រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​សម្រេច​ចិត្ត​នៅ​នាទី​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ ទី ០២ ខែ​កញ្ញា ដោយ​លុប​ចោល​ផែនការ​ដំណើរ​ទស្សនកិច្ច​ទៅ​ម៉ុងហ្គោលី​ និង​កូរ៉េខាង​ត្បូង។​ ការ​លុប​ចោល​ទស្សនកិច្ច​ធ្វើ​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មន្ត្រី​សេតវិមាន​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ ១៩។

យ៉ាង​ណា​ក៏​ដោយ ​ថ្វី​ដ្បិត​លុប​ចោល​ទស្សនកិច្ច​ទៅ​ម៉ុងហ្គោលី​ និង​កូរ៉េខាងត្បូង​ តែ​លោក​ Pompeo មិន​បាន​លុប​ចោល​ទស្សនកិច្ច​ទៅ​ក្រុង​តូក្យូ​ឡើយ។ កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៦ តុលា​ លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​នៃ​វេទិកា​យុទ្ធសាស្ត្រ Quad ​ជាមួយ​ប្រទេស​ជប៉ុន ​ឥណ្ឌា​ និង​អូស្ត្រាលី។ ​អ្នក​ការ​ទូត​ជាន់​ខ្ពស់​រូប​នេះ បាន​យក​ឱកាស​នៃ​ការ​ប្រជុំ ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ចិន ​ហើយ​បាន​អំពាវនាវ​ឱ្យ​សមាជិក​ទាំង ៤ សហការ​គ្នា​ដើម្បី​ប្រឆាំង​អំពើ «កេង​ប្រវ័ញ្ច​ពុក​រលួយ ​និង​បង្ខិតបង្ខំ» ​របស់​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​សមុទ្រ​ចិន​ខាង​កើត ​ទន្លេ​មេគង្គ​ជួរ​ភ្នំ​ហិមាល័យ​ និង​ច្រក​សមុទ្រ​តៃវ៉ាន់។

ពាក់ព័ន្ធ​នឹង​ការ​លុបចោល​ទស្សនកិច្ច​ទៅ​ម៉ុងហ្គោលី​ និង​កូរ៉េខាងត្បូង​វិញ​ អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា​ លោក ​Pompeo បាន​ធ្វើ​ឱ្យ​ខកខាន​ឱកាស​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​នៅ​ម៉ុងហ្គោលី​ និង​កូរ៉េ​ខាង​ត្បូង។

ជាក់​ស្តែង​នៅ​ប្រទេស​ម៉ុងហ្គោលី ​ឥរិយាបថ​ប្រឆាំង​ចិន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​ក្រោយ​ពី​ចិន​ចាប់​ផ្ដើម​បំបាត់​ការ​អប់រំ​ជា​ភាសា​ម៉ុងហ្គោល​នៅ​ក្នុង​ប្រទេស​ចិន គ្រា​ដែល​តំបន់​ម៉ុងហ្គោល​ខាង​ក្នុង​ គឺ​ជា​តំបន់​ស្វយ័ត​មួយ​ក្នុង​ដែនដី​ចិន ​និង​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនជាតិ​ម៉ុងហ្គោល។

កាល​ពី​ដើម​ខែ​មុន​រដ្ឋាភិបាល​ចិន​បាន​ចាប់​ផ្ដើម​កែប្រែ ការ​អប់រំ​ក្នុង​តំបន់​នេះ​ ឱ្យ​ឈប់​ប្រើ​ភាសា​ម៉ុងហ្គោល​ទៅ​ប្រើ​ភាសា​ចិន​វិញ។​ សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ប្រទេស​ម៉ុងហ្គោលី ​ប្រតិកម្ម និង​បាន​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​របស់​ពួក​គេ​ឱ្យ​ចាត់​វិធានការ​តប​ត​វិញ​។

