កាល​ពី​ថ្ងៃ​ពុធ ទី ១០ មីនា សេតវិមាន​បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Anthony Blinken នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ថ្ងៃទី ១៨ មីនា ​ខាង​មុខ​នេះ ដែល​កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Anchorage រដ្ឋ Alasaka សហរដ្ឋអាមេរិក។

នេះ​ជា​កិច្ចប្រជុំ​ដំបូង រវាង​មន្ត្រី​ការទូត​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង ២ តាំង​ពី​ពេល​លោក​ប្រធានាធិបតី Joe Biden ចូល​កាន់​អំណាច។ កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​នៅ​ចំពេល​លោក Blinken វិល​ត្រឡប់​មក​ពី​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​ទៅ​កាន់​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​គឺ​ជប៉ុន ​និង​កូរ៉េខាងត្បូង និង​បន្ទាប់​ពី​កិច្ចប្រជុំ​វេទិកា​សន្តិសុខ «Quad» រវាង​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា៕