កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​៨ ​ខែ​វិច្ឆិកា ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក​ Teodoro Locsin Jr​ បាន​បញ្ជា​ទៅ​បេសកជន​របស់​ខ្លួន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន​ជនជាតិ​ចិន ​ដើម្បី​បំពេញ​អាសនៈ​មួយ​ក្នុង​ចំណោម​អាសនៈ ​៥ ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) ​ដែល​នឹង​ផុត​អាណត្តិ​នៅ​ឆ្នាំ​ក្រោយ។

លោក Locsin​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ​Twitter​ ដែល​ក្រោយ​មក​លោក​បាន​លុប​ចោល​ថា៖ «អ្នក​ត្រូវ​បាន​បញ្ជា​ឱ្យ​ប្រើប្រាស់​សំឡេង​របស់​ហ្វីលីពីន ដើម្បី​បោះឆ្នោត​គាំទ្រ​បេក្ខជន​ជនជាតិ​ចិន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ។​ នោះ​គឺ​ជា​បទបញ្ជា​ច្បាស់លាស់​តែ ​១ ​គត់​របស់​អ្នក»។

១ ថ្ងៃ​ក្រោយ​មក ​លោក​បាន​បង្ហោះ​សារ​ថ្មី​មួយ​ថា៖ «ឥឡូវ​នេះ​អ្នក​មាន​បេក្ខជន ៣ ​សម្រាប់​បោះឆ្នោត​ជូន៖​ ចិន​ ជប៉ុន​ និង​អាល្លឺម៉ង់ ​ជា​អំណាច​ធំៗ​។ ឈប់​ត្រឹម​ហ្នឹង រហូត​ដល់​មាន​ការ​បញ្ជា​បន្ថែម ​ហើយ​ត្រូវ​ចងចាំ​ថា​ មិន​ត្រូវ​ធ្វើ​អំពើ​ដោះដូរ​ទេ។ ​យើង​មិន​ធ្វើ​ការ​ដោះដូរ​ក្នុង​រឿង​សំខាន់​នោះ​ទេ​»។

បេក្ខជន ៤ ​រូប ​ក្នុង​ចំណោម ​៨ រូប​ដែល​ត្រូវ​បាន​ស្នើ​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​បំពេញ​អាសនៈ​ទាំង ៥ ​នេះ ​គឺ​បាន​កាន់​តំណែង​ជា​​ចៅក្រម​ ICJ ​ស្រាប់​តែ​ត្រូវ​ផុត​អាណត្តិ ៩ ​ឆ្នាំ​របស់​ពួក​គេ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ​២០២១។​ ក្នុង​​ចំណោម​ចៅក្រម​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​បន្ត​អាណត្តិ​ ចៅក្រម​សញ្ជាតិ​ចិន ​គឺ​​លោកស្រី ​Xue ​Hanqin ដែល​បាន​ចូល​កាន់​តំណែង​នៅ​ឆ្នាំ ​២០១០​ និង​បាន​តែងតាំង​ជា​អនុប្រធាន ​ICJ ​នៅ​ឆ្នាំ ២០១៨។

តុលាការ​យុត្តិធម៌​អន្តរជាតិ​មាន​ចៅក្រម​សរុប ១៥ ​រូប​ ដែល​ត្រូវ​បោះឆ្នោត​តែងតាំង​ដោយ ​«សំឡេង​ភាគ​ច្រើន​ដាច់​ខាត ​ឬ ​Absolute Majority» ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ​(UNGA) ​និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC)។ ប្រទេស​ជា​សមាជិក​នៃ​តុលាការ​អាជ្ញា​កណ្ដាល​អចិន្រៃ្តយ៍ ​(PCA) ទាំង ១៧២ ​គឺ​ជា​អ្នក​ស្នើ​ឱ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​(Nominate) ​តាមរយៈ​ចៅក្រម​ ៤​ រូប ​ដែល​តំណាង​ប្រទេស​នីមួយៗ​។ ការ​បោះឆ្នោត​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​ និង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី ​១១​ ខែ​វិច្ឆិកា ​នេះ​។

គួរ​ជម្រាប​ជូន​ថា ​ក្រុង​ប៉េកាំង ​និង​ក្រុង​ម៉ានីល​មាន​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ កាល​ពី​ឆ្នាំ ២០១៣ ប្រទេស​ហ្វីលីពីន ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អចិន្រៃ្តយ៍ ​ដើម្បី​ប្រឆាំង​នឹង​ការ​កាន់​កាប់​ដែន​ទឹក​តាម «ខ្សែ​បន្ទាត់​ប្រាំ​បួន​ត្រេ» ​របស់​ចិន​ ហើយ​បាន​ទទួល​ជ័យជម្នះ​នៅ​ឆ្នាំ ​២០១៦។ តែ​ក្រោយ​ពី​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ Rodrigo Duterte ​បាន​ឡើង​កាន់​អំណាច​រដ្ឋាភិបាល​ហ្វីលីពីន ​គឺ​ហាក់​ដូច​ជា​កំពុង​ខំ​ប្រឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន។

ចំពោះ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​របស់​អង្គការ​សហប្រជាជាតិ ​ដែល​មាន​តួនាទី​ដោះស្រាយ​ទំនាស់​រវាង​ប្រទេស​ជុំវិញ​ពិភព​លោក ដែល​ទាក់ទង​ទៅ​នឹង​ច្បាប់​អន្តរជាតិ ​រី​ឯ​តុលាការ​អាជ្ញា​កណ្ដាល​អចិន្រៃ្តយ៍​វិញ ​គឺ​ជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ដែល​ចេញ​ពី​កិច្ច​ព្រមព្រៀង ​ឬ​សន្ធិសញ្ញា​រវាង​ប្រទេស​ជា​សមាជិក អង្គការ​អន្តរជាតិ​ ​ឬ​ភាគី​ឯកជន​។​ តុលាការ​ទាំង ២ ​នេះ ​មាន​ទីស្នាក់ការ​នៅ​វិមាន​សន្តិភាព​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​៕