្រុកអ៊ីឌុកគី ចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ពីរដ្ឋធានីធីរ៉ូវ៉ាណាន់ថាប៉ូរ៉ាម នៅរដ្ឋគឺរ៉ាឡា បានកើតឡើងកាលពីថ្ងៃសុក្រ ប៉ុន្តែការបន្តស្វែងរក និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបានរំខានដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីនោះ។
ប្រធានប៉ូលិសស្រុកអ៊ីឌុកគី គឺលោក ការូបប៉ាសាមី បានថ្លែងប្រាប់កាសែត AFP ថា ចំនួនសរុបបានកើនឡើងរហូតដល់ ៤៣ នាក់ កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ។
មន្ត្រីប៉ូលិសម្នាក់បានថ្លែងកាលពីព្រឹកថ្ងៃអាទិត្យថា សាកសពចំនួន ២៦ នាក់ ត្រូវបានគេរកឃើញកាលពីយប់ថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្សប្រហែល ៧៨ នាក់ ត្រូវបានគេជឿថា បានស្លាប់នៅក្នុងតំបន់នោះ ដោយមានមនុស្សជាច្រើននៅតែកំពុងបាត់ខ្លួននៅទីនោះ។
រដ្ឋគឺរ៉ាឡា បានរងការវាយប្រហារដោយសារទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់ នៅក្នុងរដូវវស្សាប្រចាំឆ្នាំ នៅក្នុងប្រទេសឥណ្ឌា មួយនេះ។
មនុស្សយ៉ាងតិច ១៨ នាក់បានស្លាប់ នៅក្នុងយន្តហោះដឹកអ្នកដំណើរ ១ គ្រឿង បានធ្លាក់នៅក្នុងរដ្ឋគឺរ៉ាឡា កាលពីថ្ងៃសុក្រនៅពេលយន្តហោះ Air India Express ១ គ្រឿង បានរអិលធ្លាក់ពីផ្លូវ ខណៈកំពុងព្យាយាមចុះចតនៅក្នុងព្យុះមួយ ហើយវាបានរអិលធ្លាក់ខុសផ្លូវនៅក្នុងឧប្បត្តិហេតុនោះ។
នៅរដូវវស្សាភ្លៀងបានធ្លាក់នៅទូទាំងអាស៊ីខាងត្បូង ត្រូវបានបំពេញទឹកទន្លេ និងនៅក្នុងដីឡើងវិញ ប៉ុន្តែវាបានបង្កឲ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញនៅទូទាំងសកលលោក។
មនុស្សជាង ៣០០នាក់បានស្លាប់ នៅក្នុងទឹកជំនន់ និងរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌា បង់ក្លាដែស និងនេប៉ាល់ នៅភាគខាងកើត និងភាគឦសាន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕ AFP/SK