កាលពី​ថ្ងៃ​សៅរ៍ ទី ២៤ មេសា មេបញ្ជាការ​ឥណ្ឌូនេស៊ី លោក Hadi Tjahjanto បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «កង​នាវាចរណ៍​បាន​រកឃើញ​មានការ​កំពប់​ប្រេង និង​ផ្នែក​ខ្លះ​នៃ​វត្ថុ​ដែលជា​ភ័ស្ដុតាង បញ្ជាក់ថា KRI Nanggala បាន​លិច»។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNA ។

លោក​ឧត្តមនាវី Yudo Margono បាន​និយាយថា ការស្គែន បាន​រកឃើញ​នាវាមុជទឹក​នោះ​នៅ​ជម្រៅ ៨៥០ ម៉ែត្រ។ នាវា​នោះ​អាច​ទប់ទល់​នឹង​ជម្រៅ​ទឹកបាន​ត្រឹមតែ ៥០០ ម៉ែត្រ​ប៉ុណ្ណោះ។

នាវាមុជទឹក KRI Nanggala 402 បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២១ មេសា ដោយមាន​មនុស្ស ៥៣ នាក់​នៅលើ​នាវា​នោះ នៅពេល​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី។ នាវា​នោះ​បាន​បាត់​ទំនាក់ទំនង​នៅ​ម៉ោង ៤ ទៀបភ្លឺ បន្ទាប់ពី​បាន​សុំ​ការអនុញ្ញាត​នៅ​ម៉ោង ៣ ព្រឹក។

ក្រសួង​ការពារជាតិ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា សមាជិក​នាវិក​សរុប ៤៩ នាក់ មេបញ្ជាការ​នាវា​ម្នាក់ និង​អ្នកជំនាញ​ខាង​អាវុធ ៣ នាក់​បាន​ស្ថិត​នៅក្នុង​នាវាមុជទឹក​នោះ។

យោធា​សន្មត​ថា នាវាមុជទឹក​បាន​ដាច់​ចរន្តអគ្គិសនី។ ក្នុង​លក្ខខណ្ឌ​នោះ នាវាមុជទឹក​អាច​នឹង​អស់​អុកស៊ីហ្ស៊ែន​នៅ​ម៉ោង ៣ ព្រឹក​ថ្ងៃទី ២៤ មេសា។ ប្រសិនបើ​គ្មាន​ការដាច់​ចរន្តអគ្គិសនី​ទេនោះ នាវា​នោះ​អាច​ផ្ទុក​អុកស៊ីហ្ស៊ែន​រយៈពេល ៥ ថ្ងៃ៕