កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ មន្ត្រី​ការទូត​កូរ៉េខាងជើង​ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​ម៉ាឡេស៊ី ​ក្រោយ​ប្រទេស​ទាំង ២ បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត ជុំវិញ​ករណី​បញ្ជូន​ជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ។

ក្រោយ​មក​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​បញ្ជា​ឱ្យ​លោក Mun Chol Myong មន្ត្រីការទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​ចេញ​ពី​ប្រទេស​ខ្លួន​ក្នុង​រយៈពេល ៤៨ ម៉ោង ហើយ​បាន​ចោទ​ប្រកាន់​ប្រទេស​កូរ៉េខាងជើង ​ពី​បទ​ប៉ុនប៉ង​ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​លោក Hishammuddin Hussein បាន​និយាយ​ថា​ការ​បណ្តេញ​ចេញ​នេះ ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​សុក្រ​របស់​ទីក្រុង​ព្យុងយ៉ាង ​ក្នុង​ការ​កាត់​ផ្តាច់​ចំណង​ការទូត​ជា​ឯកតោភាគី​ និង​ភាព​មិន​ទទួល​ខុស​ត្រូវ​ទាល់តែ​សោះ​របស់​ខ្លួន។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សកម្មភាព​នេះ គឺ​ជា​ការ​រំឭក​ដល់​កូរ៉េខាងជើង​ថា ប្រទេស​ម៉ាឡេស៊ី មិន​ដែល​អត់​ឱន​ចំពោះ​ការ​ប៉ុនប៉ង​ណាមួយ ដែល​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង ​និង​ប្រព័ន្ធតុលាការ​ដោយ​មិន​គោរព​ប្រព័ន្ធ​អភិបាលកិច្ច​របស់​យើង ហើយ​បង្កើត​ភាព​តានតឹង​មិន​ចាំបាច់​ដែល​ប្រឆាំង​នឹង​បទបញ្ជា​អន្តរជាតិ​នោះ​ឡើយ»។

២ ថ្ងៃ​បន្ទាប់​ពី​ទីក្រុង​គូឡាឡាំពួ​បាន​ធ្វើ​បត្យាប័ន បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ទាក់់ទិន​ករណី​លាង​លុយ​កខ្វក់​មក​កូរ៉េខាងជើង​បាន​ខឹងសម្បា ហើយ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​នឹង​បញ្ចប់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។ ជា​ការ​ឆ្លើយតប​នឹង​ការ​សម្រេច​ចិត្ត​នេះ ប្រទេស​ម៉ាឡេស៊ី បាន​ទុក​ពេល​ឱ្យ​មន្ត្រីការទូត​កូរ៉េខាងជើង​រយៈពេល ៤៨ ម៉ោង​ប៉ុណ្ណោះ ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ។

លោក​ Kim Yu Song មន្ត្រី​កូរ៉េខាងជើង​ទទួល​បន្ទុក​ការបរទេស និង​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​នៅ​ទីក្រុង​គូឡាឡាំពួ បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មិន​អាច​លើកលែង​បាន និង​បាន​បន្ទរ​សេចក្តី​ថ្លែងការណ៍ របស់​ក្រុង​ព្យុងយ៉ាង ដែល​ទើប​នឹង​ចេញ​ដោយ​ចោទ​ប្រកាន់​ប្រទេស​ម៉ាឡេស៊ី​ថា បាន​ចុះចូល​នឹង​សហរដ្ឋអាមេរិក ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ឃុបឃិត​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ដែល​មាន​គោល​បំណង​ធ្វើ​ឱ្យ​កូរ៉េខាងជើង​ឯកោ និង​បំបិទ​ផ្លូវ​ប្រទេស​នេះ​ផង​ដែរ។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត មុន​ពេល​ចេញ​ដំណើរ​ទៅ​អាកាសយានដ្ឋាន​ថា​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បញ្ជូន​ពលរដ្ឋរ​បស់​យើង​ទៅ​សហរដ្ឋអាមេរិក ហើយ​នៅ​ចុង​បញ្ចប់​បាន​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ផ្អែក​លើ​ការ​គោរព​អធិបតេយ្យភាព​ថែម​ទៀត។

ប្រទេស​កូរ៉េខាងជើង ​បាន​ហៅ​ការ​ចោទ​ប្រកាន់​ការ​លាង​លុយកខ្វក់​នេះ​ថា ជា​ការ​ប្រឌិត​មិន​សម​ហេតុផល ​និង​ផែនការ ដែល​រៀបចំ​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​បាន​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

លោក Mun បាន​ប្រកែក​នៅ​ក្នុង​តុលាការ​ថា គាត់​គឺ​ជា​ជន​រងគ្រោះ​នៃ​ហេតុផល​នយោបាយ ដោយ​ការ​ធ្វើ​បត្យាប័ន​នេះ ​គឺ​មាន​គោល​បំណង​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ទាក់ទិន​នឹង​កម្មវិធី​មីស៊ីល​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mun បាន​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ ហើយ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ឧសភា ឆ្នាំ ២០១៩ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រណីតៗ​ខុស​ច្បាប់​ទៅ​កូរ៉េខាងជើង ​ដែល​ជា​ការ​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​បោក​យក​ថវិកា​ពី​មូលនិធិ​តាមរយៈ​ក្រុមហ៊ុន​ជួរ​មុខ និង​បាន​ចេញ​ឯកសារ​ក្លែងបន្លំ ដើម្បី​គាំទ្រ​ការ​ដឹកជញ្ជូន​ខុស​ច្បាប់​ទៅ​កូរ៉េខាងជើង ខណៈ​ពេល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​សិង្ហបុរី មុន​ពេល​លោក​ផ្លាស់​មក​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង បាន​អះអាង​ថា លោក ​Mun បាន​ចូលរួម​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ខាង​ក្រៅ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ។

ដោយឡែក លោក Hoo Chiew Ping អ្នក​ជំនាញ​ខាង​កិច្ចការ​នយោបាយ​ឧបទ្វីប​កូរ៉េ​បាន​និយាយ​ថា ឥឡូវ​នេះ​ប្រទេស​ម៉ាឡេស៊ី ​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ីអាគ្នេយ៍ ដែល​មិនមាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ទាំង​កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង។

លោក​បាន​បន្ត​ថា ប្រទេស​ម៉ាឡេស៊ី ​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​របៀបវារៈ​ឧបទ្វីប​កូរ៉េ​ក្នុង​កម្រិត​អាស៊ាន​ហើយ។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ការ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ​គឺ​ជា​វិធី​របស់​កូរ៉េខាងជើង​ក្នុង​ការ​បង្ហាញ​កំហឹង​ដាក់​រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden ដោយ​មិន​ឱ្យ​ការ​វិល​ត្រឡប់​ទៅ​ចរចា​កិច្ច​ព្រមពៀង​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ជួប​ហានិភ័យ។

ប្រទេស​កូរ៉េខាងជើង បាន​ប្រើប្រាស់​ប្រទេស​ម៉ាឡេស៊ី ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​ជា​កន្លែង​ដែល​ខ្លួន​គ្រប់គ្រង​ពាណិជ្ជកម្ម​ការ​នាំចេញ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ខុស​ច្បាប់​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​គេ​បាន​ជួបប្រទះ​ឧបសគ្គ​ធំៗ​ ក្រោយ​ករណី​ការ​សម្លាប់​លោក ​គីម ជុងណាម ​ឆ្នាំ ២០១៧ នៅ​អាកាសយានដ្ឋាន​គូឡាឡាំពួ​មក​ម្ល៉េះ៕