ក្រុងប៉ារីស៖ មនុស្សរាប់ពាន់នាក់បានហែក្បួននៅក្នុងក្រុងជាច្រើន នៅជុំវិញពិភពលោកសម្រាប់ការជួបជុំសប្តាហ៍ទី២ កាលពីថ្ងៃសៅរ៍ ដើម្បីគាំទ្រដល់ចលនា Black Lives Matter នៅអាមេរិក ប៉ុន្តែក៏បានលើកឡើងពីការរើសអើងពូជសាសន៍ និងអំពើសាហាវព្រៃផ្សៃនៅក្នុងប្រទេសរបស់ពួកគេផ្ទាល់ដែរ។
មានការជួបជុំជាច្រើននៅក្នុងក្រុងនានានៅទូទាំងអឺរ៉ុបដោយមនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅក្នុងក្រុងមួយចំនួននៅប្រទេសបារាំង និងការប៉ះទង្គិចបានផ្ទុះឡើងនៅក្រុងប៉ារីស និងក្រុងលីយ៉ុង។
ប៉ូលិសបានចាប់ខ្លួនអ្នកតវ៉ាជាច្រើននាក់នៅក្នុងក្រុងឡុងដ៍ ក្រោយពីអំពើហិង្សានៅពេលដែលពួកគេបានប្រឈមនឹងមនុស្ស ដែលគាំទ្រភាពស្មើគ្នានៃជាតិសាសន៍នៅទីនោះដោយលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន បានប្រកាសបដិសេធការប្រព្រឹត្តការរើសរើសពូជសាសន៍របស់ពួកគេ។
បាតុកម្មជាប្រវត្តិសាស្ត្ររយៈពេលជាច្រើនសប្តាហ៍ ត្រូវបានបង្កឡើងដោយការស្លាប់របស់លោក George Floyd ជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ប្រព្រឹត្តដោយប៉ូលិសម្នាក់ដែលជាការស្លាប់ថ្មីបំផុតនៅក្នុងចំណោមបុរសស្បែកខ្មៅ ដែលត្រូវបានសម្លាប់ដោយការអនុវត្តច្បាប់របស់ប៉ូលិសស្បែកសនៅអាមេរិក។
ការស្លាប់គួរឲ្យឈឺចាប់បំផុតរបស់លោក ខណៈប៉ូលិសដែលយកជង្គង់សង្កត់ករបស់លោក ត្រូវបានថតដោយអ្នកដើរឆ្លងកាត់ និងបានចែករំលែកភ្លាមៗនៅលើបណ្តាញសង្គមដោយបង្កឲ្យផ្ទុះកំហឹង ជាលើកដំបូងនៅអាមេរិក និងនៅជុំវិញពិភពលោក។
ភាពចលាចលទ្រង់ទ្រាយធំនេះ បានបង្ខំឲ្យមានការសន្ទនាជាសកលមិនធ្លាប់មានពីមុនអំពីកេរដំណែលនៃភាពជាទាសករ និងការដាក់អាណានិគមរបស់អឺរ៉ុប និងអំពើហិង្សារបស់ពលរដ្ឋស្បែកសប្រឆាំងពណ៌សម្បុររបស់មនុស្ស និងការប្រើយោធារបស់ប៉ូលិសនៅអាមេរិក។
ប៉ូលិសបានឃាត់ក្រុមអ្នកតវ៉ានៅក្រុងប៉ារីសកាលពីថ្ងៃសៅរ៍មិនឲ្យហែក្បួនឆ្លងកាត់រដ្ឋធានីនេះ ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្រោយពីក្រុមបាតុករបានគប់ទៅលើពួកគេ ដោយវត្ថុរឹងៗនោះ។
នៅក្នុងក្រុងលីយ៉ុងភាគអាគ្នេយ៍ប៉ូលិសបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក នៅចុងបញ្ចប់នៃការធ្វើបាតុកម្ម ដែលមានការចូលរួមពីមនុស្សប្រហែល ២ ពាន់នាក់។
ការធ្វើបាតុកម្មនៅក្រុងប៉ារីស ត្រូវបានអំពាវនាវដោយក្រុមដាក់សម្ពាធមួយក្រុម ដែលបានធ្វើយុទ្ធនាការដើម្បីយុត្តិធម៌ជូន Adama Traore ជាបុរសស្បែកខ្មៅម្នាក់ ដែលស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសកាលពីឆ្នាំ ២០១៦។
ប្អូនស្រីរបស់លោក Traore បានអំពាវនាវដល់អ្នកដែលចូលរួមការជួបជុំនេះឲ្យប្រកាសពីការបដិសេធភាពយុត្តិធម៌ ប្រកាសបដិសេធចោលអំពើហិង្សាសង្គម ការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស។
នាងធ្វើការប្រៀបធៀបរវាងការស្លាប់លោក Floyd នៅក្នុងក្រុងមីននៀប៉ូលីស និងការ-ស្លាប់បងប្រុសនាង និងបានអំពាវនាវឲ្យធ្វើការស៊ើបអង្កេតយ៉ាងពេញទំហឹងទៅលើការស្លាប់របស់បងប្រុសនាង។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អំពាវនាវឲ្យមានការកែទម្រង់ជាប្រព័ន្ធនៃការអនុវត្តរបស់ប៉ូលិសនៅបារាំង។
ការជួបជុំជាច្រើនបានកើតឡើងនៅចុងសប្តាហ៍ ខណៈក្រុមឃ្លាំមើលប៉ូលិសបានបង្ហាញថា ខ្លួនទទួលបានពាក្យបណ្តឹង ១ ៥០០ ប្រឆាំងមន្ត្រីក្នុងឆ្នាំ ២០១៩៕ AFP/PSA