ក្រុង​យ៊ាំងហ្គោន៖ ប្រទេស ​មីយ៉ាន់ម៉ា ​បាន​អំពាវនាវ​សុំ​ជំនួយ​បរិក្ខារពេទ្យ​ និង​ជំនួយ​ផ្គត់ផ្គង់​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​ ខណៈ​ប្រទេស​នេះ​បង្កើន​កិច្ច​ប្រឹងប្រែង ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​​ជំងឺ​កូវីដ ​១៩។​

ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​សុក្រ​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​ស្ថានទូត​បរទេស​នានា​ថា​ ក្រៅ​ពី​បរិក្ខារ និង​គ្រឿង​ផ្គត់ផ្គង់​ផ្នែក​ពេទ្យ​នោះ ​ក្រសួង​សុខាភិបាល​ត្រូវ​ការ​ឧបករណ៍​តេស្ត​ជំងឺ​កូវីដ ​១៩ ​ជា​ច្រើន​ថែម​ទៀត ​ដើម្បី​បង្កើន​សមត្ថភាព​ស៊ើប​អង្កេត​របស់​ខ្លួន​ ក្នុង​ការ​តាម​ដាន​មនុស្ស​ដែល​ត្រូវ​បានសង្ស័យ​ថា ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ ជា​ជំងឺ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ​៦ ម៊ឺន​នាក់​ស្លាប់ ​នៅ​ក្នុង​ប្រទេស​ចំនួន ​១៨១។​​​​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា៖ «​ក្រសួង​សូម​សម្តែង​ការ​​អរគុណ​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត ​ប្រសិន​បើ​ស្ថានទូត ​និង​កុងស៊ុល​នានា​ និង​ការិយាល័យ​នានា​របស់​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​ទីភ្នាក់ងារ​ឯកទេស​របស់​ខ្លួន​ប្រចាំ​នៅ​​ប្រទេស ​មីយ៉ាន់ម៉ា ​អាច​កៀរគរ​ម្ចាស់​ជំនួយ​នៅ​ក្នុង​ការ​ផ្តល់​បរិក្ខារ​ និង​ជំនួយ​ផ្គត់ផ្គង់​ផ្នែក​ពេទ្យ​ដល់​ប្រទេស​នេះ»​។ ​

ប្រទេស ​មីយ៉ាន់ម៉ា ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ​២០ ​នាក់​ចាប់​តាំង​ពី​ខ្លួន​បាន​រាយការណ៍​អ្នក​ជំងឺ​កូវីដ ​១៩ ​លើក​ទី ១ ​កាល​ពី​ថ្ងៃទី ​២៣​ ខែ​មីនា ​ដោយ​មាន​អ្នក​ស្លាប់​ម្នាក់​។

ក្រសួង​នេះ​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​ទប់ស្កាត់​វីរុស​នេះ​មិន​ឲ្យ​ឆ្លង​នៅ​ក្នុង​នោះ ​មាន​ការ​ទប់ស្កាត់​​ប្រជាជន​មិន​ឲ្យ​ធ្វើ​ដំណើរ​នៅ​ក្នុង​បុណ្យ​​Thingyan មាន រយៈពេល ​១០ ​ថ្ងៃ​​ ជា​ពិធី​បុណ្យ​​ពិសេស​បំផុត​នៅ​ក្នុង​ប្រទេស​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ពី​​ពិធី​បុណ្យ​ចូល​ឆ្នាំ ​នៅ​មីយ៉ាន់ម៉ា​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១៧​ ខែ​មេសា​ ក្នុង​ឆ្នាំ​នេះ​។

លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ យូវីន​ មីអ៊ីនធ៍ ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ក្នុង​តំបន់​ទាំង​អស់​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការ​ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​​នៅ​ក្នុង​​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ​លើកលែង​តែ​បុណ្យ​សព​៕ My.Times/PSA