មន្ត្រីសុខាភិបាលនៅប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ អៀរឡង់ ហូឡង់ ស៊ុយអែត ដាណឺម៉ាក ជប៉ុន លីបង់ អូស្ត្រាលី និងកាណាដាប្រកាសថា ពួកគេបានរកឃើញករណីឆ្លងវ៉ារ្យ៉ង់វីរុសកូវីដ ១៩ ថ្មី ដែលមានគ្រោះថ្នាក់ងាយនឹងឆ្លងជាងធម្មតាក្នុងប្រទេសរបស់ពួកគេ។ ករណីឆ្លងភាគច្រើន គឺទាក់ទងទៅនឹងអ្នកធ្វើដំណើរពីចក្រភពអង់គ្លេស ដែលជាកន្លែងរកឃើញវ៉ារ្យ៉ង់នេះដំបូង។
អ្នកវិទ្យាសាស្ត្រអង់គ្លេសបានសន្និដ្ឋានថា វ៉ារ្យ៉ង់នេះ មានសមត្ថភាពចម្លងខ្ពស់ជាងវ៉ារ្យ៉ង់ផ្សេងទៀតប្រមាណ ៥៦% តែមិនមានភ័ស្តុតាងបញ្ជាក់ថា អាចបង្កការស្លាប់ច្រើនជាងវ៉ារ្យ៉ង់ផ្សេងទៀតទេ។ ការចម្លងដ៏លឿននៃវ៉ារ្យ៉ង់នេះ បានធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសដាក់ការបង្ខាំងមិនឱ្យចេញចូលនៅតំបន់អង់គ្លេសខាងត្បូងហើយ ធ្វើឱ្យប្រទេសជាច្រើនបិទការធ្វើដំណើរជាមួយអង់គ្លេស។
ជប៉ុន គឺជាប្រទេសដំបូងគេដែលបានរកឃើញការឆ្លងវ៉ារ្យ៉ង់ថ្មីនៅក្រៅអង់គ្លេសដោយកាលពីថ្ងៃសុក្រ ទី ២៥ ធ្នូ បានរកឃើញករណីទី១ ហើយមកដល់ពេលនេះរកឃើញចំនួន ៧ ករណី ដែលបុគ្គលឆ្លងទាំងនេះបានធ្វើដំណើរទៅកាន់អង់គ្លេស ឬបានប៉ះពាល់ជាមួយអ្នកដែលបានធ្វើដំណើរទៅកាន់អង់គ្លេស។
ការរកឃើញទាំងនេះបានធ្វើឱ្យជប៉ុនបិទព្រំដែនរបស់ខ្លួនចំពោះការចូលថ្មីទាំងអស់ដោយជនបរទេសមិនមានសិទ្ធិរស់នៅ។ ពលរដ្ឋជប៉ុន និងជនបរទេសមានសិទ្ធិរស់នៅអាចត្រឡប់មកវិញ តែត្រូវបង្ហាញថា បានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង មុនធ្វើដំណើរហើយត្រូវធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃបន្ទាប់ពីមកដល់។
នៅថ្ងៃសុក្រដដែល ក្រសួងសុខាភិបាលបារាំងក៏បានប្រកាសថា រកឃើញករណីឆ្លងដំបូងរបស់ពួកគេ។មន្ត្រីបារាំងបាននិយាយថា អ្នកជំងឺគឺជាពលរដ្ឋបារាំងដែលរស់នៅក្នុងប្រទេសអង់គ្លេស ដែលបានធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុង Tours នៅកណ្ដាលប្រទេសបារាំង កាលពីថ្ងៃទី ១៩ ខែធ្នូ ១ ថ្ងៃមុនពេលរដ្ឋាភិបាលអង់គ្លេសបានដាក់ការបង្ខាំងមិនឱ្យចេញចូលបន្ទាប់ការលេចចេញវ៉ារ្យ៉ង់នេះ។
នៅអេស្ប៉ាញ មន្ត្រីសុខាភិបាលបានរកឃើញករណីឆ្លងវ៉ារ្យ៉ង់នេះ ដំបូងនៅរដ្ឋធានីម៉ា្រឌីដកាលពីថ្ងៃសៅរ៍ទី ២៦ ធ្នូ ដោយមកដល់ពេលនេះរកឃើញករណីឆ្លងចំនួន ៤ និងករណីសង្ស័យចំនួន ៣ នៅតំបន់រដ្ឋធានីដដែល។ ករណីឆ្លងចំនួន ២ គឺជាជនធ្វើដំណើរពីអង់គ្លេស ហើយករណីផ្សេងទៀត គឺជាសាច់ញាតិរបស់អ្នកធ្វើដំណើរ។
