កាល​ពី​ថ្ងៃ​ពុធ ទី ២៤ មីនា​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Anthony Blinken និយាយ​ថា ចិន​គំរាមកំហែង​សន្តិសុខ​អង្គការ​ណាតូ (NATO) ហើយ​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​ទាំង​នេះ​ធ្វើ​ការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង។

លោក ​Blinken បាន​និយាយ​ក្នុង​សុន្ទរកថា​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ NATO ក្នុង​ទីក្រុង​ប្រ៊ុចសែល​ថា៖ «អាកប្បកិរិយា​បង្ខិតបង្ខំ​របស់​ក្រុង​ប៉េកាំង​គំរាមកំហែង​ដល់​សន្តិសុខ និង​វិបុលភាព​រួម​របស់​យើង ហើយ​វា​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​កាត់​ផ្តាច់​ច្បាប់​នៃ​ប្រព័ន្ធ​អន្តរជាតិ និង​គុណ​តម្លៃ​ដែល​យើង និង​សម្ព័នមិត្ត​របស់​យើង​ចែក​រំលែក»។

បើទោះ​ជា​លោក Blinken បាន​បញ្ជាក់​ថា នៅ​តែ​មាន​ចន្លោះ ​ដើម្បី​សហការ​ជាមួយ​ប្រទេស​ចិន ​លើ​បញ្ហា​ប្រឈម​រួម ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​សុខភាព​ហើយ​អាមេរិក​នឹងមិន​បង្ខំ​ឱ្យ​សម្ព័ន្ធមិត្ត​ធ្វើ​ជម្រើស «ពួក​យើង ឬ​ពួកគេ» ទេ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ NATO ឈរ​ជាមួយ​គ្នា​នៅពេល​ដែល​ក្រុង​ប៉េកាំង ​ធ្វើ​ការ​បង្ខិតបង្ខំ​សមាជិក​មួយ​នៃ​សម្ព័ន្ធភាព​នេះ។

លោក Blinken បាន​និយាយ​ថា៖ «យើង​ដឹង​ហើយ​ថា សម្ព័ន្ធមិត្ត​របស់​យើង​មាន​ទំនាក់ទំនង​ស្មុគស្មាញ​ជាមួយ​ប្រទេស​ចិន ដែល​តែងតែ​មិន​ស្របគ្នា​ជាមួយ​ប្រទេស​យើង​ទេ។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ទាំង​នេះ​ជាមួយ​គ្នា។ នោះ​មាន​ន័យថា ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង ​ដើម្បី​បិទ​គម្លាត​ក្នុង​វិស័យ ដូចជា​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ក្រុង​ប៉េកាំង​កំពុង​កេង​ចំណេញ ដើម្បី​ដាក់​សម្ពាធ​បង្ខិតបង្ខំ»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖ «​នៅ​ពេល​ដែល​សមាជិក​យើង​មួយ​ត្រូវ​បាន​គេ​បង្ខិតបង្ខំ យើង​គួរ​តែ​ឆ្លើយ​តប​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ហើយ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​យើង ដោយ​ធានាថា សេដ្ឋកិច្ច​របស់​យើង​មាន​សមាហរណកម្ម​ជាមួយ​គ្នា»។

លោក Blinken បាន​និយាយ​ថា លោក​ចង់​ធ្វើ​ការ​ជាមួយ​ដៃគូ​របស់​អាមេរិក​លើ «វិធី​ដើម្បី​ជំរុញ​ផលប្រយោជន៍​សេដ្ឋកិច្ច​រួម​គ្នា​របស់​យើង និង​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​អរិយ​ភាព និង​បង្ខិតបង្ខំ​មួយ​ចំនួន​របស់​ចិន ក៏ដូចជា​ការ​បរាជ័យ​របស់​ខ្លួន​ពួក​គេ​ក្នុង​ការ​គោរព​ការ​ប្ដេជ្ញា​ចិត្ត​អន្តរជាតិ»។

អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg ក៏​បាន​និយាយ​ថា សម្ព័ន្ធភាព​យោធា​មិន «ចាត់​ទុក​ប្រទេស​ចិន ​ជា​សត្រូវ​ទេ ប៉ុន្តែ​ជាការ​ពិត​ការ​កើន​ឡើង​របស់​ចិន​មាន​ផលវិបាក​ដោយ​ផ្ទាល់​ចំពោះ​សន្តិសុខ​របស់​យើង»។ លោក​ក៏​បាន​កត់​សម្គាល់​ថា ប្រទេស​ចិន ​កំពុង​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ឧបករណ៍​យោធា ដោយ​រួមទាំង​មីស៊ីល​ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​បរមាណូ។

លោក Stolenberg បាន​បន្ត​ទៀត​ថា៖ «ចិន គឺ​ជា​ប្រទេស​មួយ​ដែល​មិន​ចែក​រំលែក​តម្លៃ​របស់​យើង​ទេ។ យើង​ឃើញ​នៅ​ក្នុង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ហុងកុង ពី​របៀប​ដែល​ពួក​គេ​បង្ក្រាប​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ និង​វិធី​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​តាម​ច្បាប់​អន្តរជាតិ»។

កាល​ពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​សហភាព​អឺរ៉ុប អង់គ្លេស និង​កាណាដា បាន​ដាក់​វិធានការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​ការ​ធ្វើដំណើរ​ទៅ​លើ​ក្រុម​មន្ត្រី​ចិន​មួយ​ចំនួន​នៅ​ស៊ីនជាំង (Xinjiang) ជុំវិញ​បញ្ហា​រំលោភ​សិទ្ធមនុស្ស​ក្នុង​តំបន់​នោះ។ ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​គោលដៅ​អឺរ៉ុប​ចំនួន ១០ ដែល​រួមមាន​សមាជិកសភា​អឺរ៉ុប​បញ្ញវន្ត និង​ស្ថាប័ន​អឺរ៉ុប​ចំនួន ។ ក្រុង​ប៉េកាំង​បាន​និយាយ​ថា បុគ្គល​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ចិន និង «បាន​ផ្សព្វផ្សាយ​ការ​កុហក និង​ព័ត៌មាន​មិន​ពិត»។

រដ្ឋាភិបាល​លោក​ខាង​លិច​ទាំង​នេះ គឺ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឃុំខ្លួន​ជនជាតិ​មូស្លីម អ៊ុយហ្គ័រ​នៅ​ស៊ីនជាំង។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ យ៉ាង​ហោចណាស់​ជនជាតិ​អ៊ុយហ្គ័រ ១ លាន​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ជំរំ​អប់រំ​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​មាន​ការ​លេច​ឡើង​ការ​ចោទ​ប្រកាន់​ប្រទេស​ចិន ​ថា បាន​ប្រើ​ទារុណកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ និង​កំពុង​បំបាត់​សមត្ថភាព​បន្ត​ពូជ​របស់​ជនជាតិ​នេះ។

កាណាដា និង​អាមេរិក​បាន​ចាត់​ទុក​សកម្មភាព​របស់​ចិន​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​ថា​ ជា​អំពើ​ប្រល័យ​ពូជសាសន៍។ ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​និយាយ​ថា ជំរំ​ខាង​លើ​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនជាតិ​ភាគ​តិច និង​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម និង​ភាព​ជ្រុល​និយម៕