កាល​ពី​ថ្ងៃ​អង្គារ ទី ៩ មីនា រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ឥណ្ឌា​ប្រកាស​ថា មេ​ដឹកនាំ​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​នឹង​ជួបគ្នា​តាម​វីដេអូ​នៅ​ថ្ងៃ​សុក្រ ​ខាង​មុខ​នេះ ដែល​ជា​កិច្ច​ពិភាក្សា​លើក​ដំបូង​រវាង​ប្រមុខ​រដ្ឋ​នៃ​ក្រុម​ប្រទេស «Quad» ខណៈ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង ៤ ជាមួយ​ចិន​កំពុង​តែ​កើនឡើង។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​លោក Narendra Modi បាន​ប្រកាស​ថា៖ «ថ្នាក់​ដឹកនាំ​នឹង​ពិភាក្សាគ្នា​អំពី​បញ្ហា​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ជា​ចំណាប់​អារម្មណ៍​រួម ហើយ​ធ្វើ​ការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​ផ្នែក​ជាក់​ស្ដែង​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​រក​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​សេរី​ និង​បើកចំហ»។

សេត​វិមាន​និយាយ​ថា ប្រធានបទ​ដែល​នឹង​ត្រូវ​ពិភាក្សា​រួមមាន​វិបត្តិ​កូវីដ ១៩ កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិបត្តិ​ការ​ប្រែប្រួល​អាកាសធាតុ។ អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី Jen Psaki បាន​និយាយ​ថា៖ «ការ​ធ្វើ​របស់​លោក​ប្រធានាធិបតី Joe Biden ឱ្យ​កិច្ច​ប្រជុំ​នេះ ក្លាយ​ជា​ការ​ចូលរួម​ពហុភាគី​ដំបូង​បំផុត​របស់​លោក បង្ហាញ​អំពី​សារៈសំខាន់​ដែល​យើង​ដាក់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​នៅ​ក្នុង​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ក្រៅ​ពី​នេះ ប្រភព​ជា​មន្ត្រីរដ្ឋបាល Biden ជាន់​ខ្ពស់​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន Reuter ថា ប្រទេស​ទាំង ៤ គ្រោង​នឹង​ប្រកាស​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សម្រាប់​ការ​ពង្រីក​សមត្ថភាព​ផលិត​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ប្រទេស​ឥណ្ឌា។

កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​នេះ​នឹង​ផ្តោត​ជាពិសេស​ទៅ​លើ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ក្នុង​ប្រទេស​ឥណ្ឌា ​ដែល​ផលិត​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក Novavax និង Johnson &Johnson។

ប្រទេស​ឥណ្ឌា ​បាន​ជំរុញ​ឱ្យ​សមាជិក Quad ផ្សេង​ទៀត​វិនិយោគ​លើ​សមត្ថភាព​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​គោល​បំណង​ប្រកួតប្រជែង​នឹង «ការ​ទូត​វ៉ាក់សាំង» របស់​ប្រទេស​ចិន។

«Quad» ឬ​កិច្ច​សន្ទនា​សន្តិសុខ​ចតុ​ភាគី គឺ​ជា​វេទិកា​យុទ្ធសាស្ត្រ​ក្រៅ​ផ្លូវ​ការ​របស់​ប្រទេស​ទាំង ៤ សម្រាប់​ប្រទេស​ទាំង ៤ ដែល​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៧។ តាមរយៈ​វេទិកា​នេះ​ប្រទេស​ទាំង ៤ បាន​បើក​កិច្ចប្រជុំ​កំពូល​ជារឿយៗ និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ទៅ​វិញ​ទៅ​មក។

តែ​មក​ដល់​ពេល​នេះ កិច្ច​ប្រជុំ​កំពូល គឺ​ធ្វើ​ឡើង​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ដោយ​មេ​ដឹកនាំ​ប្រទេស​ទាំង ៤ នេះ មិន​ដែល​បាន​ជួបគ្នា​ក្នុង​ពេល​តែ​មួយ​ទេ។ កិច្ច​ប្រជុំ​ខាង​មុខ​នេះ នឹង​មាន​ការ​ចូលរួម​ពី​លោក Biden លោក Modi នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison។

បើ​ទោះបី​មិនមែន​ជា​សម្ព័ន្ធមិត្ត​យោធា​ផ្លូវ​ការ​ដូច​អង្គការ​ណាតូ (NATO) តែ«Quad» ត្រូវ​គេ​មើល​ឃើញ​ថា អាច​ប្រឈម​នឹង​ឥទ្ធិពល និង​មហិច្ឆតា​កំពុង​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ «Quad» ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​ដាក់​ងារ​ថា «Asian NATO» ឬ​អង្គការ​ណាតូ​អាស៊ី ដោយ​លើក​ឡើង​ថា Quad អាច​នឹង​រក្សា​តុល្យភាព​ជាមួយ​ចិន​បាន ហើយ​មាន​សក្ដានុពល​ក្នុង​ការ​ឡោមព័ទ្ធ​ប្រទេស​ចិន ​បើ​សិន​វេទិកា​យុទ្ធស្រាស្ត​ក្លាយ​នេះ​ជា​សម្ព័ន្ធភាព​យោធា​ផ្លូវ​ការ​មួយ។