មន្ត្រីសុខាភិបាលនៅខេត្ត Ontario ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរកឃើញករណីឆ្លងវីរុសវ៉ារ្យ៉ង់ថ្មីចំនួន ២ នៅក្នុងខេត្តនេះ។ អ្នកជំងឺទាំង ២ នាក់គឺជាប្ដីប្រពន្ធរស់នៅជិតទីក្រុង Toronto។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ប្ដីប្រពន្ធនេះគឺមិនមានប្រវត្តិនៃការធ្វើដំណើរ ឬការមានប៉ះពាល់ និងទំនាក់ទំនងដែលមានហានិភ័យខ្ពស់នោះទេ។
សហរដ្ឋអាមេរិក គឺមិនទាន់រកឃើញថា មានការនាំចូលវ៉ារ្យ៉ង់ថ្មីនេះទេ តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) អាមេរិកបានតម្រូវឱ្យអ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេសត្រូវតែបង្ហាញថា បានលទ្ធផលតេស្តវីរុសអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនការធ្វើដំណើរ។
ព្រឹត្តិការណ៍ទាំងនេះ បានកើតឡើង ខណៈពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបបានចាប់ផ្ដើមការចាក់វ៉ាក់សាំងកូវីដ ១៩ ផលិតដោយក្រុមហ៊ុនអាមេរិក Pfizer ជាមួយដៃគូអាល្លឺម៉ង់ BioNTech។ កាលពីថ្ងៃសៅរ៍ទី ២៦ ធ្នូ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមចាក់វ៉ាក់សាំង ខ្នាតធំជូនបុគ្គលិកសុខាភិបាលជួរមុខ ១ ថ្ងៃមុនផែនការចាក់របស់ប្រទេសផ្សេង ទៀតនៃសហភាពអឺរ៉ុប។ រីឯអាល្លឺម៉ង់នៅថ្ងៃដដែលបានចាក់វ៉ាក់សាំងជូនបុគ្គលរស់នៅមជ្ឈមណ្ឌលថែទាំ និងជនចាស់ជរា។ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ គឺបានទទួលការដឹកជញ្ជូនវ៉ាក់សាំងរបស់ពួកគេរួចជាស្រេចហើយកំពុងរៀបធ្វើការចាក់។
យ៉ាងណាមិញជាធម្មតាវីរុសតែងតែមានការផ្លាស់ប្ដូរចេញវ៉ារ្យ៉ង់ថ្មី ហើយមកដល់ពេលនេះ វ៉ារ្យ៉ង់របស់វីរុសកូរ៉ូណាភាគច្រើន គឺមិនមានភាពខុសគ្នាច្រើនទេ។ ប៉ុន្តែវ៉ារ្យ៉ង់ដែលរកឃើញនៅអង់គ្លេស គឺមានការផ្លាស់ប្តូរចំនួន ២៣ ដែលការផ្លាស់ប្ដូរភាគច្រើនគឺបង្កឱ្យបង្កើនសមត្ថភាពចម្លងខ្ពស់។
អ្នកជំនាញផ្នែកវ៉ាក់សាំងបានបង្ហាញការជឿជាក់ថា វ៉ាក់សាំងដែលមានសព្វថ្ងៃ គឺអាចបង្ការនឹងវ៉ារ្យ៉ង់ថ្មី តែត្រូវការសាកល្បងជាក់ស្ដែងទើបដឹងច្បាស់។ វ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភមួយចំនួនផ្សេងទៀតត្រូវបានគេរកឃើញផងដែរ ដែលរួមមាន ១ នៅអាហ្វ្រិកខាងត្បូង និង ១ ទៀតនៅនីហ្សេរីយ៉ា៕