ក្រុង​យ៉ាំង​ហ្គោនៈ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​មី​យ៉ាន់​ម៉ា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​បទ បាញ់​ឆ្លង​ព្រំដែន ដែល​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង កើន​ឡើង​ជាមួយ​បង់ក្លាដែស នៅ​មុន​កាល​បរិច្ឆេទ​ចាប់​ផ្តើម​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជិត​ចូល​មក​ដល់​ហើយ​នោះ។

ជម្លោះ​ការទូតថ្មីៗនេះ បាន​កើតឡើង​ក្រោយពី​មន្ត្រី​ឆ្មាំ​ការពារ​ព្រំដែន​បង់​ក្លា​ដែ​ស ១ រូប បាន​ថ្លែង​ថា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​មាន​អាយុ ១៥ ឆ្នាំ ត្រូវ​បាន​គេ​បាញ់​នៅ​ចំ​កែង​ដៃ​កាល​ពី​ថ្ងៃ​ទី ៤ ខែ វិច្ឆិកា​កន្លង​ទៅ ក្រោយ​ពី​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់ ត្រូវ​បាន​បាញ់​ចេញ​ពី​ប៉ុស្តិ៍​សន្តិសុខ ១ ឆ្លង​ខ្សែ​បន្ទាត់​ព្រំដែន។

បង់​ក្លា​ដែ​ស បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ដើម្បី​ធ្វើការ​តវ៉ា ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុង​សាន ស៊ូជី បាន​និយាយ​ថា ខ្លួន​បាន​ពិនិត្យ​មើល​ទៅ​លើ​ការ​ចោទ​ប្រកាន់​នោះ ហើយ​បដិសេធ​ថា ករណី​នេះ មិន​ធ្លាប់​កើត​ឡើង​នោះ​ទេ។

ក្រសួងការបរទេស ដែល​ទទួលខុសត្រូវ​ដោយ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «ឯក​អគ្គ​រដ្ឋទូត​មីយ៉ាន់ម៉ា បាន​ទំនាក់​ទំនង​យ៉ាង​ទៀង​ទាត់​ជាមួយ​ឆ្មាំ​សន្តិសុខ​ការពារ​ព្រំដែន​មីយ៉ាន់ម៉ា ដែល​បាន​អះអាង​ថា គ្មាន​ឧបទ្ទវ​ហេតុ​បាញ់​ណាមួយ កើត​ឡើង​ទេ»។

មី​យ៉ាន់​ម៉ា​និយាយថា ខ្លួន​ត្រូវបាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​យាមល្បាត ចំពេល​មាន ការ​ចោទ​ប្រកាន់​ទៅ​នឹង​ឧបទ្ទវ​ហេតុ​ជាមួយ​កង​កម្លាំង​បង់ក្លាដែស​នៅ​តាម​ដង​ទន្លេ​ណាហ្វ (Naf) ដែល​ខណ្ឌ​ចែក ប្រទេស ២ នេះ៕