ក្រុងបៃរូត៖ ក្រុមអ្នកតវ៉ាបាននាំគ្នាចេញតាមដងផ្លូវនានានៃរដ្ឋធានីលីបង់ កាលពីថ្ងៃសៅរ៍ ដើម្បីរិះគន់ការដួលរលំសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ខណៈការប៉ះទង្គិចជាច្រើនលើកបានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ា និងក្រុមប្រឆាំងរបស់ក្រុមស៊ីអ៊ីដ ហេបូឡាហ៍គាំទ្រដោយអ៊ីរ៉ង់។
មនុស្សរាប់រយនាក់បានចេញតាមដងផ្លូវនៅក្នុងការតវ៉ា និងនៅជុំវិញទីលាន Martyrs នៅកណ្តាលទីក្រុងបៃរូត ដោយមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូចៗ រវាងអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងបាតុករទាំងនោះ។
កាកបាទក្រហមលីបង់បានថ្លែងថា មនុស្ស ៤៨ នាក់បានរងរបួសនៅក្នុងអំពើហិង្សានោះ និង ១១ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមនុស្សផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងតវ៉ា។
នេះគឺជាការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំដំបូង បានទាក់ទាញបាតុករជាច្រើនមកពីទូទាំងប្រទេសចាប់តាំងពីអាជ្ញាធរបានបន្ធូរបន្ថយការបិទប្រទេស ដែលបានដាក់កាលពីពាក់កណ្តាលខែមីនាកន្លងទៅ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
និស្សិត គ្រីស្ទីណា មានអាយុ ២១ ឆ្នាំបាននិយាយថា៖ «យើងបានចេញតាមដងផ្លូវ ដើម្បីទាមទារសិទ្ធិរបស់យើង ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើផ្នែកវេជ្ជសាស្ត្រ អប់រំ ការងារ និងសិទ្ធិជាមូលដ្ឋានដែលមនុស្សគ្រប់គ្នាត្រូវការ»។
ក្រុមអ្នកតវ៉ាជាច្រើន បានពាក់ម៉ាស់ការពារខ្លួនថា ជាផ្នែកនៃវិធានការអនាម័យដែលត្រូវបានធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសផ្លូវដង្ហើមកូរ៉ូណាដែលបានធ្វើឲ្យលីបង់ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ដែលបានកើតឡើងចាប់តាំងពីប្រទេសនេះ បានជាប់នៅក្នុងសង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧៥ ដល់ ១៩៩០៕ AFP/SK