បុរីញូវយ៉កៈ អ្នកនាំពាក្យម្នាក់ បានថ្លែងកាលពីថ្ងៃចន្ទថា មីយ៉ាន់ម៉ា បានពន្យារពេលទស្សនកិច្ចរបស់ប្រមុខជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ទៅកាន់រដ្ឋរ៉ាក់ឃីន បន្ទាប់ពីមានការប្រយុទ្ធគ្នាជាថ្មីរវាងកម្លាំងសន្តិសុខ និងក្រុមអ្នកបះបោរ។
ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi គ្រោងធ្វើទស្សនកិច្ចកាលពីសប្តាហ៍មុន ប៉ុន្តែក្រុមអាជ្ញាធរមីយ៉ាន់ម៉ា បានលុបចោលទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋរ៉ាក់ឃីន ជាទីដែលជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ម៊ឺននាក់ ត្រូវបានបណ្តេញចេញដោយការបង្រ្កាបរបស់យោធាដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៧។
រដ្ឋភាគខាងលិចពោរពេញដោយបញ្ហានោះ ត្រូវគេឃើញថាមានការប្រយុទ្ធគ្នាជាថ្មីនៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ រវាងកម្លាំងសន្តិសុខ និងកងទ័ពអារ៉ាកាន (AA) ជាក្រុមជនភាគតិចប្រដាប់អាវុធនៅរដ្ឋរ៉ាក់ឃីន ដែលបានអំពាវនាវឲ្យមានស្វ័យភាពច្រើនថែមទៀតសម្រាប់ប្រជាជនកាន់ពុទ្ធិសាសនានៅរដ្ឋរ៉ាក់ឃីន។
មន្ត្រីប៉ូលិស ១៣ នាក់ បានស្លាប់ ដោយសារក្រុមជនសកម្មប្រយុទ្ធ AA នៅក្នុងការ វាយប្រហារកាលពីថ្ងៃទី ៤ ខែមករាទៅលើប៉ុស្តិ៍នៅក្បែរព្រំដែនបង់ក្លាដែស។
អ្នកនាំពាក្យ UNHCR លោក Andrej Mahecic បានថ្លែងថា ដោយផ្អែកទៅលើការវាយតម្លៃរបស់ក្រុមអាជ្ញាធរទៅលើស្ថានភាពសន្តិសុខ នៅក្នុងរដ្ឋរ៉ាក់ឃីន ទើបទស្សនកិច្ចនោះត្រូវបានពន្យារពេល។
យោងតាមក្រុមអ្នកការទូតបានឲ្យដឹងថា អង់គ្លេសត្រូវរំពឹងទុកថា នឹងលើកបញ្ហានេះឡើងនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅពេលក្រោយក្នុងសប្តាហ៍នេះ។
សេចក្តីសម្រេចពន្យារពេល ទស្សនកិច្ចរបស់លោក Grandi និងភាពមិនប្រាកដប្រជាជុំវិញទស្សនកិច្ចដាច់ដោយឡែក ដែលត្រូវបានគ្រោងទុករបស់ប្រេសិត អ.ស.ប. លោកស្រី Christine Schraner Burgener ទៅកាន់មីយ៉ាន់ម៉ាធ្វើឲ្យមានការបារម្ភថា អាជ្ញាធរ មិនធ្វើតាមការសន្យារបស់ពួកគេក្នុងការដោះស្រាយវិបតិ្តរ៉ូហ៊ីងយ៉ានោះទេ៕ AFP/PSA