ព្រះមហាក្សត្រម៉ាឡេស៊ីកាលពីថ្ងៃអង្គារ ទី ១២ បានប្រកាសភាពអាសន្នទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ ១៩ ដែលសកម្មភាពនេះត្រូវគេរិះគន់ថាជាសកម្មភាពរបស់រដ្ឋាភិបាលមិនស្ថិតស្ថេរ ដើម្បីកាន់អំណាចបន្ត។
រាជវាំងម៉ាឡេស៊ីបានប្រកាសថា ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah បានយល់ព្រមប្រកាសភាពអាសន្នរហូតដល់ថ្ងៃទី ១ ខែសីហា បន្ទាប់ពីទទួលសំណើពីនាយករដ្ឋមន្ត្រីលោក Muhyiddin Yassin។
ការសម្រេចចិត្តនេះត្រូវបានគេយល់ឃើញថា នឹងប្រគល់អំណាចដ៏ធំធេងដល់លោក Muhyiddin និងគណៈរដ្ឋមន្ត្រីរបស់លោក។ ការប្រកាសភាពអាសន្ននឹងការព្យួរសកម្មភាពរបស់សភាហើយធ្វើឱ្យរដ្ឋាភិបាលមានអំណាចតែង និងអនុម័តច្បាប់ដោយគ្មានការយល់ព្រមពីសភា។ ការបោះឆ្នោតនានាក៏នឹងត្រូវបានព្យួរផងដែរ។
រដ្ឋាភិបាលអាយុ ១០ ខែ របស់លោក Muhyiddin បានឡើងកាន់អំណាចបន្ទាប់ពីលោកបានបំបែកសម្ពន្ធភាពកាន់អំណាចរបស់លោក Mahathir Mohamad ហើយបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ។ តែរដ្ឋាភិបាលរបស់លោករងការប្រកួតប្រជែងជាច្រើនលើកច្រើនសា។
កាលពីចុងខែកញ្ញា និងដើមខែតុលាមេដឹកនាំបក្សប្រឆាំងលោក Anwar Ibrahim បានអះអាងថា លោកមានការគាំទ្រពីសមាជិកសភាគ្រប់គ្រាន់សម្រាប់ផ្ដួលរំលំរដ្ឋាភិបាលលោក Muhyiddin ហើយបង្កើតរដ្ឋាភិបាលថ្មី តែមកដល់ពេលនេះលោក Anwar មិនទាន់ជោគជ័យនៅឡើយ៕