ក្រុងសេអ៊ូល៖ មេបញ្ជាការកងកម្លាំងអាមេរិក (USFK) លោកឧត្តមសេនីយ៍ រ៉ូបឺត អាប្រាមស៍ បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង និងអាមេរិក គួរបន្តរៀបចំធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំនៅក្នុងការប្រឈមមុខជាមួយសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដែលទើបផលិតថ្មីរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសុន្ទរកថាមួយ នៅក្នុងវេទិកាមួយដែលបានរៀបចំនៅក្នុងទីក្រុងសេអ៊ូល លោក រ៉ូបឺត អាប្រាមស៍ ក៏បានបញ្ជាក់ថា មានការងារចាំបាច់ជាច្រើនដែលត្រូវធ្វើ ដើម្បីរៀបចំផែនការផ្លាស់ប្តូរនៃការគ្រប់គ្រងប្រតិបត្តិការពេលមានសង្គ្រាម (OPCON) របស់កងកម្លាំងកូរ៉េខាងត្បូងពីទីក្រុងវ៉ាស៊ីនតោនទៅក្រុងសេអ៊ូល។
លោក រ៉ូបឺត អាប្រាមស៍ បានថ្លែងថា៖ «ជាអកុសល យើងត្រូវតែពន្យារពេលការបណ្តុះបណ្តាលប៉ុស្តិ៍បញ្ជាការរួមកម្រិតសំខាន់របស់យើងនៅឆ្នាំនេះ ដោយសារការឆ្លងរាលដាលសកលកំពុងបន្តនៅឡើយ។ ខណៈយើងមានសមត្ថភាព ដើម្បីធ្វើការបណ្តុះបណ្តាលអភិវឌ្ឍមេដឹកនាំដ៏សំខាន់ ដែលនោះមិនមែនជាមធ្យោបាយចម្លងយ៉ាងម៉ឺងម៉ាត់ និងការប្រាកដនិយម អំពីព្រឹត្តិការណ៍បណ្តុះបណ្តាលពាក់កណ្តាលប្រចាំឆ្នាំដ៏សំខាន់របស់យើងនោះទេ»។
កាលពីខែកុម្ភៈកន្លងទៅ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានប្រកាសអំពីការសម្រេចចិត្តរបស់ពួកគេ ចំពោះការពន្យារពេលធ្វើសមយុទ្ធគ្មានដែនកំណត់ នៅនិទាឃរដូវដ៏សំខាន់របស់ពួកគេ ដោយសារការឆ្លងរាលដាលជំងឺកូវីដ ១៩ ហើយការពិភាក្សានានា គឺកំពុងដំណើរការ ដើម្បីកំណត់ពេលវេលា និងកម្មវិធីសម្រាប់ការធ្វើសមយុទ្ធរួមនៅពេលរដូវក្តៅរបស់ពួកគេ។
មេបញ្ជាការរូបនោះបានថ្លែងថា៖ «យើងត្រូវតែបន្តធ្វើការបណ្តុះបណ្តាលយោធារួម នៅកន្លែងធ្វើសមយុទ្ធយ៉ាងម៉ឺងម៉ាត់» ដោយបានប្តេជ្ញាពិភាក្សាបន្ថែមទៀត ជាមួយភាគីប្រទេសកូរ៉េខាងត្បូង អំពីមធ្យោបាយ ដើម្បីត្រៀមលក្ខណៈទប់ទល់ស្ថានការណ៍នោះ។
ថាតើត្រូវធ្វើសមយុទ្ធប្រចាំឆ្នាំនៅរដូវក្តៅ នៅពេលណា និងដោយរបៀបណា? ការធ្វើសមយុទ្ធនោះ បានរៀបចំធ្វើឡើង នៅចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយកូរ៉េខាងជើង។ ប្រទេសកុម្មុយនីស្តមួយនេះ បានប្រកាសតវ៉ាចំពោះការធ្វើសមយុទ្ធរួមតាំងពីយូរ រវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាការហ្វឹកហាត់មួយ ដើម្បីឈ្លានពានកូរ៉េខាងជើង។
ភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង បានឡើងកម្តៅកាន់តែខ្លាំងឡើងកាលពីខែមុន ខណៈក្រុងព្យុងយ៉ាងបានកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង ដោយបានកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ១ ហើយបានគំរាមចាត់វិធានការយោធា ដោយសារមិនពេញចិត្តជុំវិញខិត្តប័ណ្ណឃោសនាប្រឆាំងក្រុងព្យុងយ៉ាង ដែលបានបង្ហោះពីទឹកដីកូរ៉េខាងត្បូង។
ស្ថានការណ៍នោះ ក្រោយមកស្ងប់ស្ងាត់បន្តិចទៅវិញ ក្រោយពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពន្យារផែនការសកម្មភាពយោធារបស់ខ្លួននោះ៕ Yonhap/SK