ក្រុង​អ៊ីស្លាម៉ាបាដៈ​ រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន ​លោក​ Shah Mehmood Qureshi ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​អះអាង​ថា ​រដ្ឋាភិបាល​របស់​លោក ​បាន​ព័ត៌មាន​​គួរ​ឲ្យ​ជឿជាក់​ថា ​ប្រទេស ​ឥណ្ឌា ​កំពុង​រៀបចំ​​​ផែនការ​ឈ្លាន​ពាន​ប្រឆាំង​ប៉ាគីស្ថាន​នៅ​ចន្លោះ​​ថ្ងៃ​ទី ​១៦​ និង​ថ្ងៃ​ទី ​២០​ ខែ មេសា​​។​

ទំនាក់​ទំនង​រវាង​ប្រទេស​ក្បែរ​ខាង​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នេះ ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ ​នៅ​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាល​ពី​ខែ​កុម្ភៈ​ បាន​បណ្តាល​ឲ្យ​បុគ្គលិក​សន្តិសុខ​ឥណ្ឌា ​៤០ ​នាក់​ស្លាប់ ​និង​ក្រោយ​មក​ត្រូវ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ក្រុម​ មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន​។​

ប៉ាគីស្ថាន​បាន​បដិសេធ​ថា មិនមាន​ការ​ជាប់​ទាក់ទង​ណា​មួយ​នៅ​ក្នុង​កា​រវាយ​ប្រហារ ទាំង​នោះ​ឡើយ ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី ​Imran Khan​ បាន​ផ្តល់​សហ​ប្រតិបត្តិការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត ​ប្រសិន​បើ​មាន​ភ័ស្តុតាង​គួរ​ឲ្យ​ជឿជាក់​ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ប្រទេស ​ឥណ្ឌា ​មែន​នោះ​។​

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្រុង​ម៉ាល់តាន​ភាគ​ខាង​ត្បូង ​លោក​ Qureshi​ បាន​ថ្លែង​ថា ​ក្រុម​ឯកអគ្គ​រដ្ឋទូត​នៃ​សមាជិក​អចិន្រៃ្តយ៍​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ​ ត្រូវ​បាន​ជូន​ដំណឹង​អំពី ​«​ផែនការ​» ​នោះ​បាន​រយៈពេល ២ ​ថ្ងៃ​ហើយ​។​

លោក​ Qureshi​ បាន​ថ្លែង​ថា​៖ «​យើង​មាន​​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ថា ​ប្រទេស ​ឥណ្ឌា​​បាន​រៀបចំ​ផែនការ​ថ្មី​ហើយ​ផែនការ​នោះ កំពុង ដំណើរការ​​​ និង​មាន​ឱកាស​ជា​ច្រើន​​​ដើម្បី​ឈ្លានពាន​ផ្សេង​ទៀត​ប្រឆាំង​ប៉ាគីស្ថាន ​ហើយ​យោង​​តាម​ព័ត៌មាន​របស់​ពួក​យើង​អំពី​សកម្មភាព​នេះ ​អាច​ធ្វើ​ឡើង​នៅ​រវាង​ថ្ងៃ​ទី ​១៦​ និង​ទី ​២០ ​ខែ​មេសា​នេះ​»​។​

លោក ​បាន​ថ្លែង​ទៀត​ថា​៖ «ខ្ញុំ​កំពុង​និយាយ​អំពី​ព័ត៌មាន​​ដោយ​មាន​ការ​​​ទទួល​ខុស​ត្រូវ ​ហើយ​ខ្ញុំ​មាន​ជំហរ​​​ទទួល​ខុស​ត្រូវ​ ​ខ្ញុំ​ដឹង​រាល់​ពាក្យ​សម្តី​​ខ្ញុំ​បាន​និយាយ​នោះ​នឹង​ត្រូវ​បាន​គេ​ ចុះ​ផ្សាយ​នៅ​ខាង​មុខ​ទំព័រ​កាសែត​អន្តរជាតិ​» ​ដោយ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ជុំវិញ​ការ​អះអាង​របស់​លោក​នោះ​។​

លោក​បាន​បន្ត​​ថ្លែង​ថា ​ការ​ឈ្លាន​ពាន​ដែល​បាន​រៀបចំ​ផែនការ​ទុក​ជា​មុន​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ដាក់​សម្ពាធ​ការ​ទូត​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​ប៉ាគីស្ថាន​»​។​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មាន​​វាយ​ប្រហារ​​នៅ​តំបន់​កាស្មៀរ​ ក្រុង​ញូវដែលី​ ដែល​ចោទ​ប្រកាន់​ក្រុង​អ៊ីស្លាម៉ាបាដ​ពី​បទ​ផ្តល់​ជម្រក​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​​ដែល​វាយ​ប្រហារ​ទៅ​លើ​ទឹក​ដី​​របស់​ខ្លួន​បាន​ទាមទារ​ឲ្យ​មាន​វិធានការ​ជាក់​ស្តែង៕ AFP