តំបន់​បា​ហ្គូៈ ​កង​កម្លាំង​គាំទ្រ​ដោយ​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ក្រុម​រដ្ឋ​អ៊ិស្លាម​កំពុង​រស់​នៅ ​«​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​» ​របស់​ខ្លួន ​ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ទឹក​ដី​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ស៊ីរី​ភាគ​ខាង​កើត ​បាន​ធ្វើ​ឲ្យ​យុទ្ធជន​ជីហាដ​ ​៣ ​ពាន់​នាក់​ប្រគល់​ខ្លួន​​។​

យោង​តាម​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដឹកនាំ​ដោយ​ឃើដ ​(SDF) ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ IS ​ក្បាល​រឹង​ដែល​នៅ​តែ​ក្រាញ​ននៀល​ការពារ​តំបន់​ទឹក​ដី ​«​កាលិហ្វ​» ​នៅ​សល់​ចុង​ក្រោយ​របស់​ពួក​គេ​នោះ​ បាន​ធ្វើ​ការ​វាយ​បក​វិញ​ជា​មួយ​នឹង​រលក​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​ជា​បន្ត​បន្ទាប់​។​

​ជន​ភៀស​ខ្លួន​​ រៀបចំ​​​រើទៅ​កន្លែងផ្សេង​បន្ទាប់ពីជំ​រំបណ្តោះ​អា​សន្នត្រូវ​បំផ្លាញ​។ AFP

ក្រុម ​IS ​ធ្លាប់​បាន​​​គ្រប់គ្រង​ទឹក​ដី​ជាង​រាប់​លាន​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ និង​អ៊ីរ៉ាក់​ ប៉ុន្តែ​បាន​បាត់បង់​ទឹក​ដី​នោះ​ទាំង​អស់ ​លើក​លែង​តែ​នៅ​តាម​ទន្លេ​មួយ​ផ្នែក​តូច​នៅ​ភូមិ​បាហ្គូ ក្បែរ​ព្រំ​ដែន​ប្រទេស អ៊ីរ៉ាក់ ​​ប៉ុណ្ណោះ​។​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​មាន​បុរស ​និង​ស្ត្រី​រាប់​ពាន់​នាក់ បាន​រត់​ចេញ​ពី​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​​ដោយ​កង​កម្លាំង​គាំទ្រ​ដោយ​ឃើដ​ ដែល​បាន​ផ្អាក​ការ​វាយ​ប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​របស់​គេ​ជា​ច្រើន​ដង​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ទាំង​នោះ ​រត់​ភៀស​ខ្លួន​ចេញ​ពី​ទី​នោះ​។​

​ដោយ​បាន​គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អាមេរិក​ប្រឆាំង​ក្រុម​ជី​ហាដ​ជ្រុល​និយម​នោះ​​ កង​កម្លាំង​ SDF​​ បន្ត​វាយ​​ប្រហារ​ដោយ​កាំភ្លើង​ធំ​​​ដើម្បី​បង្ខំ​ឲ្យ​យុទ្ធជន ​IS ​ជា​ច្រើន​នាក់​ប្រគល់​ខ្លួន៕ AFP