ប្រទេស​ទាំង ៤ មាន​ទំនាក់ទំនង​យ៉ាង​ច្របូក​ច្របល់​ជាមួយ​ចិន ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន កងទ័ព​ឥណ្ឌា និង​ចិន បាន​ប៉ះទង្គិច​គ្នា​នៅតាម​បណ្ដោយ​បន្ទាត់​គ្រប់គ្រង​ជាក់​ស្តែង (LAC) ដែល​ជា​​​តំបន់​ព្រំដែន​មាន​ជម្លោះ​នៅ​ជួរ​ភ្នំ​ហិមាល័យ បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​ដៃ ដំបង និង​ខែល។ ក្រៅ​ពី​នេះ ចំណុច​ក្ដៅ​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​ញូវដេលី រួម​មាន​ជម្លោះ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ផង​ដែរ។

ប្រទេស​ជប៉ុន និង​ចិន ​នៅ​តែ​មាន​ភាព​តានតឹង​ជុំវិញ​ប្រជុំ​កោះ​មាន​ជម្លោះ​សេនកាគូ ឬ​តាវយូ។ ក្រុង​ប៉េកាំង ​បាន​បង្កើន​វត្តមាន​របស់​នាវា​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​នៅ​ជិត​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងកើត​មួយ​នេះ​ដែល​គ្មាន​មនុស្ស​រស់នៅ​លើ។ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​ចិន​ថ្មី ដែល​អនុញ្ញាត​ឱ្យ​នាវា​ឆ្មាំ​សមុទ្រ​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​នាវា​បរទេស។

ទំនាក់ទំនង​រវាង​ចិន និង​អូស្ត្រាលី​បាន​ធ្លាក់ចុះ ​បន្ទាប់​ពី​ចិន​ដាក់​កម្រិត​លើ​ការ​នាំចូល​ផលិតផល​អូស្ត្រាលី​ដូចជា​ធ្យូង​ថ្ម ស្រា​ទំពាំងបាយជូរ សាច់​គោ និង​ស្រូវ​សាលី​ជា​ដើម ខណៈ​ពេល​ដែល​អូស្ត្រាលី​បាន​ទាមទារ​ឱ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​រក​ប្រភព​ជំងឺ​កូវីដ ១៩ នៅ​ចិន។

ទន្ទឹម​នឹង​នេះ​ដែរ សហរដ្ឋអាមេរិក​បាន​បង្កើន​ចំនួន​បេសកកម្ម​កងទ័ព​ជើង​ទឹក និង​អាកាស​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ច្រានចោល​ការ​កាន់កាប់​របស់​ចិន​លើ​ផ្លូវ​ទឹក​ដ៏​ធំ​នេះ។ អាមេរិក​ក៏​បាន​បង្កើន​ការគាំទ្រ​ចំពោះ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់​ទុក​ថា ​ជា​ដែនដី​អធិបតេយ្យ​របស់​ខ្លួន។

កិច្ចសហប្រតិបត្តិការ​យោធា​នៅ​ក្នុង «Quad» បាន​កំពុង​កើន​ឡើង​ក្នុង​ឆ្នាំ​កន្លង​មក​តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​ដៃគូ Quad និង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ប្រទេស​អូស្ត្រាលី បាន​ចូលរួម​សមយុទ្ធ​ប្រចាំឆ្នាំ ​Malabar ជាមួយ​សហរដ្ឋអាមេរិក​ជប៉ុន និង​ឥណ្ឌា។ សមយុទ្ធ​នេះ បាន​រីក​ចម្រើន​ទាំង​ទំហំ និង​ភាព​ស្មុគស្មាញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ពិពណ៌នា​ពី​មុន​ថា ​ជា «ការ​គំរាម​កំហែង​ផ្សេងៗ​គ្នា​ចំពោះ​សន្តិសុខ​ដែន​សមុទ្រ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ការ​ចូលរួម​របស់​អូស្ត្រាលី​មាន​ន័យ​ថា សមាជិក​ទាំង ៤ នៃ Quad បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​រួមគ្នា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​បង្កើត​វេទិកា​នៅ​ឆ្នាំ ២០០៧។

ការ​ប្រមូល​ផ្ដុំ​ប្រទេស​ទាំង ៤ នេះ ​ត្រូវ​បាន​ទីក្រុង​ប៉េកាំង​រិះគន់​ថា ជា​ការ​បង្កើត​ប្លុក ​ដើម្បី​ប្រឆាំង​ចិន។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក ​Wang Yi បាន​អំពាវនាវ​ឱ្យ​មាន «ពហុភាគី​និយម​ពិត​ប្រាកដ» ហើយ​បាន​ជំទាស់​នឹង​ការ​បង្កើត​ក្រុម​ផ្ដាច់​មុខ ឬ «ពហុភាគី​និយម​រើស​អើង»៕