ម៉ូស្គូ៖ ការផប្តូរទីតាំងដែលធ្លាប់ជារោងចក្រផលិតរថយន្តនៅសម័យសូវៀតទៅជាកន្លែងផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី Sputnik V ប្រហែលជាងាយស្រួលបន្តិច។
ប៉ុន្តែការបង្កើតដូសវ៉ាក់សាំងឱ្យបានច្រើន ស្វែងរកបុគ្គលិកដែលមានសមត្ថភាព និងឧបករណ៍ផ្សេងៗទៀត ប្រហែលជាធ្វើឱ្យក្រុមហ៊ុន R-Pharm និងក្រុមហ៊ុនឯកជនផ្សេងទៀតរបស់រុស្ស៊ីកាន់តែឈឺក្បាល ក្នុងការធ្វើឱ្យប្រទេសនេះផលិតវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឈានមុខគេ។
លោកប្រធានាធិបតី Vladimir Putin បាននិយាយអំពីការចែកចាយវ៉ាក់សាំងនៅជុំវិញពិភពលោកកាលពីខែមីនាថា រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផលិតវ៉ាក់សាំងចំនួន ៧០០ លានដូសឱ្យបរទេស។
ដូសវ៉ាក់សាំងទាំងនោះ មានសារៈសំខាន់ណាស់ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ព្រោះថា កិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីផ្គត់ផ្គង់ប្រទេសក្រីក្របានដួលរលំយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវាជាការអភិវឌ្ឍមួយក្នុងការបើកទ្វារទទួលវ៉ាក់សាំងផលិតដោយរុស្ស៊ី និងចិន។
ទោះយ៉ាងណា គិតត្រឹមថ្ងៃទី ១២ ខែឧសភា រុស្ស៊ីផលិតវ៉ាក់សាំងបានត្រឹមតែ ៣៣ លានដូសប៉ុណ្ណោះ ដោយបាននាំចេញមិនដល់ ១៥ លានដូសនោះទេ នេះបើយោងតាមរបាយការណ៍របស់រ៉យទ័រដែលបានរាប់វ៉ាក់សាំងនីមួយៗជា ២ ដូស។ ទិន្នផលរបស់ប្រទេសរុស្ស៊ីគឺទាបជាងរយលានដង ដែល Pfizer និង AstraZeneca បានផលិតជារៀងរាល់ខែ។
ខណៈការផលិតវ៉ាក់សាំងយឺត កាលពីចុងខែមេសា និយតករសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានបដិសេធការនាំចូលវ៉ាក់សាំង Sputnik V ដោយសំអាងលើសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។
ងាកមកវិញ មានមូលហេតុបញ្ហាជាច្រើនដែលធ្វើឱ្យរុស្ស៊ីពិបាកក្នុងការបង្កើត Sputnik V និងបង្កើនចង្វាក់ផលិតកម្ម។ បញ្ហាទាំងនេះ គឺជាការព្រមានមួយដល់គម្រោងផលិតវ៉ាក់សាំងខ្នាតធំ រួមទាំងប្រទេសទាំងអស់ដែលពឹងផ្អែកលើទីក្រុងម៉ូស្គូ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ពួកគេ រួមទាំងឥណ្ឌាផង។
នាយកប្រតិបត្តិក្រុមហ៊ុន R-Pharm លោក Alexei Repik បានប្រាប់រ៉យទ័រថា៖ «ការផលិតវ៉ាក់សាំងត្រូវចំណាយពេលប្រហែល ១ ខែ ទៅ១ ខែកន្លះ ឬច្រើនជាងនេះសម្រាប់ខ្សែនីមួយៗ បន្ទាប់មកយើងប្រៀបធៀបលទ្ធផលទៅនឹងគំរូយោង។ ប្រសិនបើវាត្រូវគ្នា យើងនឹងមានសំណាង ប៉ុន្តែបើផ្ទុយគ្នា យើងនឹងបង្ហូររបស់ដែលផលិតបានចោល»។
