ក្រុង​តេអេរ៉ង់៖ ​ប្រទេស ​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ប្រកាស​​អំពី​ការ​ចាប់​បាតុករ​លើក​ដំបូង​របស់​ខ្លួន​ ជុំវិញ​ឧប្បត្តិហេតុ​ការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ុយក្រែន ​១ ​គ្រឿង​ ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​បញ្ចេញ​កំហឹង​របស់​ពួក​គេ​ចំពោះ​​គ្រោះ​មហន្តរាយ​កំហុស​ឆ្គង​របស់​ប្រទេស ​អ៊ីរ៉ង់ ​រយៈពេល ​៤ ​ថ្ងៃ​ជាប់ៗ​​គ្នា​។​

រយៈ​ពេល​ជិត ​២ ​សប្តាហហ៍ ​ក្រោយ​ពី​អាមេរិក​បាន​សម្លាប់​មេ​បញ្ជាការ​កំពូល​របស់​អ៊ីរ៉ង់ ​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ ភាព​តានតឹង​ជាមួយ​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ បាន​កើន​ឡើង​បន្ថែម​ទៀត​ ខណៈ​ក្រុម​ប្រទេស​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ដំណើរការ​ពិភាក្សា​ចោទ​ប្រកាន់​ក្រុង​តេអេរ៉ង់​ ពី​បទ​ខកខាន​មិន​បាន​ប្តេជ្ញា​​គោរព​ តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​ ដោយ​បាន​ព្រមាន​អ៊ីរ៉ង់​អំពី «​ផល​វិបាក​ផ្សេងៗ»​ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​មុន​នោះ​។​

យន្តហោះ​ជើង​ហោះហើរ​អន្តរជាតិ​អ៊ុយក្រែន​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មីស៊ីល​រយៈពេល​ដ៏​ខ្លី​ ក្រោយ​ពី​បាន​ហោះ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​បណ្តាល​ឲ្យ​ក្រុម​អ្នក​ដំណើរ​ និង​យានិក​ទាំង​អស់ ​១៧៦ ​នាក់ ដែល​ជិះ​ក្នុង​យន្តហោះ​​ស្លាប់​។​

ប្រទេស ​អ៊ីរ៉ង់​ បាន​តស៊ូ​ដើម្បី​ទប់ស្កាត់​បញ្ហា​ ជុំវិញ​ការ​ដោះស្រាយ​របស់​ខ្លួន​អំពី​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​ ក្រោយ​ពី​ធ្វើ​ការ​បដិសេធ​លើក​ដំបូង​ ចំពោះ​ការ​អះអាង​របស់​ប្រទេស​លោក​ខាង​លិច​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដោយ​គ្រាប់​មីស៊ីល​ នៅ​មុន​ពេល​ដែល​ខ្លួន​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​សៅរ៍​។​

សោក​នាដកម្ម​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ក្រុម​អ្នក​តវ៉ា​ហិង្សា​រាប់​រយ​នាក់​ ពួក​គេ​ភាគ​ច្រើន​ជា​ក្រុម​និស្សិត​បាន​ចេញ​តាម​ដង​ផ្លូវ​នានា​ ដោយ​បាន​បង្ហាញ​ថា​ ពួក​គេ​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​សាធារណរដ្ឋ​នេះ​។​

រូបភាព​វីដេអូ​ថ្មីៗ​មួយ​ចំនួន​ ដែល​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បាន​អះអាង​បង្ហាញ​អំពី​ការ​តវ៉ា​ថ្មីៗ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ​នៅ​តាម​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​តេអេរ៉ង់​ រួមមាន​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​រវាង​ក្រុម​និស្សិត​ និង​ជីវពល​បាសិច​ស្មោះត្រង់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​។​

មិន​អាច​មាន​លទ្ធភាព ​ដើម្បី​ផ្ទៀងផ្ទាត់​រូបភាព​វីដេអូ​ទាំង​អស់​​នោះ​បាន​ភ្លាមៗ​​​នោះ​ទេ​៕ AFP/SK