ក្រុង​គូឡាឡាំពួៈ ​ក្រុម​អាជ្ញាធរ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​រាប់​សិប​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ ​ហើយ​​សាលា​រៀន​រាប់រយ​ត្រូវ​បាន​បិទ​ទ្វារ​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី ​ដោយសារ​ផ្សែង​ពុល​ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ចេញ​មក​ពី​រោងចក្រ​គីមី​មួយ។​

នេះ​ គឺ​ជា​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ទី២ ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្ម័ន​ពុល​នៅ​ក្នុង​សង្កាត់​ Pasir Gudang​ នៅ​ក្នុង​រដ្ឋ​ជោហ៊រ​ភាគ​ខាង​ត្បូង​ក្នុង​រយៈពេល​ ៣ ​ខែ ​ក្រោយ​ពី​ប្រជាជន​រាប់​ពាន់​នាក់ បាន​​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ខែ​មីនា​ នៅ​ពេល​ដែល​កាក​សំណល់​ត្រូវ​បាន​ចាក់​ចូល​ក្នុង​ទន្លេ​មួយ​ និង​បាន​បញ្ចេញ​ផ្សែង​ពុល​មក​វិញ។​

ពី​ដំបូង​ ក្រុម​អ្នក​ស្រុក​បាន​កត់​សម្គាល់​ឃើញ​ថា ​ផ្សែង​បាន​ហើរ​ពាសពេញ​តំបន់​ឧស្សាហកម្ម​កាល​ពី​ចុង​សប្តាហ៍​មុន ​ហើយ​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​នៅ​នោះ ​មាន​ក្មេង​សិស្ស​សាលា​ បាន​ចាប់​ផ្តើម​ក្អួត​ចង្អោរ ​និង​ពិបាក​ដក​ដង្ហើម។

យោង​តាម​ទីភ្នាក់ងារ​​ព័ត៌មាន ​Bernama ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​ជោហ៊រ លោក​​ Sahruddin Jamal បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​ ​មនុស្ស ​៧៥ ​នាក់​ ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ដើម្បី​ព្យាបាល​។​

ឥឡូវ​នេះ ​ក្រុម​អាជ្ញាធរ​នៃ​ប្រទេស ​ម៉ាឡេស៊ី​ បាន​បញ្ជា​ឲ្យ​បិទ​គ្រឹះស្ថាន​អប់រំ ​៤៧៥ ​កន្លែង ​នៅ​ក្នុង​តំបន់​នោះ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​នោះ​មាន​វិទ្យាស្ថាន​ឧត្តម​សិក្សា​ចំនួន ​៣ ​សាលា​រដ្ឋ ​១១១​ និង​សាលា​ឯកជន ​១៤​ និង​សាលា​មត្តេយ្យ​ចំនួន​ ​៣៤៧ ​កន្លែង។

ឧប្បត្តិហេតុ​ថ្មី​នេះ​ មិន​ត្រូវ​បាន​គេ​ជឿ​ថា​ទាក់ទង​នឹង​លើក​ដំបូង​ទេ។​

លោក​នាយក​រដ្ឋមន្ត្រី​ ម៉ាហា​ធៀ​ ម៉ូហាម៉ាដ​ បាន​ប្តេជ្ញា​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ដែល​ទទួល​ខុស​ត្រូវ។

លោក​បាន​ថ្លែង​ថា ​មាន​រោងចក្រ​ច្រើន​ហាក់​ដូច​ជា​មិន​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ និង​សុខភាព​​របស់​ប្រជាជន​ទាល់​តែ​សោះ​៕ AFP/PSA