ក្រៅពីនេះ ក្រុមហ៊ុនក៏ជួបនឹងបញ្ហាកង្វះខាតជាសកលនៃបរិក្ខារនិងវត្ថុធាតុដើម។ដំបូងឡើយ R-Pharm កំពុងត្រៀមផលិតវ៉ាក់សាំងចំនួន ១០ លានដូស ក្នុង ១ ខែ ប៉ុន្តែមកដល់ចុងខែមីនា នៅតែមិនទាន់អាចផលិតបាន ១ លានដូស។ ខណៈដែលដំណើរការនៃការលូតលាស់កោសិកា បានចាប់ផ្តើមនៅខែវិច្ឆិកា រោងចក្រថ្មីរបស់ខ្លួនមិនទាន់បើកជាផ្លូវការទេ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងដែលរ៉យទ័របានទាក់ទងបាននិយាយថា វ៉ាក់សាំងនេះពិតជាពិបាកក្នុងការផលិតដោយសារការរចនារបស់វាជាវ៉ាក់សាំងដោយប្រើប្រាស់វ៉ិចទ័ររបស់វីរុស Adenovirus។ វ៉ិចទ័រនេះត្រូវបានកែប្រែពីវីរុសផ្តាសាយធម្មតារបស់មនុស្សដែលប្រើដើម្បីយកព័ត៌មានហ៊្សែនទៅក្នុងខ្លួន ទៅបង្កើតប្រព័ន្ធភាពស៊ាំ។
ក្រុមអ្នកផលិតវ៉ាក់សាំងបាននិយាយថា មិនដូចវ៉ាក់សាំង Adenovirus ដទៃទៀត Sputnik V ត្រូវបានបង្កើតឡើងដោយវ៉ិចទ័រ ២ ផ្សេងគ្នា ដោយរយៈពេលផលិតនៃដូសទាំងពីររបស់វ៉ាក់សាំងនេះ មានគម្លាតពីគ្នាចន្លោះ ២១ ថ្ងៃ ហើយដូសទី១ ងាយស្រួលផលិតជាងដូសទី២ ។
ប្រភព ២ ដែលស៊ាំនឹងយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសរុស្ស៊ីបានសហការជាមួយក្រុមហ៊ុន AstraZeneca ដែលបង្កើតវ៉ាក់សាំងដោយប្រើវ៉ាក់សាំង adenovirus ខុសគ្នា។ ជម្រើស ១ ទៀតគឺ «Sputnik Light» ដែលជាវ៉ាក់សាំងសម្រាប់ចាក់តែមួយដូសដោយប្រើតែសមាសធាតុទី១ ប៉ុណ្ណោះ។
យ៉ាងណាមិញ ការប្រញាប់ប្រញាល់ជាសកលសម្រាប់គ្រឿងបរិក្ខារ ក៏បានបង្កើនជាបញ្ហាដល់អ្នកផលិតរុស្ស៊ី ហើយរោងចក្រឱសថកំពុងផ្គត់ផ្គង់ ក៏មានកំណត់នៅក្នុងប្រទេសនេះ។
លោក VikramPunia នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pharmasyntez បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនកំពុងសុំសិទ្ធិដើម្បីផលិតវ៉ាក់សាំងសម្រាប់ចាក់តែ ១ ដូស។
ចំណែកឯក្រុមហ៊ុន Generium ដែលជាអ្នកផលិតវ៉ាក់សាំង Sputnik V ធំជាងគេបំផុត បានរៀបចំឡើងវិញនូវរោងចក្រដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើការលើវ៉ាក់សាំងនេះ ក៏ដូចជា Biocad ដែលជាអ្នកផលិតដ៏សំខាន់ផ្សេងទៀតតែមួយគត់ដែរ។
លើសពីនេះដើម្បីពង្រីកទិន្នផល រោងចក្រថ្មីៗនឹងត្រូវការ។ កាលពីខែមីនា ក្រុមហ៊ុន Generium បាននិយាយថា ខ្លួនកំពុងសាងសង់រោងចក្រមួយដើម្បីផលិត ២០០ ទៅ ៣០០ លានដូសក្នុងមួយឆ្នាំ។
បញ្ហាធំបំផុតរបស់ក្រុមហ៊ុន Pharmasyntez គឺកង្វះបុគ្គលិកដែលមានបទពិសោធផលិតដូសទី២ ដែលបង្កើនភាពតានតឹងដល់បុគ្គលិក ដោយសារតែកន្លែងផលិត និងក្រុមដាច់ដោយឡែក ត្រូវការជាចាំបាច់។
លោក Punia បាននិយាយថា៖ «យើងអាចទិញឧបករណ៍ យើងអាចសាងសង់រោងចក្រ។ ប៉ុន្តែនៅក្នុងជីវបច្ចេកវិទ្យាអ្នកដែលមានសមត្ថភាពគឺជារឿងសំខាន់បំផុត តែមិនមានពួកគេច្រើននោះទេ»៕
ហួន ឌីណា