ក្រុងហ្សឺណែវៈ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនប្រជាពលរដ្ឋដ៏ច្រើនមិនធ្លាប់មានពីមុនចំនួន ៦៨,៥ លាននាក់ត្រូវបានបង្ខំឲ្យគេចចេញពីផ្ទះសំបែងរបស់ពួកគេ ដោយសារសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ ហើយជាការកត់សម្គាល់ គឺនៅកន្លែងដូចជាប្រទេសមីយ៉ាន់ម៉ា និងប្រទេសស៊ីរី។ នៅត្រឹមចុងឆ្នាំ ២០១៧ ចំនួននេះ គឺជិត ៣ លានខ្ពស់ជាងឆ្នាំមុន និងបានបង្ហាញការកើនឡើងចំនួន ៥០ ភាគរយពីចំនួន ៤២,៧ លាននាក់ដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងរយៈកាល ១ ទសវត្សរ៍កន្លងទៅ។ នេះបើតាមរបាយការណ៍ដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិ បានបន្តថា តួលេខបច្ចុប្បន្ន គឺស្មើនឹងចំនួនប្រជាជនទាំងមូលក្នុងប្រទេសថៃ ហើយចំនួននៃប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីលំនៅឋានទាំងបង្ខំ គឺស្មើនឹងមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១១០ នាក់ទូទាំងពិភពលោក។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានថ្លែងថា៖ «យើងកំពុងស្ថិតនៅក្នុងអំឡុងពេលផ្លាស់ប្តូរដ៏ធំមួយ ដែលភាពជោគជ័យក្នុងការគ្រប់គ្រង ការជម្លៀសទាំងបង្ខំនៅទូទាំងពិភពលោក តម្រូវឲ្យមានវិធីសាស្ត្រថ្មីមួយដែលមានភាពទូលំទូលាយខ្លាំង ជាងមុន ដើម្បីឲ្យប្រទេសនានា និងសហគមន៍នានាមិនត្រូវបានទុកចោល ហើយដោះស្រាយបញ្ហាតែម្នាក់ឯងនោះទេ»។
លោក បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងក្រុងហ្សឺណែវមុននឹងធ្វើការដាក់ចេញនូវរបាយការណ៍នេះថា ប៉ុន្តែប្រហែល ៧០ ភាគរយនៃចំនួននោះ គឺជាប្រជាពលរដ្ឋមកពីប្រទេសចំនួន ១០។
លោកបានថ្លែងថា៖ «ប្រសិនបើមានដំណោះស្រាយនៅក្នុងប្រទេសទាំង ១០ នោះឬយ៉ាងហោចណាស់នៅក្នុងចំណោមពួកគេ តួលេខដ៏ធំនេះ អាចនឹងចាប់ផ្តើមធ្លាក់ចុះ ជាជាងកើនឡើងរាល់ឆ្នាំ»។ លោកបានអំពាវនាវឲ្យមានឆន្ទៈនយោបាយជាងមុន ដើម្បីបញ្ឈប់វិបត្តិ ដែលបង្ខំមនុស្សជាច្រើនចេញពីលំនៅឋានរបស់ខ្លួន។
របាយការណ៍ បានបង្ហាញថា មនុស្សចំនួន ១៦,២ លាននាក់ ត្រូវបានជម្លៀសកាលពីពេលថ្មីៗកាលឆ្នាំមុន និងរួមទាំងអ្នកដែលត្រូវបានបង្ខំឲ្យគេចចេញជាលើកទីមួយ ព្រមទាំងអ្នកដែលត្រូវបានជម្លៀសកាលពីពេលមុន។
UNHCR បានឲ្យដឹងថា មនុស្សប្រហែល ៤៤៥០០ នាក់ ដែលត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ពួកគេជារៀងរាល់ថ្ងៃ ឬ មនុស្សម្នាក់ត្រូវជម្លៀសចេញពីផ្ទះសំបែងរៀងរាល់ ២ វិនាទី។
មនុស្សភាគច្រើនភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេផ្ទាល់ និងត្រូវបានកំណត់អត្ថន័យថា មនុស្សត្រូវបានគេ ជម្លៀសក្នុងប្រទេស។
ត្រឹមចុងឆ្នាំ ២០១៧ មនុស្សត្រូវជម្លៀសនៅក្នុងប្រទេសប្រហែល ៤០ លាននាក់ នៅ ទូទាំងពិភពលោក ធ្លាក់ចុះតិចតួចពីឆ្នាំមុន ដោយកូឡុំប៊ី ស៊ីរី និងកុងហ្គោមានចំនួនច្រើនជាងគេបំផុត៕