ក្រុងស្រ៊ីណាហ្គារៈ ក្រុមយុវជនបានអង្គុយនៅជិតគំនរថ្ម និងភ្នក់ភ្លើងមួយកន្លែងដែលការពារច្រកចូលទៅកាន់សង្កាត់ក្បែរមួយដែលត្រូវបានឡោមព័ទ្ធជុំវិញ ដែលពួកគេបានហៅថាជា «តំបន់ហ្គាហ្សារបស់កាស្មៀរ» ខណៈព្រះវិហារអ៊ិស្លាមមួយកន្លែងបានផ្សព្វផ្សាយពាក្យស្លោកអំពីសេរីភាពនៃតំបន់នេះតាមឧបករណ៍បំពងសំឡេង។
នៅក្នុងសកម្មភាពនៃការផ្គើនប្រឆាំងទៅនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសចំពោះការដកស្វយ័តភាពចេញពីតំបន់ដែលភាគច្រើនកាន់សាសនាមូស្លីម ហើយសង្កាត់សូរ៉ានៅជាយក្រុងស្រ៊ីណាហ្គារដ៏ធំរបស់តំបន់កាស្មៀរនោះ ត្រូវបានដាក់ពង្រាយកងកម្លាំងសន្តិសុខឲ្យការពារយ៉ាងតឹងរ៉ឹង។
ចាប់តាំងពីដើមខែសីហាពលរដ្ឋមួយចំនួនបានដាក់របាំងការពារមួយចំនួន ដូចជា គល់ឈើ ធុងសាំង និងសសរថ្មបេតុង ហើយបានជីកលេណដ្ឋានជាច្រើន ដើម្បីគេចពីក្រុមទាហាននៅចំពេលមានការតវ៉ារាល់ថ្ងៃប្រឆាំងនឹងប្រទេសឥណ្ឌា។
លោក Mufeed ជាពលរដ្ឋម្នាក់ដែលបានស្ម័គ្រចិត្តការពារសង្កាត់ក្បែរខាងនៅពេលយប់បានប្រាប់ AFP ថា៖ «ពួកគេសុខចិត្តលះបង់ជីវិត ដើម្បីការពារសង្កាត់សូរ៉ា ហើយយើងនឹងមិនឲ្យបាត់បង់ទឹកដីទៅឲ្យឥណ្ឌាសូម្បីមួយមិល្លីម៉ែត្រ»។
លោក Mufeed បានបន្ថែមថា៖ «ដូចជាតំបន់ហ្គាហ្សាដែរ ពលរដ្ឋប៉ាឡេស្ទីនកំពុងតស៊ូជាមួយអ៊ីស្រាអែល យើងនឹងប្រយុទ្ធប្រឆាំងដើម្បីទឹកដីកំណើតរបស់យើងឲ្យអស់ពីសមត្ថភាពរបស់យើង»។
តំបន់កាស្មៀរបានផ្ទុះសង្គ្រាមបះបោរប្រដាប់អាវុធអស់រយៈពេល ៣ ទសវត្សរ៍ប្រឆាំងការគ្រប់គ្រងរបស់ឥណ្ឌាដោយបានធ្វើឲ្យបាត់បង់ជីវិតមនុស្សអស់រាប់ម៉ឺននាក់ភាគច្រើនជាជនស៊ីវិល ដែលពួកគេបានស្លាប់នៅក្នុងជម្លោះតវ៉ានោះ។
នៅមុនការប្រកាស ឥណ្ឌាបានប្រញាប់ប្រញាល់បញ្ជូនកងកម្លាំងបន្ថែមរាប់ម៉ឺននាក់ទៅកាន់តំបន់ដែលមានជម្លោះ ដើម្បីចូលរួមជាមួយកងកម្លាំង ៥ សែននាក់ដែលឈរជើងនៅជួរភ្នំហិមាល័យ ហើយថែមទាំងរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងដោយភ័យខ្លាចមានចលាចលកើតឡើងបន្ថែមទៀត។
ប៉ុន្តែការតវ៉ាបានផ្ទុះឡើងដោយមានក្រុមអ្នកតវ៉ាកម្រិតមធ្យមនៅសង្កាត់សូរ៉ា ដែលបានដឹកនាំចេញតាមដងផ្លូវមនុស្សយ៉ាងតិច ១៥ ពាន់នាក់បានប្រមូលផ្តុំកាលពីថ្ងៃទី ៩ ខែសីហាជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់កាស្មៀរកាលពីពេលកន្លងទៅ។
ពួកគេត្រូវបានឆ្លើយតបវិញដោយកងកម្លាំងសន្តិសុខដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុករទាំងនោះ ដោយបានបណ្តាលឲ្យមនុស្ស ២៤ នាក់រងរបួស។
ក្រុមអ្នកតវ៉ាទាំងអស់នោះបានស្រែកបន្ទរថា ឥណ្ឌាអើយចាកចេញពីកាស្មៀរទៅ៕ SK