ក្រុងការ៉ាកាសៈ​ យោធាវ៉េណេស៊ុយអេឡា​ បាន​ប្តេជ្ញា​​ ​​គាំទ្រ ​លោក​ប្រធានាធិបតី ​នីកូឡាស​ ម៉ាឌូរ៉ូ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ហើយ​បាន និយាយ​ថា ​ពួក​គេ​ ​«កំពុង​ប្រុង​ជើង​ការ​» ​ដើម្បី​ទប់ទល់​ការ​រំលោភ​បំពាន​នៅ​​​តាម​ព្រំដែន ​បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ពី​​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ដែល​បាន​ជំរុញ​ឲ្យ​ពួក​គេ គាំទ្រ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​លោក Juan​ Guaido ​នោះ​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ Vladimir ​Padrino ​បាន​ថ្លែង​ថា​៖ ​«កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នៅ​តែ​ដាក់​ពង្រាយ​កង​ទ័ព​និង​កំពុង​​ប្រុង​ជើង​ការ​នៅ​តាម​បណ្តោយ​ព្រំដែន​ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​បូរណភាព​ដែន​ដី​»​ ដោយ​បាន​អាន​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​នៅ​ក្បែរ​ក្រុម​មេ​បញ្ជាការ​កំពូល​ៗ​ជា​ច្រើន​រូប​នោះ​។

លោក រដ្ឋមន្ត្រីកា​រពារជាតិ Vladimir Padrino (កណ្តាល) ធ្វើ​កា​យវិការ​ខណៈកំពុង​​ថ្លែង។AFP

លោក​បាន​បន្ថែម​ថា​៖ «​យើង​បាន​បញ្ជាក់​ពី​ការ​គោរព ​ការ​ស្តាប់​បង្គាប់ និង​​ភាព​​ស្មោះ​ត្រង់»​ ចំពោះ​លោក ​ម៉ាឌូរ៉ូ ជា​ថ្មី​ម្តង​ទៀត​។

លោក ​ម៉ាឌូរ៉ូ ​មាន​វ័យ ​៥៦ ​ឆ្នាំ​ បាន​ប្រឈម​នឹង​ការ​អំពាវនាវ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​​ការ​ខ្វះខាត​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​នោះ​។

មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ បាន​បន្ត​ការ​គាំទ្រ​ជា​សាធារណៈ​របស់​ខ្លួន​ ចំពោះ​លោក ​ម៉ាឌូរ៉ូ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មនុស្ស​សំខាន់​ជួយ​ឲ្យ​លោក ​ម៉ាឌូរ៉ូ​ បន្ត​កាន់​អំណាច​នេះ ត​ទៅ​ទៀត​។

លោក​ Guaido ​ប្រធាន​​សភា​វ៉េណេស៊ុយអេឡា​ បាន​ប្រកាស​ខ្លួន​ឯង​ថា ​ជា​ប្រធានាធិបតី​ស្តីទី ​ហើយ​កំពុង​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​​យោធា​ទាំង​អស់​ស្តាប់​បញ្ជា​របស់​​លោក​។

លោក​បាន​បង្ហោះ​នៅ​លើ​​គេហ​ទំព័រ​ធ្វីធើរ​ជា​បន្ត​បន្ទាប់ ​ដោយ​អំពាវនាវ​ហៅ​ឈ្មោះ​​មេ​ដឹកនាំ​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​ចំៗ​ ​ដែល​កំពុង​ការពារ​នៅ​តាម​ព្រំដែន​ឲ្យ​បោះបង់​ចោល​លោក ​ម៉ាឌូរ៉ូ ​ដែល​តំណែង​របស់​លោក​ត្រូវ​បាន​ គេ​ចាត់​ទុក​​ថា ​ខុស​ច្បាប់​ជុំ​វិញ​ជម្លោះ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ ថ្មី​របស់​មេ​ដឹកនាំ​សង្គម​និយម​រូប​នេះ​ កាល​ពី​ឆ្នាំ ​២០១៨​។

លោក ​Juan Guaido​ ត្រូវ​បាន​គាំទ្រ​ដោយ​អាមេរិក​ និង​ទទួល​ស្គាល់​ដោយ​ប្រទេស​ប្រហែល ៥០ ផ្សេង​ទៀត​​​។

អាមេរិក​បាន​បញ្ជូន​ជំនួ​មក​ ប៉ុន្តែ​យោធា​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ៕ AFP/SK​