ក្រុងម៉ូស្គូ៖ មនុស្សរាប់រយនាក់ បានចូលរួមការតវ៉ាថ្ងៃទី ២ កាលពីថ្ងៃអាទិត្យ នៅក្រុងខាបារ៉ូវស្គ៍ នៃប្រទេសរុស្ស៊ីចុងខាងកើត ជុំវិញការចាប់ខ្លួនអភិបាលក្រុងដ៏មានប្រជាប្រិយភាព ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកជំនួញអស់ជាច្រើននាក់។
លោក Sergei Furgal មានអាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានគេឲ្យឃុំខ្លួន ២ ខែ មុននឹងកាត់ទោសជុំវិញបទឧក្រិដ្ឋរយៈពេល ១៥ ឆ្នាំកន្លងទៅ។
យោងតាមការប៉ាន់ប្រមាណមុនៗ បានឲ្យដឹងថា វិធានការនេះបានបង្កឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងខាបារ៉ូវស្គ៍ ដែលត្រូវបានចូលរួមដោយមនុស្សចន្លោះពី ១ ម៊ឺននាក់ ទៅ ៤ ម៊ឺននាក់។
យោងតាមទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យមនុស្សរាប់រយនាក់បានដើរហែក្បួនឆ្លងកាត់ក្រុងនេះទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងតំបន់។
អ្នកគាំទ្រក្នុងតំបន់របស់ឥស្សរជនប្រឆាំងរុស្ស៊ីឈានមុខ គឺលោក Alexei Navalny បានដាក់ចំនួនអ្នកចេញមកតវ៉ាប្រហែល ២ ពាន់នាក់។
លោក Furgal ទទួលបានជ័យជម្នះក្នុងការប្រជែងយកតំណែងអភិបាលក្រុងក្នុងឆ្នាំ ២០១៨ ដោយធ្វើឲ្យបក្សរួបរួមរុស្ស៊ីរបស់លោក ពូទីន ទទួលភាពអាម៉ាស់។
ការចាប់ខ្លួនលោក Furgal នេះ បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោក ពូទីន ដែលបានកាន់តែតំណែង ២ ទសវត្សរ៍បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីទៅលើការកែទម្រង់រដ្ឋធម្មនុញ្ញ ដែលអាចឲ្យលោកបន្តតំណែងដល់ឆ្នាំ ២០៣៦៕ AFP/PSA