ក្រុងយុាំងហ្គោនៈ កាលពីថ្ងៃអង្គារមីយ៉ាន់ម៉ា បានប្រកាសថា ជនបរទេសទាំងអស់ដែលមកដល់ប្រទេសមីយ៉ាន់ម៉ា ត្រូវតែបង្ហាញលិខិតបញ្ជាក់សុខភាព ដែលបង្ហាញថា ពួកគេគ្មានជំងឺផ្លូវដង្ហើម (គ្រុន-ក្តៅ ក្អក ឬពិបាកដកដង្ហើម) មុននឹងឡើងជិះយន្តហោះរបស់ពួកគេ។
ក្រសួងការបរទេស និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បាននិយាយថា អ្នកដំណើរបរទេសទាំងអស់នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ។
បទប្បញ្ញត្តិថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃពុធហើយផ្លាស់ប្តូរវិធានការនានាដែលត្រូវបានប្រកាសមុននេះ។
ជនបរទេសទាំងអស់ តម្រូវឲ្យបង្ហាញភ័ស្តុតាងថា គ្មានឆ្លងជំងឺកូវីដ១៩ចេញពីទីពិសោធន៍ រយៈពេលមិនលើសពី ៧២ ម៉ោងមុនកាលបរិចេ្ឆទធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគាររយៈពេល ១៤ ថ្ងៃ។
អ្នកការទូតទាំងអស់ ដែលត្រូវបានតែងតាំងឲ្យទៅមីយ៉ាន់ម៉ា និងមន្ត្រីអង្គការសហប្រជាជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ ក៏តម្រូវឲ្យបង្ហាញភ័ស្តុតាងថា គ្មានឆ្លងជំងឺកូវីដ១៩ចេញពីទីពិសោធន៍ក្នុងរយៈពេលមិនលើសពី ៧២ ម៉ោង នៅមុនកាលបរិចេ្ឆទធ្វើដំណើរមកកាន់មីយ៉ាន់ម៉ា និងត្រូវឲ្យនៅផ្ទះដាច់ដោយឡែក ១៤ ថ្ងៃ។
កាសែត The Global New Light of Myanmar គាំទ្រដោយរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏កំពុងជំរុញឲ្យពលករទាំងអស់ឲ្យដាក់ខ្លួនពួកគេឲ្យនៅដាច់ដោយឡែកសម្រាប់រយៈពេល ២ សប្តាហ៍ ខណៈដែលអគារនានារបស់រដ្ឋ មិនអាចដោះស្រាយការហូរចូលយ៉ាងច្រើននេះបានទេ៕ Myan-Times/PSA