ប្រតិកម្ម​របស់​ប្រជាជន​ម៉ុងហ្គោលី​ក៏​បាន​ស្តែង​ចេញ​ផង​ដែរ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi កាល​ពី​ខែ​មុន។ គ្រាន់​តែ​លោក​ទៅ​ដល់​រដ្ឋធានី​អ៊ូឡង់បាទ័រ នៃ​ប្រទេស​ម៉ុងហ្គោលី​ ក្រុម​បាតុករ​បាន​ស្វាគមន៍​លោក​ដោយ​សម្រែក​ថា៖ «Wang Yi ចេញ​ឱ្យ​ឆ្ងាយ​»។

ទស្សនាវដ្ដី The Diplomat បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​មាន​ឱកាស​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​ម៉ុងហ្គោល​តាមរយៈ​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​គាប​សង្កត់​ជនជាតិ​ម៉ុងហ្គោលី​នៅ​ក្នុង​ប្រទេស​ចិន ​ជា​សារ​មួយ​បន្ទរ​ដោយ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក David Stilwel ដោយ​លោក​បាន​និយាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី «ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ម៉ុងហ្គោលី​»។

រីឯ​នៅ​ឧបទ្វីប​កូរ៉េ​វិញ ​កូរ៉េ​ខាង​ជើង​នឹង​ប្រារព្ធ​ខួប​លើក​ទី​៧៥ ​នៃ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន​នៅ​ថ្ងៃទី ១០ ​ខែ​តុលា ​ខាង​មុខ​នេះ​។ ​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​យោធា​ថ្មីៗ។ វត្តមាន​របស់​លោក​ Pompeo ​នៅ​ទីក្រុង​សេអ៊ូល​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ខួប​នេះ​ អាច​នឹង​បង្ហាញ​ភាព​រឹងមាំ​នៃ​សាមគ្គីភាព​រវាង​អាមេរិក​ និង​ប្រទេស​កូរ៉េខាងត្បូង។

យ៉ាង​ណា​មិញ​ ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo ​ទៅ​កាន់​ប្រទេស​ម៉ុងហ្គោលី​ និង​កូរ៉េខាង​ត្បូង​ ត្រូវ​បាន​រើ​កាល​វិភាគ​ទៅ​ចុង​ខែ​នេះ​វិញ។

ជា​ការ​កត់​សម្គាល់​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​វិធី​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ពង្រឹង​ឥរិយាបថ​ប្រឆាំង​ចិន​ក្នុង​តំបន់​អាស៊ីបូព៌ា ​ដោយ​ប្រព្រឹត្ត​ទៅ ​១ ​ខែ​ក្រោយ ​លោក Wang Yi ធ្វើ​ទស្សនកិច្ច​ទៅ​រុស្ស៊ី​ កាហ្សាក់ស្ថាន​ កៀហ្ស៊ីស៊ីស្ថាន​ និង​ម៉ុងហ្គោលី។

លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ​ចុង​ខែ​នេះ ​ហើយ​ត្រូវ​គេ​គិត​ថា​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក Yoshihide Suga។

ភាគី​ទាំង ២​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​បញ្ជាក់​ជា​ថ្មី​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ទំនាក់ទំនង​ទ្វេភាគី​ និង​ពិភាក្សា​អំពី​ប្រធានបទ​​ដូច​ជា​កោះ​សេនកាគូ​ និង​ច្បាប់​សន្តិសុខ​ថ្មី​របស់​ហុងកុង។

ជាមួយ​គ្នា​នេះ​លោក Wang Yi​ ក៏​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ម៉ាឡេស៊ី ​ឡាវ ​និង​ថៃ​ ពី​ថ្ងៃទី ១១​ ដល់ ១៥​ ខែ​តុលា។

គួរ​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​របស់​មហា​អំណាច​ទាំង ​២ នេះ ​គឺ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ភាព​តានតឹង​បាន​កើន​ឡើង​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា​ កូវីដ ​១៩ ពាណិជ្ជកម្ម នយោបាយ​ជា​ដើម​៕